បុរីញូវយ៉កៈ យោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែល AFP ទទួលបាន បានឲ្យដឹងថា ប្រេងដែលត្រូវបាននាំចូលពីអ៊ីរ៉ង់ បានបង្កើនប្រាក់ចំណូល ដើម្បីផ្តល់ដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែនប្រឆាំងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត។

ការរកឃើញនេះ ត្រូវបានគេរំពឹងថា នឹងមានបញ្ហាជាច្រើនជុំវិញការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមឧទ្ទាមហ៊ូធីនៅក្នុងសង្គ្រាម ដែលបានរុញច្រានឲ្យយេម៉ែនធ្លាក់ក្នុងមាត់ជ្រោះនៃមហន្តរាយមនុស្សធម៌នោះ។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ ក្រុមអ្នកជំនាញនោះ បានថ្លែងថា ខ្លួនបាន «ផ្តល់អត្តសញ្ញាណក្រុមហ៊ុនមួយចំនួនតូចទាំងនៅខាងក្នុង និងខាងក្រៅប្រទេស យេម៉ែន ដែលបានធ្វើប្រតិបត្តិការដូចក្រុមហ៊ុនមុនៗ» ដោយប្រើប្រាស់ឯកសារក្លែងក្លាយជាច្រើន ដើម្បីបិទបាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

របាយការណ៍នោះ បានបន្ថែមទៀតថា ប្រេងសាំងគឺ «សម្រាប់ប្រាក់ចំណូលរបស់បុគ្គល ដែលបានចុះបញ្ជី» ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

របាយការណ៍ ៨៥ ទំព័រ ដែលត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខនោះ បាននិយាយថា៖ «ប្រាក់ចំណូល បានពីការលក់ប្រេងនោះ ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ក្រុមឧទ្ទាមហ៊ូធី»។

របាយការណ៍នោះ បានបន្ថែមទៀតថា ក្រុមអ្នកជំនាញបានរកឃើញថា «ប្រេងត្រូវបានដឹកជញ្ជូនចេញពីកំពង់ផែជាច្រើននៅអ៊ីរ៉ង់ ស្ថិតនៅក្រោមឯកសារក្លែងក្លាយ» ដើម្បីគេចពីការត្រួតពិនិត្យ»។

នៅក្នុងរបាយការណ៍ពីមុនមួយ ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេកំពុងធ្វើការ ស៊ើបអង្កេតការផ្គត់ផ្គង់ប្រេងជារៀងរាល់ខែ ចេញពីប្រទេស អ៊ីរ៉ង់៕ AFP/SK