ក្រុង​បាងកក៖ ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន-​អូ​ចា​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា​ លោក​មិន​ប្រឆាំង​ជំទាស់​​ការ​​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ទេ​ ទោះបី​ជា​មាន​បញ្ហា​មួយ​ចំនួន​ ត្រូវ​ឆ្លង​កាត់​​ដំណើរការ​​​សវនការ​​សាធារណៈ​ក្តី​។​

ដោយ​ថ្លែង​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ចល័ត​មួយ​ នៅ​ក្នុង​ខេត្ត​កានចាន់​ណាប៊ូរី​ លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ ​ចាន​-អូ​ចា ​បាន​ថ្លែង​ថា​ ច្បាប់​នេះ​ គួរ​ត្រូវ​ទុក​ឲ្យ​សភា​ទទួល​ខុស​ត្រូវ​ចំពោះ​​ដំណើរ​ការ​នេះ​​ ទោះបី​ជា​លោក​បាន​ថ្លែង​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថា​ វា​ជា​ផ្នែក​នៃ​សេចក្តី​ថ្លែង​ការណ៍​ពី​គោល​​នយោបាយ​របស់​រដ្ឋាភិបាល​ក្តី​។​

លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ​ ចាន-អូចា ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «ចូរ​កុំ​យក​ខ្ញុំ ​ឬ​រដ្ឋាភិបាល​ទៅ​ពាក់ព័ន្ធ​ជាមួយ​ឲ្យ​សោះ​។ នេះ​គឺ​ជា​យន្តការ​របស់​សភា ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ធ្វើ​ជាមួយ​ច្បាប់​នេះ​ទេ​ ច្បាប់​នេះ ​ប្រហែល​ជា​កាតព្វ​កិច្ច​របស់​អ្នក​គ្រប់​គ្នា ​ដែល​ត្រូវ​ធ្វើ​ការងារ​​ដើម្បី​​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។​

លោក ប្រាយុធ​ បាន​បន្ថែម​​ថា​ អ្នក​ដែល​កំពុង​​​​ប្រឹងប្រែង​​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ត្រូវ​បាន​រៀបចំ​ដើម្បី​ពន្យល់​ប្រាប់​ហេតុ​ផល​របស់​ពួក​គេ​ទៅ​កាន់​សាធារណជន​ឲ្យ​បាន​ដឹង​។​

គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​ បាន​ធ្វើ​យុទ្ធនា​ការ​យ៉ាង​តឹងរ៉ឹង​ដើម្បី​សរសេរ​ច្បាប់​ឡើង​វិញ​ អំពី​អ្វី​ដែល​ក្រុម​អ្នក​រិះ​គន់ ​បាន​ពិពណ៌នា​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ឲ្យ​មាន​កំហុស​យ៉ាង​ធ្ងន់ធ្ងរ។​

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់​ជា​ច្រើន​ដែល​ត្រូវ​កំណត់​គោល​ដៅ​ដើម្បី​កែប្រែ គឺ​ជា​លក្ខខណ្ឌ​នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​​សមាជិក​​ព្រឹទ្ធសភា​ បាន​ចូលរួម​ជា​មួយ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​ដើម្បី​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី ​១ ​រូប​៕ BKP/SK