ក្រុង​បាងកកៈ ​ប្រមុខ​កង​ទ័ព​ថៃ​លោក​ ឧត្តម​សេនីយ៍​ Apirat Kongsompong ​បាន​ព្រមាន​ក្រុម​​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​អ្វី​មួយ​ជ្រុល​ពេក​ ឬ​មិន​អាច​ទទួល​យក​បាន​ ខណៈ​​ពួក​គេ​គ្រោង​ធ្វើ​ការ​រៀបចំ​ជួប​ជុំ​គ្នា​​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ទូទៅ​មួយ​នោះ​។

ក្រុម​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា «ប្រជាជន​ដែល​ត្រូវ​ការ​ការ​បោះ​ឆ្នោត​» ​កំពុង​ទាមទារ​ថា ​ការ​បោះ​ឆ្នោត​ទូទៅ​មួយ​គួរ​កើត​ឡើង​នៅ​ត្រឹម​ថ្ងៃ​ទី​ ១០ ​ខែ​មីនា ​ដោយ​មាន​និយាយ យោង​ដល់​តម្រូវ​ការ​តាម​រដ្ឋ​ធម្មនុញ្ញ ដែល​ចែង​ថា​ ការ​បោះ​ឆ្នោត​ត្រូវ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ ១៥០ ​ថ្ងៃ​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ដែល​បាន​ ចូល​ជា​ធរមាន​ហើយ​នោះ​។

ពួក​គេ​កំពុង​គំរាម​បង្កើន សម្ពាធ​ដោយ​ធ្វើ​ការ​តវ៉ា​នៅ​វិមាន​លទ្ធិ​ប្រជាធិប​តេយ្យ​ ប្រសិន​បើ​រាជ​ក្រឹត្យ​មួយ​ ដែល​ប្រកាស​ការ​បោះ​ឆ្នោត​នោះ ​មិន​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទេ​នោះ​។ ​

លោក​ឧត្តម​សេនីយ៍​ Apirat ​ជា​អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់​ (NCPO) ​បាន​ថ្លែង​ថា៖​ «អ្នក​បាន​ដាក់​ឱសាន​វាទ​ឲ្យ​អ្នក​ដទៃ​ទៀត​ធ្វើ​តាម​តម្រូវ​ការ​របស់​អ្នក​ ដូច្នេះ​អ្នក​​ក៏​គួរ​តែ​គូស​បន្ទាត់​កំណត់​សកម្មភាព​របស់​អ្នក​ ហើយ​កុំ​ដើរ​រំលង​ខ្សែ​បន្ទាត់​នោះ​»។

លោក​ឧត្តម​សេនីយ៍​ Apirat ​ដែល​ដឹកនាំ​កង​កម្លាំង​រក្សា​សន្តិភាព​​របស់​ NCPO​ បាន​ថ្លែង​ថា​ ខណៈ​​ក្រុម​សកម្មជន​គាំទ្រ​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ​ជួប​ជុំ​ជា​សាធារណៈ​​ពួក​គេ​គួរ​តែ​​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់។

ប្រមុខ​កង​ទ័ព​នោះ​បាន​ថ្លែង​ថា ​លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ការ​ជួប​ជុំ​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អ្នក​​រក​ស៊ី​នៅ​ជុំវិញ​ទីតាំង​ជួប​ជុំ​នោះ​ និង​ប៉ះពាល់​ដល់​ទេសចរណ៍​។ យើង​ចាំ​បាច់​ត្រូវ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ និង​សន្តិភាព​ នៅ​ក្នុង​​អំឡុង​ពេល​ជួប​ជុំ​នោះ៕ BKP/PSA