
លោកប្រធានាធិបតី JovenelMoise (ស្តាំ) ចាប់ដៃមួយលោក Luis Almagro។ AFP
អាជ្ញាធររដ្ឋាភិបាលប្រទេសហៃទី បានឱ្យដឹងថា ពួកគេបានរារាំងការប៉ុនប៉ងផ្តួលរំលំប្រធានាធិបតី លោក JovenelMoise ដែលកំពុងប្រឈមនឹងការខឹងសម្បាពីសំណាក់មេដឹកនាំគណបក្សប្រឆាំង និងសាធារណជនហៃទី ខណៈអាណត្តិប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់ក្នុងពេលឆាប់។
ដំណើរដើមទង ដែលបង្កឱ្យមានការតវ៉ាប្រឆាំងនេះ គឺដោយសារក្រុមអ្នកប្រឆាំងតវ៉ា ចោទប្រកាន់លោក Moise ថាបានរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេស ដោយមិនបានរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២០ និងកាន់អំណាចដោយក្រឹត្យ។
ចំណែកឯមេដឹកនាំគណបក្សប្រឆាំងអ្នកគាំទ្រ និងប្រជាពលរដ្ឋសាមញ្ញ ដែលធុញទ្រាន់នឹងសភាពការណ៍បច្ចុប្បន្ន បានធ្វើដំណើរតាមដងផ្លូវស្ទើរតែរាល់ថ្ងៃក្នុងរយៈពេល ១ សប្តាហ៍កន្លងមក ដើម្បីសម្ដែងពីការមិនពេញចិត្តរបស់ពួកគេ និងទាមទារឱ្យលោក Moise ចុះចេញពីតំណែងដោយអះអាងថា លោកចប់តំណែងនៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រោយពីកាន់អំណាចកាលពីឆ្នាំ ២០១៧ មក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Rockefeller Vincent បាននិយាយថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានចាប់ខ្លួនមនុស្សចំនួន ២៣ នាក់ ដែលក្នុងនោះរួមមានទាំងចៅក្រមតុលាការកំពូល និងមន្ត្រីប៉ូលិសជាន់ខ្ពស់ថែមទៀតផង។
ប្រធានាធីបតីហៃទី លោក Moise បាននិយាយថា៖ «ខ្ញុំសូមអរគុណប្រធានសន្តិសុខនៅវិមានរដ្ឋាភិបាល។ គោលដៅរបស់ប្រជាជនទាំងនេះ គឺប៉ុនប៉ងចង់យកជីវិតរបស់ខ្ញុំ។ ប៉ុន្តែជាការល្អណាស់ដែលផែនការនោះ ត្រូវបានបញ្ឈប់ទាន់»។
នៅថ្ងៃកើតហេតុបន្តិចនេះ លោក Moise មិនបានអើពើចំពោះការរិះគន់ពីក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្សដែលនាំគ្នាថា តំណែងប្រធានាធិបតីរបស់លោកនឹងផុតកំណត់នៅថ្ងៃអាទិត្យ (ថ្ងៃដដែលគេប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ)។
ដោយឡែកលោក Moise ដែលបានកាន់អំណាចអស់រយៈពេលប៉ុន្មានឆ្នាំមកនេះក៏បានអះអាងថា អាណត្តិរបស់លោក គឺចប់នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ដោយលើកហេតុផលថា រដ្ឋាភិបាលបណ្តោះអាសន្នបានកាន់អំណាចអស់រយៈពេល ១ ឆ្នាំដំបូងនៃអាណត្តិ ៥ ឆ្នាំ របស់លោកហើយ និងសំអាងលើរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ប៉ុន្តែក្រុមប្រឆាំងនៅតែមិនព្រមទទួលស្គាល់ការអះអាងនេះដដែល។
លោកបានសរសេរសេចក្ដីថ្លែងការណ៍តាមបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអាទិត្យថា៖ «រយៈពេល ១២ ខែបន្ទាប់ទៀតនឹងត្រូវផ្តោតលើការធ្វើកំណែទម្រង់លើវិស័យថាមពលឡើងវិញ ដោយធ្វើប្រជាមតិ និងរៀបចំការបោះឆ្នោតផងដែរ»។
កាលពីថ្ងៃសុក្រកន្លងទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានលើកឡើងពីបញ្ហាប្រទេសហៃទី ដោយបង្ហាញការគាំទ្រលោក Moise ផងដែរ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់សារព័ត៌មាន VOA ថា៖ «បើយោងតាមជំហររបស់អង្គការរបស់រដ្ឋអាមេរិក (OAS) ស្តីពីភាពចាំបាច់ក្នុងការបន្តការផ្ទេរអំណាចនៃអំណាចនីតិប្រតិបតិ្តប្រធានាធិបតីដែលត្រូវឡើងកាន់តំណែងថ្មី គួរតែទទួលឆ្នោតឈ្នះលើលោក Moise នៅពេលអាណត្តិរបស់លោកត្រូវបញ្ចប់នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២២»។
