ក្រុងបាងកកៈ ក្រោយពី​មាន​ការធានា​ឲ្យ​លោក​ឧត្តមសេនីយ៍ ប្រាយុធ ចានអូចា ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​នោះ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ​(PPRP) ​កំពុង​ប្រឈមមុខ​នឹង​ថា តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​ចំពោះ​នាយករដ្ឋមន្ត្រី​ដែល​កំពុងកាន់​តំណែង​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​។

ឧត្តមសេនីយ៍ ប្រាយុធ នៅ​តែ​ត្រូវបាន​គេ​រារាំង​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​បក្ស ខណៈ​ដែល​លោក​បន្ត​បម្រើ​ការងារ​ជា​ប្រមុខ​រដ្ឋាភិបាល​នោះ​។

កាលពី​សប្តាហ៍​មុន គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​បទបញ្ជា​ជា​ផ្លូវការ​ដើម្បី​គ្រប់គ្រង​អាកប្បកិរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុធ ចាន់អូចា នៅ​អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេងឆ្នោត​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ជម្លោះ​ផលប្រយោជន៍​។

ឧត្តមសេនីយ៍​ ប្រាយុធ ចាន់អូចា កាលពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​លោក​លាលែង​តំណែង​ពី​នាយករដ្ឋមន្ត្រី​ក្រោយពី​លោក​បាន​ឯកភាព​ទទួល​យក​ការតែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​អំពី​ចេតនា​របស់​លោក​ដែល​ចង់​បន្ត​ធ្វើ​ការងារ​ដើម្បី​រៀបចំ​កិច្ចការ​របស់​ប្រទេស​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​។

មេដឹកនាំ​បក្ស​ផាឡាំងប្រាឆារ៉ាត់​លោក Uttama Savanayana បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​គណបក្ស​នេះ​នៅ​តែ​ធ្វើការ​ពិភាក្សា និង​សិក្សា​ទាក់ទង​នឹង​ច្បាប់​នានា​ដើម្បី​ពិនិត្យ​មើល​ថា តើ​ត្រូវ​កំណត់​ទំហំ​លោក​ឧត្តមសេនីយ៍ ប្រាយុធ នឹង​មាន​លទ្ធភាព​ត្រូវ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​របស់​បក្ស​បាន​កម្រិត​ណា​នោះ​»​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​សិក្សា​ច្បាប់​នានា​ឲ្យ​បាន​ច្បាស់​ដើម្បី​ចៀសវាង​ការ​រិះគន់​ថា​គណបក្ស​នេះ​កំពុង​កេងចំណេញ​ផលប្រយោជន៍​ពី​គណបក្ស​នយោបាយ​ដទៃ ហើយ​យើង​ចង់​ឲ្យ​លោក​ ប្រាយុធ ​ចូលរួម​កិច្ចការ​របស់​បក្ស​៕ BKP/SK