ក្រុង​ប៉ារីស៖ ​ប្រមុខ​ការ​ទូត​អឺរ៉ុប​ និង​​រដ្ឋមន្ត្រី​ការ​បរទេស​របស់​បារាំង​ អាល្លឺម៉ង់​ និង​ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ស្នើ​សុំ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅ​លីប៊ី ឈប់​ធ្វើ​ប្រតិបត្តិការ​យោធា​ជា​បន្ទាន់ និង​គោរព​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​នេះ​។​

ដោយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​របស់​​តំណាង​ជាន់​ខ្ពស់​អឺរ៉ុប​ ​គឺ​លោក ​ចូសេប ​បូរែលល៍​ និង​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ Jean Yves Le Drian រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​លោក ​ហ៊ីកូ​ ម៉ាស់ស៍​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​ ​លោក ​ឡូវីសហ្គី​ ឌី​ ម៉ៃអូ ​​សេចក្តី​ថ្លែងការណ៍​មួយ​ ស្នើ​ឲ្យ ​«​គ្រប់​ភាគី​លីប៊ី និង​អន្តរជាតិ​​ទាំង​អស់​ ត្រូវ​បញ្ឈប់​​កិច្ច​ប្រតិបត្តិ​ការ​យោធា​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​»​។​

ក្រុម​រដ្ឋមន្ត្រី​អឺរ៉ុប​ទាំង​នោះ​ ក៏​បាន​លើក​ឡើង​ពី​តម្រូវ​ការ​​ចាំបាច់ «ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ចរចា ​៥​+៥​» ដោយ​មាន​ការ​ចូលរួម​ពី​គណៈកម្មការ​យោធា​ចម្រុះ​មួយ ដែល​ជួយ​សម្របសម្រួល​ឲ្យ​មាន​បទឈប់​បាញ់​មួយ​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​​ទីក្រុង​គែរ ​កាល​ពី​ដើម​ខែ​មិថុនា​នេះ​។​

នៅ​ពេល​ជាមួយ​គ្នា​នោះ ​សេចក្តី​ថ្លែងការណ៍​រួម​បាន​ឲ្យ​ដឹង​ថា ​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​អន្តរជាតិ​ត្រូវ​តែ​ដាក់​បញ្ចូល​ «​ការ​ដក​កងកម្លាំង​បរទេស​ទាំង​អស់​ ដូច​ជា​ ទាហាន​ស៊ី​ឈ្នួល​រុស្ស៊ី​ និង​សម្ភារ​យោធា​ ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ ជា​​ការ​បំពាន​ការ​ហាម​ប្រាម​ការ​លក់​ដូរ​​អាវុធ​របស់​អង្គការ​សហប្រជាជាតិ​ ពី​គ្រប់​តំបន់​ទាំង​អស់​នៅ​​ក្នុង​ប្រទេស​លីប៊ី​»​។​

បទ​ឈប់​បាញ់​នៅ​លីប៊ី​ ត្រូវ​បាន​គាំទ្រ​ដោយ​បុរស​ខ្លាំង​លោក ​ហ្គាលីហ្វា​ ហាហ្វតារ​ នឹង​ត្រូវ​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ចន្ទ​​​កន្លង​ទៅ​នេះ​​។​

ប៉ុន្តែ​កងកម្លាំង​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA) លីប៊ី​បាន​ប្រកាស​ថា ​គោល​បំណង​របស់​ពួក​គេ ​ដើម្បី​ដណ្តើម​យក​ក្រុង​ស៊ីទី​ មក​គ្រប់គ្រង​វិញ៕ AFP/SK