បុរីញូវយ៉ក: នៅក្នុងរបាយការណ៍មួយដែល AFP ទទួលបានកាលពីថ្ងៃពុធ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កំពុងធ្វើការអំពាវនាវដល់ក្រុមហេសបូឡាហ៍ (Hezbollah) មិនឲ្យធ្វើសកម្មភាពយោធា នៅខាងក្នុងទឹកដី លីបង់ និងទីកន្លែងផ្សេងទៀតនៅក្នុងតំបន់។
នៅក្នុងរបាយការណ៍មួយបញ្ជូន ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រ លោក Guterres បានឲ្យដឹងថា៖ «ការធានារបស់ក្រុមហេសបូឡាហ៍នូវសមត្ថភាពយោធាដ៏ធំ និង មានលក្ខណៈទំនើបនៅខាងក្រៅការត្រួតត្រារបស់រដ្ឋាភិបាល លីបង់ នៅតែជាបញ្ហាប្រកប ដោយក្តីកង្វល់ខ្លាំង»។
ប្រមុខ UN បានអំពាវនាវសុំឲ្យក្រុមចលនាស៊ីអុីតបញ្ឈប់ «សកម្មភាពយោធាបែបណាមួយ នៅខាងក្នុង ឬ ខាងក្រៅទឹកដីរបស់លីបង់» ឲ្យស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៤។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលលីបង់ ត្រូវតែទប់ស្កាត់ក្រុម ហេសបូឡាហ៍ កុំឲ្យកសាងសមត្ថភាពយោធាប៉ារ៉ា នៅខាងក្រៅរដ្ឋអំណាច»។
របាយការណ៍នោះធ្វើឡើង បន្ទាប់ពីការបោះឆ្នោតនាខែនេះ ដែលបានបង្ហាញឲ្យឃើញក្រុម ហេសបូឡាហ៍ ទទួលបានជ័យជម្នះនៅក្នុងសភា លីបង់ ដោយធ្វើការរិតបន្តឹងឥទ្ធិពលនយោបាយរបស់ចលនាគាំទ្រដោយស៊ីរី។
លោក Guterres បានអំពាវនាវសុំឲ្យក្រុមប្រទេសនៅក្នុងតំបន់ ដែលមានទំនាក់ទំនងជាមួយក្រុម ហេសបូឡាហ៍ ធ្វើការជំរុញឲ្យក្រុមប្រដាប់អាវុធនេះធ្វើការកែប្រែឲ្យក្លាយទៅជាគណបក្សនយោបាយស៊ីវិល តែមួយនិងដាក់អាវុធចុះ។
ដោយត្រូវបានអាមេរិក ចុះក្នុងបញ្ជីស្បែកខ្មៅនោះក្រុមហេសបូឡាហ៍ពេលនេះកំពុងវាយប្រយុទ្ធនៅក្នុងទឹកដីស៊ីរី ក្នុងនាមកងកម្លាំងរដ្ឋាភិបាលនិងនៅក្នុងទឹកដីអុីរ៉ាក់រួមជាមួយក្រុមទាហាន ប៉ារ៉ា ហើយត្រូវបានចោទប្រកាន់ថាគាំទ្រក្រុមឧទ្ទាមហ៊ូធីនៅក្នុងទឹកដីយេម៉ែន។
កិច្ចខិតខំជាអន្តរជាតិក្នុងការទប់ស្កាត់ក្រុមនេះបានបរាជ័យស្ទើរទាំងស្រុងរួមទាំងទណ្ឌកម្មពី អាមេរិក និង អឺរ៉ុប ជាច្រើនជុំនិងសង្គ្រាមអូសបន្លាយរយៈពេលមួយខែជាមួយអុីស្រាអែលក្នុងឆ្នាំ ២០០៦។
ក្រុមប្រឹក្សាសន្តិសុខកំណត់កាលធ្វើការពិភាក្សាគ្នាអំពីរបាយការណ៍នេះ នៅថ្ងៃព្រហស្បតិ៍នេះ៕