កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៩​ ខែ​វិច្ឆិកា ប្រមុខ​ប៉ូលិស​ស៊ីលី លោក ​Mario Rozas បាន​លាលែង​ពី​តំណែង ​ក្រោយ​ពី​មន្ត្រី​របស់​លោក​បាន​​បាញ់​សម្លាប់​ក្មេង​ជំទង់ ​២ ​នាក់ ​នៅ​ក្នុង​ហ្វូង​មនុស្ស​តវ៉ា​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី ​Sebastian ​Pinera លាលែង​ពី​តំណែង​។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​បាញ់​ទឹក ​ដើម្បី​រារាំង​ក្រុម​អ្នក​តវ៉ា​ប្រហែល ​៥០០ ​នាក់ ​ដែល​កំពុង​ដើរ​សំដៅ​​ទៅ​កាន់​វិមាន​ប្រធានាធិបតី ​Moneda​។​

ក្រុម​បាតុករ​បាន​បិទ​ច្រក​ផ្លូវ​ធំ​ Alameda ​នៅ​ជិត​វិមាន​ប្រធានាធិបតី​ប្រហែល ​២ ម៉ោង​ ដោយ​ធ្វើ​ឱ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​នោះ ​រង​ផល​ប៉ះពាល់​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។​ ទោះបី​ជា​ការ​ចាប់​ផ្តើម​ដោយ​សន្តិវិធី​ក៏​ដោយ​ ក៏​ការ​តវ៉ា​បាន​ប្រែ​ទៅ​ជា​ហិង្សា​ នៅ​ពេល​ក្រុម​បាតុករ​ជា​ច្រើន​បាន​ដុត​វិហារ ​២ ​នៅ ​Santiago​។​

ការ​តវ៉ា​នេះ​ បាន​កើត​ឡើង ​៣ ​សប្តាហ៍​ បន្ទាប់​ពី​ប្រជាជន​ស៊ីលី​បាន​បោះឆ្នោត​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ ដើម្បី​ទាមទារ​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ ដែល​មាន​ចាប់​តាំង​ពី​របប​ផ្តាច់​ការ​ឆ្នាំ ​១៩៧៣-​១៩៩០ ​របស់​លោក ​Augusto ​Pinochet​។ ​លោក ​Augusto​ Pinochet ​បាន​ស្តីបន្ទោស​ចំពោះ​ភាព​មិន​ស្មើ​គ្នា​ នៃ​ប្រទេស​អាមេរិក​ខាង​ត្បូង​។​ ការ​ធ្វើ​ប្រជាមតិ​នេះ​ គឺ​ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​ បន្ទាប់​ពី​បាតុកម្ម​ជា​ច្រើន​ខែ ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង ​៣០ ​នាក់​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ ​២០១៩​។ ​ការ​ធ្វើ​បាតុកម្ម​នេះ ​ដំបូង​ឡើយ​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​សាធារណៈ ​ប៉ុន្តែ​ភ្លាមៗ​នោះ ​បាន​ក្លាយ​ជា​កំហឹង​យ៉ាង​ខ្លាំង​ ចំពោះ​វិសមភាព​សង្គម​។​

លោក ​Sebastian ​Pinera ​ប្រធានាធិបតី​ប្រទេស​ស៊ីលី ​កាល​ពី​ខែ​តុលា​ ឆ្នាំ ​២០១៩ ​បាន​និយាយ​ថា ​លោក​នឹង​មិន​​​លាលែង​ពី​តំណែង​ទេ​ ទោះបី​ជា​មាន​ការ​​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក៏​ដោយ​។​

ដោយ​ឡែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ប្រទេស​ស៊ីលី ​លោក ​Victor​ Perez​ បាន​លាលែង​ពី​តំណែង​កាល​ពី​ដើម​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ​ បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​ការ​ចោទ​ប្រកាន់​រដ្ឋធម្មនុញ្ញ​ប្រឆាំង​នឹង​រូប​លោក ជុំវិញ​ការ​ដោះស្រាយ​របស់​ប៉ូលិស​ទៅ​លើ​ការ​តវ៉ា​ បន្ទាប់​ពី​ការ​តវ៉ា​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។​

ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ស៊ីលី ​កាល​ពី​ខែ​តុលា​ គឺ​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ប្រទេស​នេះ ​បាន​ផ្លាស់​ប្តូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ១៩៨៩។ ​នៅ​មុន​​​ការ​ធ្វើ​ប្រជាមតិ​ថ្ងៃទី ​២៥ ​ខែ​តុលា ​ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា ​ប្រជាជន​ស៊ីលី​ភាគ​ច្រើន​ចង់​បាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​។ ​អ្នក​បោះឆ្នោត​ស៊ីលី​ នឹង​ទៅ​បោះឆ្នោត​ម្តង​ទៀត​នៅ​ខែ​មេសា ​ឆ្នាំ​ក្រោយ ​ដើម្បី​ជ្រើសរើស​សមាជិក​នៃ​ស្ថាប័ន​ថ្មី​នោះ​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ ​នេះ​ជា​ការ​ពិត​ដែល​ថា​​ ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​ និង​សេដ្ឋកិច្ច​។ ​របាយការណ៍​​បាន​បង្ហាញ​ថា​ តំបន់​ដែល​មាន​ជាង​គេ​បំផុត​ទាំង ​៣ នៃ​ទីក្រុង ​Lo Barnechea ​Las​ Condes​ និង ​Vitacura​ ដែល​អ្នក​បោះឆ្នោត​ភាគ​ច្រើន​ប្រឆាំង​នឹង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​។​

