ក្រុង​ហ្ស៊េរុយ​​ឡិមៈ ​ មេ​បញ្ជាការ​កង​ទ័ព​អុីស្រាអែល​ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​មួយ​ក្រុម​ទៅ​កាន់​ក្រុង​ម៉ូស្គូ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដើម្បី​ជួយ​យោធា​ស្វែង​រក​យន្ត​ហោះ​ ​រុស្ស៊ី ​ត្រូវ​បាន​ស៊ីរី​បាញ់​ទម្លាក់​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អុី​​ស្រា​អែល​។

ប្រធានា​ធិបតី​ស៊ីរី​លោក​ បាសារ-អាល់-អាសា​ បាន​ស្តី​បន្ទោស​អុី​ស្រា​អែល​ ចំពោះ​ឧប្បត្តិ​ហេតុ​នោះ ​ដែល​ជា​ករណី​បាញ់​ច្រឡំ​ដ៏​អាក្រក់​បំផុត​រវាង​ក្រុង ​ម៉ូស្គូ​ និង ​របប​លោក​ចាប់​តាំង​ពី​​កង​ទ័ព​រុស្ស៊ី ​បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​ហែក​ហួរ​ដោយ​សង្រ្គាម​នេះ​ កាល​ពី​ចុង​ឆ្នាំ​ ២០១៥​។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​​ពុធ ​កង​ទ័ព​អុីស្រាអែល​ បាន​និយាយ​ថា​ គណៈ​ប្រតិភូ​​​​ ដែលធ្វើ​ដំណើរ​ទៅ ​រុស្ស៊ី ​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ Amikam Norkin​ នឹង​​​​​បង្ហាញ​របាយ​ការណ៍​នៃ​ស្ថាន​ភាព​ទាក់​ទង​នឹង​ឧប្បត្តិ​ហេតុ​នោះ​។

សេច​ក្តី​ថ្លែង​ការណ៍​នោះ បាន​ឲ្យ​ដឹង​ថា​ របាយ​ការណ៍​នោះ ​ក៏​នឹង​ផ្តល់​ព័ត៌​មាន​ស្តី​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​អុីរ៉ង់ ​ដើម្បី​ផ្ទេរ​អាវុធ​យុទ្ធ​សាស្រ្ត​ទៅឲ្យ​​អង្គការ​ភេរវ​កម្ម​​ហេស​បូឡា​ និង​បង្កើត​វត្ត​មាន​យោធា​អុី​រ៉ង់​នៅ​ក្នុង​ប្រទេស​អុី​រ៉ង់​។

ប្រព័ន្ធ​ការ​ពារ​ផ្លូវ​អាកាស​របស់​ស៊ីរី ​បាន​បាញ់​ទម្លាក់​យន្តហោះ​យោ​ធា​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បណ្តាល​ឲ្យ​ទា​ហាន​១៥​នាក់​ស្លាប់ ​ក្រោយ​ពី​មីស៊ីល​របស់​អុី​ស្រា​អែល​បាន​វាយ​ប្រហារ​តំបន់​​ឆ្នេរ​សមុទ្រ​Latakia។

កាល​ពី​ដើម​ខែ​នេះ ប្រទេ​ស​អុី​ស្រា​អែល បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជាង​២០០​លើក​នៅ​ក្នុង​ទឹកដីប្រទេស​ស៊ីរី​កាល​១៨​ខែ​ កន្លង​ទៅ ​ពោល​គឺ​ប្រឆាំង​គោល​ដៅ​នានា​របស់​អុី​រ៉ង់។​

ក្រោយ​ពី​ឧប្បត្តិ​ហេតុ​កាល​ពី​ថ្ងៃ​ចន្ទ ​យោ​ធា​រុស្ស៊ី ​បាន​ចោទ​ប្រកាន់​ពី​ឡុត​អុីស្រាអែល​ពី​បទ​ប្រើ​​​យន្ត​ហោះ​រុស្ស៊ី ជា​របាំង ​ដោយ​នាំ​ឲ្យ​យន្ត​ហោះ​នោះ​ត្រូវ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ស៊ីរី​បាញ់​ទម្លាក់៕ PSA ​