ក្រុង​ម៉ូស្គូៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី បាន​ឲ្យ​ដឹងថា លោក​ប្រធានា​ធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​ថ្លែង​ថា លោក​បាន ថ្លែង​យ៉ាង​ខ្លី​ថា លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មេដឹកនាំ​អាមេរិក​លោក ដូណាល់​ត្រាំ​នៅ​ឯ​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប ១០០ ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ១ នៅ​ក្រុង​ប៉ារីស។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​រាយការណ៍​ថា នៅពេល​ក្រុម​អ្នកកាសែត សួរ​លោក​ពូទីន​ថា តើ​លោក ព្យាយាម​និយាយ​ទៅ​កាន់​លោក​ត្រាំ​មែន​ឬ? លោក​ក៏បាន​ឆ្លើយ​ថា «Yes»។ លោក មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ប៉ុន្តែ​ការិយាល័យ​ប្រធានា​ធិបតី​បារាំង​បាន​ឲ្យ​ដឹង​ថា លោក​ទាំង ២ បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យូរ​នៅ​ក្នុង​អំឡុង​ពិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់ ក្រោយ​ពី​ប្រារព្ធ​ពិធី​រួច។

ម្ចាស់ផ្ទះ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយ អែល​ម៉ា​ក្រុង នៅ​ទីនោះ និង​អធិការបតី​អាល្លឺម៉ង់​លោក​ស្រី អេនជេឡា​មឺរកែល បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ដោះ​ដូរ​យោបល់​គ្នា​នោះ​ដែរ។

ប្រធានបទ​ជាច្រើន ដែល​ត្រូវបាន​ពិភាក្សា​នោះ មាន​ស្ថានការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា​ជា​ពិសេស​នៅ​ស៊ីរី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និង​កូរ៉េខាងជើង។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​ថ្លែងថា លោក ដូណា​ល់ ត្រាំ បាន​អង្គុយ​ជាមួយ​ក្រុម​មេ​ដឹកនាំ​ពិភពលោក​ក្នុង​នោះ​មាន​លោក​វ្ល៉ាំឌី​មៀរ ពូ​ទីន លោក ម៉ាក្រុង និង​លោកស្រី មឺរកែល ហើយ​ក្រុម​មេដឹកនាំ​ទាំង​នោះ​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​គ្នា​បាន​ល្អ និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា។

លោកស្រី បាន​ថ្លែង​ទៀតថា៖ «មេដឹកនាំ​ពិភពលោក បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​នៅ​ក្នុង​នោះ​មាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) បញ្ហា​ស៊ីរី ពាណិជ្ជកម្ម​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ទណ្ឌកម្ម អាហ្វហ្គានីស្ថាន ចិន និង​កូរ៉េខាងជើង៕