លទ្ធផល​នេះ ​បាន​ពង្រឹង​នូវ​ការ​ពិត ​២ ​ដែល​ប្រទេស​ស៊ីលី​ ជា​សង្គម​មួយ​ ដែល​មិន​ស្មើ​គ្នា​បំផុត​នៅ​អាមេរិកឡាទីន​។ ​ទោះ​យ៉ាង​ណា ​ការ​ធ្វើ​ប្រជាមតិ​រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​ដំណោះ​ស្រាយ​របស់​ស្ថាប័ន ​ដែល​​ដឹកនាំ​ដោយ​មេ​ដឹកនាំ​នយោបាយ​របស់​ប្រទេស​ស៊ីលី​ ដើម្បី​រម្ងាប់​ភាព​វឹកវរ ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​តុលា​ ឆ្នាំ ​២០១៩​។

ទោះបី​ការ​តវ៉ា​ទាំង​នោះ ​បាន​ចាប់​ផ្តើម​ដោយសារ​តែ​ការ​ដំឡើង​តម្លៃ​រថភ្លើង​ក្រោម​ដី​នៅ ​Santiago ​Metro ​ក៏​ដោយ ​ក៏​ការ​តវ៉ា​នេះ ​បាន​ក្លាយ​ជា​ការ​ប្រឆាំង​ដែល​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​ឈាន​ដល់​កម្រិត​មួយ ដែល​អាច​ទទួល​យក​បាន​។​ ការ​តវ៉ា​នេះ​ ជា​ការ​បះបោរ​ស៊ីវិល​ធំ​បំផុត ​និង​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រទេស​ស៊ីលី ​ចាប់​តាំង​ពី​ការ​បញ្ចប់​នៃ​របប​ផ្តាច់​ការ​យោធា​របស់​លោក ​Augusto ​Pinochet​ កាល​ពី​ជាង ​៣ ​ទសវត្សរ៍​មុន​។​

ប្រជាជន​ស៊ីលី​ជា​ច្រើន​ ចង់​បាន​រដ្ឋធម្មនុញ្ញ​ថ្មី​ ទោះបី​ជា​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ​ដូច​ជា​ ការ​រួម​បញ្ចូល​ទាំង​ការ​ស្តារ​អំណាច​របស់​ប្រធានាធិបតី​ ដើម្បី​ដក​មេ​បញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​សមាមាត្រ​ ក៏​មិន​ទទួល​បាន​ការ​យល់ស្រប​ពី​ប្រជាជន​ឡើយ​។​

រដ្ឋ​ធម្មនុញ្ញ​របស់​​​ប្រទេស​ស៊ីលី ​បច្ចុប្បន្ន​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​រក្សា​ស្ថានភាព​ដដែល​មិនមែន​​​ដើម្បី​ដោះស្រាយ​ទំនាស់​សង្គម​ និង​រក​​វិធី​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពី​សង្គម​ស៊ីវិល​ឡើយ​។​ ដូច្នេះ​ការ​ផ្លាស់ប្តូរ​រដ្ឋ​ធម្មនុញ្ញ​នេះ​ បាន​បង្ហាញ​ថា​ មាន​សារប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ស្ថិរភាព​នយោបាយ​ បន្ទាប់​ពី​ការ​ផ្លាស់ប្តូរ​ការ​គ្រប់គ្រង​តាម​ច្បាប់ ​Pinochet ​(ច្បាប់​បង្កើត​ឡើង​ ក្នុង​អំឡុង​លោក​ Augusto ​Pinochet ​កាន់​អំណាច​)។​

អ្នក​រិះគន់​មួយ​ចំនួន​បាន​ចង្អុល​បង្ហាញ​​​ថា ​ដំណើរការ​នេះ ​នឹង​បង្កើត​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​ហើយ​វា​អាច​នឹង​បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ខ្ពស់​របស់​អ្នក​បោះ​ឆ្នោត​។​

កាល​ពី​ជាង​ ៣០ ​ឆ្នាំ​មុន​ប្រទេស​ស៊ីលី​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ការ​ផ្តួល​រំលំ​របប​ផ្តាច់ការ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ ​ដែល​ក្នុង​នោះ​ ពលរដ្ឋ​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​។ ​

ប្រទេស​ស៊ីលី​ អាច​នឹង​បង្កើត​ប្រវត្តិសាស្រ្ត​ម្តង​ទៀត​នៅ​ឆ្នាំ ​២០២១ ​ដោយ​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​ជា​​ជាង​រារាំង​ដល់​ការ​ដោះស្រាយ​ជម្លោះ​សង្គម​ និង​អាច​ទទួល​សម្ពាធ​ពី​សង្គម​ស៊ីវិល​។ ការ​គាំទ្រ​ការ​បោះ​ឆ្នោត​រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ខែ​មុន​បង្ហាញ​ថា​ ពលរដ្ឋ​ស៊ីលី​កំពុង​ប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ ​ដើម្បី​ទាមទារ​សង្គម​ដែល​ពួក​គេ​ចង់​រស់នៅ​៕