លោកប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune កាលពីថ្ងៃអង្គារ បានព្រមានក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ Hirak ជុំវិញសកម្មភាពមានបំណងមិនល្អ ខណៈអាជ្ញាធរនិយាយថា ចលនានេះ កំពុងត្រូវបានគេគ្រប់គ្រងនៅមុនការបោះឆ្នោត។
លោក Tebboune បានព្រមានប្រឆាំងនឹងសកម្មភាពមានបំណងមិនល្អ ដែលបានព្យាយាមបង្កការរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ក្រោយពីជំនួបនៃក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់ប្រទេសនេះ។
លោកប្រធានាធិបតីបានអំពាវនាវឱ្យមានការបោះឆ្នោតនៅថ្ងៃទី ១២ មិថុនា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ច សង្គម ប៉ុន្តែក្រុមអ្នកគាំទ្រចលនា Hirak បានប្រកាសការបោះឆ្នោតនោះថា ជាការក្លែងបន្លំ។
ចលនាតវ៉ា Hirak បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២២ ខែ កុម្ភៈឆ្នាំ ២០១៩ ក្នុងគោលបំណងបដិសេធកិច្ចប្រឹងប្រែងរបស់អតីតប្រធានាធិបតី Abdelaziz Bouteflika ដើម្បីកាន់តំណែងអាណត្តិទី៥ របស់លោក។
បុរសខ្លាំងដែលកំពុងឈឺរូបនេះ ត្រូវបានបង្ខំឱ្យចុះចេញេពីតំណែងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក ប៉ុន្តែចលនា Hirak នេះបានបន្តធ្វើបាតុកម្ម ដោយបានទាមទារឱ្យកែប្រែប្រព័ន្ធគ្រប់គ្រងមួយ ដែលមានតាំងពីប្រទេសអាល់ហ្សេរី ទទួលបានឯករាជ្យពីបារាំងនៅក្នុងឆ្នាំ ១៩៦២ និងទាមទារឱ្យកាត់ទោសមនុស្សដែលជាប់ទាក់ទិននឹងអំពើពុករលួយ។
ចាប់តាំងពីខួបនៃចលនាតវ៉ានៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ មនុស្សរាប់ពាន់នាក់ បានបន្តផ្គើននឹងបម្រាមទៅលើការជួបជុំ ដោយសារជំងឺរាតត្បាតកូវីដ ១៩ និងបានចុះទៅតាមដងផ្លូវនានា ដើម្បីធ្វើការតវ៉ារៀងរាល់សប្តាហ៍ ដែលត្រូវបានពន្យារពេលជិត ១ ឆ្នាំពីព្រោះតែវិបត្តិសុខភាព។
អាជ្ញាធរនិយាយថា ចលនា Hirak កំពុងត្រូវបានជ្រៀតចូលដោយក្រុមសកម្មជនអ៊ិស្លាមនិយម ដែលកំពុងទាញចលនានេះឱ្យក្លាយទៅជាអំពើហិង្សា។
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា កងសន្តិសុខអាល់ហ្សេរីកាលពីថ្ងៃអង្គារបានតាមដានទង្វើវិទ្ធង្សនា និងចលនាខុសច្បាប់នានាអាចឈានទៅរកអំពើភេរវកម្មដែលទាញយកផលប្រយោជន៍ពីការហែក្បួនប្រចាំសប្តាហ៍របស់ចលនា Hirak។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងអំពីការហាមប្រាមចលនា ដើម្បីស្វ័យភាពនៃតំបន់ Kabylie (MAK) ជាតំបន់ជ្រួលច្របល់ជាយូរយារមកហើយនៅភាគឦសាន និងចលនា Rachad ជំរុញទឹកចិត្តអ៊ិស្លាមអភិរក្សនិយម ជាគណបក្សមួយដែលមិនមានមូលដ្ឋានស្របច្បាប់នៅក្នុងប្រទេសអាល់ហ្សេរី។
កាលពីថ្ងៃអង្គារ ក្រុមអ្នកគាំទ្រ Hirak បានហែក្បួននៅក្នុងរដ្ឋធានីអាល់ហ្សេនៅក្នុងបាតុកម្មប្រចាំសប្តាហ៍ ដឹកនាំដោយនិស្សិតដែលបានប្រព្រឹត្តទៅដោយសន្តិវិធី។
ក្រុមអ្នកតវ៉ាបានស្រែកបន្ទរទាមទារឱ្យដោះលែងអ្នកដែលជាប់ឃុំឃាំង និងបានគ្រវីបដាមានរូបថតអ្នកគាំទ្រនៃចលនាមិនមានមេដឹកនាំ និងគ្មានរចនាសម្ព័ន្ធនយោបាយនោះ។
អ្នកដែលត្រូវឃុំខ្លួននៃចលនា Hirak បានរាប់បញ្ចូលមនុស្ស ២៤ នាក់ ដែលត្រូវបានដាក់គុកកាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ពីបទបំផ្លាញសន្តិសុខជាតិ ក្រោយពីត្រូវបានចាប់ខ្លួននៅក្នុងអំឡុងការហែក្បួនចលនា Hirak នៅក្នុងទីក្រុងអាល់ហ្សេ។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់គណៈកម្មាធិការជាតិ ដើម្បីរំដោះអ្នកជាប់ឃុំឃាំង (CNLD)៕