នៅថ្ងៃសុក្រដដែលនេះ អង្គការសហប្រជាជាតិក៏បានគាំទ្រជំហរអាមេរិកផងដែរ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់ VOA ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងតាមដានយ៉ាងដិតដល់ទាក់ទិននឹងការវិវឌ្ឍនៃស្ថានភាពប្រទេសហៃទី និងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធជាច្រើនចូលរួមក្នុងកិច្ចស្វះស្វែងរកកិច្ចព្រមព្រៀងលើមាគ៌ាណាមួយ ដើម្បីឆ្ពោះទៅរកការធានាឱ្យមានភាពសេរីយុត្តិធម៌ និងដំណើរការបោះឆ្នោតដោយសន្តិវិធីនៅប៉ុន្មានខែខាងមុខនេះ»។
ផ្ទុយទៅវិញគណបក្សប្រឆាំងលោក Moise បានប្តេជ្ញាថា នឹងមិនចូលរួមក្នុងដំណើរការបោះឆ្នោតនេះទេ ដោយពួកគេយល់ឃើញថា ការបោះឆ្នោតនេះមិនស្របច្បាប់ និងបានបង្កើតផែនការផ្លាស់ប្តូរផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ ផែនការនោះគឺថា ក្រោយពេលលោក Moise ចាកចេញពីតំណែងហើយ អ្នកដែលស្នងបន្តត្រូវជ្រើសរើសពីក្នុងចំណោមចៅក្រមតុលាការកំពូល និងមានគណៈកម្មការមួយដែលមានសមាជិក ៧ រូប នៃក្រុមប្រឆាំងជាអ្នកជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រី។
ថ្លែងពីក្រុមអ្នកតវ៉ាកាលពីថ្ងៃអាទិត្យវិញ ដែលប្រមូលគ្នាស្នើឱ្យលោក Moise ចុះចេញពីតំណែងបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងរដ្ឋធានីនៃវិមាន Port-au-Prince កាលពីរសៀលថ្ងៃអាទិត្យ។ ប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាទាំងនោះ និងចាប់ខ្លួនមនុស្សមួយចំនួនផងដែរ។
យ៉ាងណាមិញអ្នកជំនាញច្បាប់កំពូលបានបដិសេធការឃុំខ្លួនរបស់ចៅក្រមតុលាការកំពូលក្នុងព្រឹត្តិការណ៍នេះផងដែរ។ លោក Wilner Morin ប្រធានសមាគមជាតិហៃទីបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Ayibo-post ថា ការចាប់ខ្លួននេះ គឺជា «ការចាប់ខ្លួនខុសច្បាប់»។
អ្នកសារព័ត៌មាន AlJazeera ដែលរាយការណ៍ពីទីក្រុងម៉ិកស៊ីកូ បាននិយាយថា «ស្ថានភាពហាក់ដូចជានៅមានសភាពតានតឹងនៅឡើយក្នុងប្រទេសហៃទី ខណៈមេដឹកនាំប្រឆាំងកំពុងស្នើសុំឱ្យមានការដោះលែងអ្នកទោសទាំង ២៣ នាក់ រួមទាំងចៅក្រមតុលាការកំពូលផងនោះ។ ហើយក្រុមគណបក្សប្រឆាំងនៅតែប្រកាសថា ខ្លួននឹងធ្វើបាតុកម្មបន្ថែមទៀតប្រឆាំងនឹងប្រធានាធិបតី និងប្តេជ្ញាបន្តដាក់សម្ពាធលើរដ្ឋាភិបាលដដែល។
អស់រយៈពេលជាច្រើនឆ្នាំហើយដែលប្រទេសហៃទី ស៊ូទ្រាំនឹងភាពអត់ឃ្លាន ភាពក្រីក្រ និងកង្វះចរន្តអគ្គិសនីប្រចាំថ្ងៃប្រជាជនហៃទី បាននិយាយថា ប្រទេសរបស់ពួកគេដែលក្រីក្របំផុតនៅអឌ្ឍគោលខាងលិចពោល គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតដែលពួកគេបានឃើញ ខណៈរដ្ឋាភិបាលមិនអាចផ្តល់សេវាកម្មមូលដ្ឋានដែលចាំបាច់បំផុតដល់ពួកគេ។
យ៉ាងណាមិញមានមនុស្សជាច្រើនបារម្ភថា ភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ន នឹងធ្វើឱ្យស្ថានភាពលំបាកលំបិន និងអភិបាលកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅ៕