កាលពី​ថ្ងៃអាទិត្យ ទី ២៥ មេសា ប្រធានាធិបតី​អាល់បានី​បាន​ចោទប្រកាន់​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ថា បាន​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត។

ប្រធានាធិបតី​ប្រទេស​អាល់បានី​លោក Ilir Meta បាន​អះអាងថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Yuri Kim កំពុង​គាំទ្រ​នាយករដ្ឋមន្ត្រី​ដែល​កំពុងកាន់​អំណាច​គឺ លោក Edi Rama។ លោក Meta បាន​ជំរុញ​ឱ្យ​លោកស្រី Kim ឈប់​គាំទ្រ​លោក Rama ដែល​កំពុង​រំលោភ​លើ​ការបោះឆ្នោត។ ក្រោយមក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​រិះគន់​ការលើកឡើង​របស់​លោក Meta ថា​ជា​ការមិនអាច​ទទួល​យក​បាន។

លោក Ilir Meta បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ទៅលើ​លោក Edi Rama ដែលជា​គូប្រជែង​នយោបាយ​របស់លោក ហើយ​លោក​បាន​ចោទ​លោក Rama ពីបទ​ព្យាយាម​លួច​សន្លឹកឆ្នោត​សភា។ ប៉ុន្តែ​លោក Meta មិនមាន​អំណះអំណាង​ជាក់លាក់​ណាមួយ​មក​គាំទ្រ​ការចោទប្រកាន់​លោក​ឡើយ។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​អាល់បានី​មាន​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ១៤០ នាក់​នៅ​ថ្ងៃទី ២៥ មេសា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គន្លឹះ​ ដើម្បី​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​ទាំង ២៧ ប្រទេស​ឱ្យ​យល់ព្រម​លើ​ការចាប់ផ្តើម​ការចរចា​ ដើម្បី​ទទួល​យក​ប្រទេស​បាល់កង់​ជា​សមាជិក៕