ក្រុង​គីតូ៖ ​ប្រធានាធិបតី​អេក្វាទ័រ​លោក​ លីនីន​ ម៉ូរីណូ​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​ទីក្រុង​គីតូ​ និង​តំបន់​ដែល​នៅ​ជុំវិញ ​ឲ្យ​ស្ថិត​នៅ​ក្រោម​បម្រាម​គោចរ​ ​និង​ការ​គ្រប់គ្រង​របស់​យោធា​ ខណៈ​ការ​តវ៉ា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​កាល​ពី​​​ថ្ងៃទី ​១១ ​ប្រឆាំង​វិធានការ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​​ ​មិន​ឲ្យ​ធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​។​

លោក​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ ការ​ចេញ​​បញ្ជា​នេះ ​​នឹង ​«ជួយ​សម្រួល​ឲ្យ​ការងារ​របស់​កងកម្លាំង​សាធារណៈ​ប្រឆាំង​ការ​ផ្ទុះ​ហិង្សា​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ជា​ដាច់​ខាត​» ​ខណៈ​ផ្សែង​​ខ្មៅ​ក្រាស់​ឃ្មឹក​ បាន​ហុយ​ទ្រលោម​នៅ​ពាស​ពេញ​ទីក្រុង​មួយ​នេះ​។​

លោក ​ម៉ូរីណូ​ បាន​ថ្លែង​សុន្ទរកថា ​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ជាតិ​មួយ​ អម​ដោយ​អនុ​ប្រធានាធិបតី​លោក​ Otto ​Sonnenholzner ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Oswaldo Jarrin ​ថា​៖ «​ខ្ញុំ​បាន​រៀបចំ​ឲ្យ​ទី​បញ្ជា​ការ​រួម​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ ចាត់​វិធានការ​ធ្វើ​ប្រតិបត្តិការ​ចាំបាច់ ​និង​ជា​បន្ទាន់​មួយ​​»​។​

ការ​រឹត​ត្បិត​នៅ​ក្នុង​ទីក្រុង​គីតូ​ ជា​ទីក្រុង​មួយ​ដែល​មាន​ប្រជាជន​ចំនួន ​២,៧ ​លាន​នាក់​ បាន​ដាក់​ប្រទេស​មួយ​នេះ​ ឲ្យ​ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន​កម្រិត​ខ្ពស់​ ដែល​លោក ​ម៉ូរីណូ ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី ​៣ ​ខែ ​តុលា​ ដោយ​បាន​ដាក់​ពង្រាយ​យោធា​ និង​ប៉ូលិស​ប្រហែល ​៧៥ ០០០ នាក់​ ​ហើយ​បាន​ដាក់​បម្រាម​គោចរ​ នៅ​ពេល​យប់​ នៅ​ក្នុង​សង្កាត់​ដែល​នៅ​ក្បែរ​​អគារ​រដ្ឋាភិបាល​មួយ​ចំនួន​។​

អំពើ​ហិង្សា​បាន​បន្ត​នៅ​ក្នុង​ក្រុង​គីតូ​កាល​ពី​ថ្ងៃ​សៅរ៍​ ទោះបី​ជា​ក្រុម​ចលនា​ជនជាតិ​ដើម ដែល​បាន​ដឹកនាំ​តវ៉ា​ជុំវិញ​ការ​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​នោះ​បាន​ឈប់​ទៅ​វិញ​ ហើយ​បាន​ថ្លែង​ថា​ ខ្លួន​ទទួល​យក​សំណើ ដើម្បី​ពិភាក្សា​ផ្ទាល់​ជាមួយ​លោក​ ម៉ូរីណូ​​៕ AFP/SK