ក្រុង​សេអ៊ូល៖ ​ប្រមុខ​មន្ទីរ​បញ្ចកោណ​ លោក​ Mark Esper ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​អាមេរិក​នឹង​រក្សា​ទុក​ទាហាន​​ប្រហែល ​៦០០ ​នាក់​ នៅ​ក្នុង​ប្រទេស ​ស៊ីរី​ ទោះបី​ជា​លោក ​ដូណាល់​ ត្រាំ​ មាន​បំណង​ចង់​បញ្ចប់​ការ​ជាប់​ពាក់ព័ន្ធ​របស់​អាមេរិក​នៅ​ក្នុង​អ្វី​ដែល​លោក​​ប្រធានាធិបតី​ បាន​ហៅ​ថា​ជា ​«សង្គ្រាម​គ្មាន​ទី​បញ្ចប់​» ​នោះ​។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​នៅ​លើ​យន្តហោះ​ ខណៈ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សេអ៊ូល​ ជា​ទី​ដែល​លោក ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​យើង​កំពុង​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស ស៊ីរី​ភាគ​ឦ​សាន​»​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​មាន​កងកម្លាំង​ប្រហែល ​៥០០ ​ទៅ ​៦០០ ​នាក់ នៅ​ទីនោះ​»​។​

ដោយ​បាន​សួរ​​ថា ​តើ​តួលេខ​​​នោះ​ ​រាប់​បញ្ចូល​កងកម្លាំង​ប្រហែល ​២០០ ​នាក់ ​ដែល​បាន​ដាក់​ពង្រាយ​នៅ​​មូលដ្ឋាន​អាល់តាន់ ​នៅ​ជិត​ព្រំដែន​ភាគ​អាគ្នេយ៍​ជាមួយ​ប្រទេស ​ហ៊្សកដានី ​និង​អ៊ីរ៉ាក់ ​លោក ​Esper បាន​ថ្លែងថា​ លោក​កំពុង​និយាយ​សំដៅ​ទៅ​លើ​ប្រទេស ​ស៊ីរី​ភាគ​ឦ​សាន​ ជា​ទី​ដែល​លោក ​ត្រាំ ​បាន​បញ្ជា​ឲ្យ​មន្ទីរ​បញ្ចកោណ​ធានា​ការពារ​​អណ្តូង​ប្រេង​ទី​នោះ​​ ដោយ​អះអាង​ថា​អាច​​មាន​ទាហាន ៦០០ នាក់​នៅ​ស៊ីរី​​៕ AFP/SK