ក្រុង​វ៉ា​ស៊ីន​តោនៈ​ ខណៈ​លោក ​ប្រធានាធិបតី​អាមេរិក ​ដូ​ណាល់ ត្រាំ ​មិន​បាន​​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​របស់​ប្រទេស ​កូរ៉េ​ខាង​ជើង ​ថា​នឹង​ព្យួរ​ការ​ចរចា​ និង​បន្ត​សកម្មភាព​បង្ក​ហេតុ​នោះ​ ក្រុម​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​បាន​រិះគន់​​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ជុំវិញ​វិធានការ​នេះ ឥត​បាន​ការ​ទេ ​ដោយ​បាន​ហៅ​ថា​ជា ​«​ការ​រំលោភ​សេចក្តី​ទុក​ចិត្ត»។

នៅ​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​​​មួយ​ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​​​កាល​ពី​ថ្ងៃ​អាទិត្យ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ចន​ បូលតុន​ ​បាន​ថ្លែង​ថា៖​ «ជា​អកុសល​ណាស់​ ប្រជាជន​កូរ៉េ​ខាង​ជើង​ មិន​មាន​ឆន្ទៈ​ចង់​ធ្វើ​អ្វី ​ដែល​ពួក​គេ​ចង់​ធ្វើ​នោះ​ទេ​ ដោយ​បាន​និយាយ​យោង​ដល់​ជំនួប​នៅ​ក្នុង​ក្រុង​​ហាណូយ​នៃ​ប្រទេស ​វៀតណាម ​រវាង ​លោក ​ដូ​ណាល់ ត្រាំ និង​​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ​ជុងអ៊ុន​។​

លោក​ បាន​ពិពណ៌នា​សេចក្តី​ថ្លែង​ការណ៍​ថ្មី​បំផុត​របស់​ក្រុង​ព្យុងយ៉ាង​ថា ​គ្មាន​ផល​ប្រយោជន៍​ទាល់​តែ​សោះ។

កាល​ពី​ថ្ងៃ​សុក្រ ​លោក​ស្រី​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ Choe Son-hui បាន​ប្រកាស​ថា ​របប​របស់​លោកស្រី ​នឹង​បញ្ចប់​ការ​ចរចា​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ ហើយ​បែរ​ទៅ​រក​ការ​តេស្ត​សាកល្បង​មីស៊ីល​ និង​នុយក្លេអ៊ែរ​វិញ​ ប្រសិន​បើ​អាមេរិក ​នៅ​តែ​​ប្រកាន់​ខ្ជាប់​នូវ​ការ​ទាមទារ​ដែល​មិន​អាច​ទទួល​បាន​អស់​ទាំង​នោះ​។

កូរ៉េ​ខាង​ជើង ​ចង់​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ខ្លះ​នៅ​ក្នុង​ចំណោម​ទណ្ឌកម្ម​សំខាន់ៗ​ទៅ​លើ​ខ្លួន​ជា​ថ្នូរ​នឹង​កា​ររុះរើ​ទីតាំង​​បាញ់​តេស្ត​សាកល្បង​មីស៊ីល​ខ្លះ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង។ ​ប៉ុន្តែ​លោក​ ត្រាំ បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​លុប​បំបាត់​នុយក្លេអ៊ែរ​ជាក់​ស្តែង​ថែម​ទៀត​នៅ​ក្នុង​ជំនួប​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​។

លោក បូល​តុន​ បាន​ថ្លែង​ថា ​ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ វិល​ត្រឡប់​ទៅ​រក​ទង្វើ​បង្ក​ហេតុ​វិញ​នោះ មិនមែន​ជា​គំនិត​ល្អ​នៅ​ខាង​ភាគី​របស់​គេ​ឡើយ​។ ​

លោក​បាន​ថ្លែង​ថា ​លោក​ ត្រាំ ​ចង់​ឃើញ​ការ​គំរាម​កំហែង​នោះ ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ការ​ចរចា៕ Yonhap