កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ៤ មេសា ប្រមុខ​ការពារ​ជាតិ​ហ្វីលីពីន​និយាយ​ថា ចិន​មាន​បំណង​កាន់​កាប់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បន្ថែម​ទៀត។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Delfin Lorenzana បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «វត្តមាន​របស់​កង​ជីវពល​សមុទ្រ​ចិន​នៅ​ក្នុង​តំបន់​នេះ បង្ហាញ​ពី​ចេតនា​របស់​ពួក​គេ​ក្នុង​ការ​កាន់​កាប់​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នៅ​សមុទ្រ​ហ្វីលីពីន​ខាង​លិច»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Reuters។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល បាន​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ​Lorenzana ថា វត្តមាន​នាវា​នេសាទ​ចិន​នៅ​ទីនោះ គឺ​ជា​រឿង​ធម្មតា​ទេ ពេល​ខ្លះ​នាវា​ទាំង​នោះ​ចត​នៅ​ទីនោះ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល។

តុលាការ​អន្ដរជាតិ​បាន​បដិសេធ​ការ​ទាមទារ​របស់​ចិន​នៅ​ឆ្នាំ ២០១៦ ដោយ​ប្រទេស​ចិន ​ទាមទារ ៩០ ភាគរយ ​នៃ​ដែន​សមុទ្រ​ចិន ប៉ុន្តែ​ទីក្រុង​ប៉េកាំង​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេច​នេះ​ទេ ហើយ​បាន​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ ដែល​បំពាក់​ដោយ​រ៉ាដា​កាំជ្រួច​មីស៊ីល​ និង​ផ្ទាំង​ថ្ម​សម្រាប់​យន្តហោះ​ចម្បាំង៕