ក្រុង​វ៉ាស៊ីនតោនៈ ប្រមុខ FBI លោក Christopher Wray បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា សហគមន៍​ស៊ើប​អង្កេត របស់​អាមេរិក​ផ្អែក​លើ​ការ​អង្កេត​របស់​ខ្លួន​ថា ប្រទេស​រុស្ស៊ី បាន​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៦ ថ្វីបើ​នៅ​សប្តាហ៍​នេះ លោក​វ្ល៉ាឌីមៀរ ពូទីន បាន​បដិសេធ​នៅ​ចំពោះ​មុខ​ត្រាំ ក្តី។

លោក Wray បាន​ថ្លែង​នៅពេល​គេ​សួរ​អំពី​ការបដិសេធ​របស់​លោក​ពូ​ទីន ចំពោះ​ត្រាំ​នៅឯ​ជំនួប​កំពូល​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​ហែល​ស៊ីន​គី កាល​ពី​ថ្ងៃ​ចន្ទ។ «ការ​វាយ​តម្លៃ​របស់​សហគមន៍​ស៊ើប​អង្កេត មិន​បាន​ផ្លាស់ប្តូរ​ទេ។ ការ​យល់​ឃើញ​របស់​ខ្ញុំ មិន​បាន​ប្រែប្រួល​ទេ​ដែល​ថា រុស្ស៊ី​បាន​ប្រឹង​ប្រែង​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​ចុង​ក្រោយ និង​ថា ខ្លួន​បន្ត​ចូលរួម​នៅ​កិច្ច​ប្រតិបត្តិការ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ រហូត​មក​ទល់​ថ្ងៃ​នេះ។

លោក បាន​បន្ថែមថា ទង្វើ​ទាំង​នោះបាន​មានបំណង​បង្ក​ឲ្យ​មាន​ជម្លោះ និង​ភាពមិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ប្រទេស​នេះ។

កាលពី​ថ្ងៃ​ចន្ទ លោក​ត្រាំ​ទំនងជា​បានទទួល​យក​ការបដិសេធ​របស់​លោកពូ​ទីន នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយ​ពី​ជំនួប​របស់​ពួកគេ​នៅក្នុង​ក្រុង​ហែល​ស៊ីន​គី ដោយ​បាន​បង្ក​ឲ្យ​មាន​កំហឹង​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន និង​សេចក្តី​ថ្លែង​ការណ៍​ជំទាស់​ដ៏​កម្រ​របស់​ប្រមុខ​សហគមន៍​ស៊ើបអង្កេត​អាមេរិក។

កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ​បាន​និយាយថា លោក​ទទួលយក​ទស្សនៈ​របស់​ក្រុម​ចារ​បុរស​អាមេរិក​ថា ក្រុង​ម៉ូស្គូ​ពិត​បាន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​នោះ​មែន៕