ក្រុង​ប្រ៊ុច​សែលៈ ​ប្រមុខ​ការពារ​ជាតិ​ស្តីទី​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​ បាន​ចូល​រួម​ជំនួប​អង្គការ ណាតូ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​ ជា​ជំនួប​មួយ​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត​មិន​ប្រាកដ​អំពី​ឋានៈ​បណ្តោះ​អាសន្ន​របស់​លោក ​និង​ក្តី​មន្ទិល​សង្ស័យ​ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​ចៅ​ហ្វាយ​របស់​លោក​ គឺ​លោក​ ដូណាល់​ ត្រាំ​។

អតីត​អ្នក​ប្រតិបត្តិ​ក្រុមហ៊ុន​ Boeing លោក Patrick Shanahan បាន​ចូល​មក​ជំនួស​​តំណែង​មន្ទីរ​បញ្ចកោណ​ក្រោយ​ពី​បម្រើ​ការ​ជា​អនុ​​ហើយ ក៏​​ហក់​ចូល​កាន់​តំណែង​កំពូល​នេះ នៅ​ពេល​អ្នក​មុន​របស់​លោក​ គឺ​លោក ​ជីម ​ម៉ាធីស ​បាន​លាលែង​ពី​តំណែង​ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​ជា​មួយ​លោក ​ត្រាំ​ ជា​យូរ​ណាស់​មក​ហើយ​នោះ​។​

ការ​បង្ហាញ​ខ្លួន​នៅ​មុខ​កា​មេរ៉ា​ជា​លើក​ដំបូង​របស់​លោក​នៅ​ស្នាក់ការ​ណាតូ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ​និង​ការ​ចាប់​ដៃ​ជា​មួយ​​អគ្គលេខា​​សម្ព័ន្ធមិត្ត​លោក​​ Jens Stoltenberg ​បាន​ទាក់​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​ពាក្យ​សម្តី​​គ្រប់​ម៉ាត់​ និង​កាយ​វិការ​របស់​លោក​ត្រូវ​បាន​គេ​​​តាម​ដាន ​និង​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

លោក​ Shanahan ​បាន​ថ្លែង​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​កាប៊ុល​ និង​ក្រុង​បាកដាដ​​​​​ រួម​ទាំង​ក្រុង​ប្រ៊ុចសែល ​២-៣ ​ថ្ងៃ​កន្លង​ទៅ​នេះ​ថា​៖​ ​«​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​​​ ដោយ​ចំណាយ​ពេល​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​និង​ជា​ពិសេស​ការងារ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​​»។

«​រឿង​ក្នុង​ចំណោម​រឿងរ៉ាវ​ជា​ច្រើន​ទៀត​នោះ ​គឺ​យើង​បាន​ជួប​ប្រជុំ​គ្នា​អំពី​អនាគត​របស់​អង្គការ​ណាតូ»៕ AFP/PSA