បុរី​ញូវយ៉ក៖ ​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​លោក​ ម៉ារទីន ​ហ្គីហ្វហ្វីធស៍​ បាន​ថ្លែង​កាល​ពី​​ថ្ងៃ​សុក្រ​​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ក្នុង​ប្រទេស ​យេម៉ែន​ បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ ដោយ​បាន​ចង្អុល​បង្ហាញ​ដល់​និន្នាការ​នោះ​ថា ​ជា​លទ្ធភាព​​ចាប់​ផ្តើម​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ទូទៅ​មួយ​នៅ​ក្នុង​ប្រទេស​នេះ​។

លោក ​ហ្គីហ្វហ្វីធស៍ ​បាន​ថ្លែង​ថា ​អត្រា​នៃ​កា​រវាយ​ប្រហារ​ផ្លូវ​អាកាស​​បាន​ថយ​ចុះ​ត្រឹម ​៨០ ​ភាគរយ ​នៅ​ក្នុង​រយៈ​ពេល​នោះ​ដែល​លោក​បាន​ថ្លែង​ថា ​ជា​សញ្ញា​ដ៏​មាន​សារៈសំខាន់​ណាស់​ដែល​រឿង​មួយ​​​កំពុង​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស ​យេ​ម៉ែន​។

លោក​បាន​ថ្លែង​ទៅ​កាន់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​តាមរយៈ​ការ​ភ្ជាប់​វីដេអូ​ថា​៖ ​«​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​មាន​រយៈពេល​ ៤៨ ​ម៉ោង​ពេញ​គ្មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​លើក​ដំបូង​ ចាប់​​តាំង​ពី​ជម្លោះ​នេះ​បាន​ចាប់​ផ្តើម​»។​

លោក​បាន​ថ្លែង​ថា៖ ​«​​យើង​បាន​ហៅ​ការ​ថយ​ចុះ​នេះ ​ថា​ជា​ការ​កាត់​បន្ថយ​កម្រិត​នៃ​សង្គ្រាម ​និង​​ប្រហែល​ជា​វិធានការ​មួយ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ទូទៅ​មួយ​ នៅ​ក្នុង​ប្រទេស យេម៉ែន នេះ»។

នៅ​ក្នុង​ក្រុង​រីយ៉ាដ​ រដ្ឋាភិបាល​យេម៉ែន​ និង​ក្រុម​អ្នក​បំបែក​ខ្លួន​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ផ្នែក​នៃ​ប្រទេស​ភាគ​ខាង​ត្បូង​។

កាល​ពី​ថ្ងៃ​ពុធ ​ស្តេច ​សាលម៉ាន ​នៃ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូ​ឌីត​ បាន​ថ្លែង​ថា ​កិច្ច​ព្រមព្រៀង​នោះ​អាច​​​នាំ​ឲ្យ​ឈាន​ដល់​កិច្ច​ការ​ចរចា​សន្តិភាព​ទូលំទូលាយ​ ដែល​មាន​បំណង​បញ្ចប់​ជម្លោះ​នៅ​​យេម៉ែន​៕ AFP/PSA