បុរី​ញូវយ៉ក៖​ អ្នក​សម្របសម្រួល​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​លីបង់​ គឺ​លោក ​ជេន កូប៊ីស​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​លីបង់​ឲ្យ​បាន​ឆាប់​​ ​បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហាស្សាន ឌៀប​ និង​គណៈ​រដ្ឋមន្ត្រី​របស់​លោក​មក​នោះ​។​

ការិយា​ល័យ​របស់​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ​លោក ​ជេន កូប៊ីស​ ដែល​បាន​ពន្យល់​ដោយ​សង្ខេប​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​បញ្ចៀស​ដោយ​​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស​ ដែល​បាន​អូស​បន្លាយ​ពេល​យូរ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​ លោក ​ជេន​ កូប៊ីស​ បាន​ស្នើ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឲ្យ​បាន​ឆាប់​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាជន​លីបង់​ និង​ការ​គាំទ្រ​របស់​ពួក​គេ​ជា​រដ្ឋាភិបាល​មួយ​ដែល​អាច​ដោះស្រាយ​ភ្លាមៗ​ និង​ឧបសគ្គ​ជា​ច្រើន​ កំពុង​ប្រឈម​មុខ​នៅ​ក្នុង​ប្រទេស​ និង​រួម​មាន​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​ពី​មុន​ផង​​។​

លោក ​ជេន​ កូប៊ីន​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​បាន​និយាយ​ថា​៖ «​គឺ​មាន​តម្រូវ​ការ​មនុស្សធម៌​ជា​បន្ទាន់​មួយ​ ដែល​ត្រូវ​ការ​ដោះ​ស្រាយ​ និង​ធ្វើ​កំណែ​ទម្រង់​ជា​ចាំបាច់​ ដែល​ត្រូវ​ការ​យល់ព្រម​ជា​ទូទៅ​ ដោយ​គ្មាន​ការ​ពន្យារពេល​ណា​មួយ​ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាជន​លីបង់​ និង​សហគមន៍​អន្តរជាតិ​ នៅ​ក្នុង​ប្រទេស​លីបង់ ​ឡើង​វិញ​»​។​

រដ្ឋាភិបាល​លីបង់​​បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ​ ស្រប​ពេល​តវ៉ា​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃទី ​៤​ ខែ​សី​ហា៕ Xinhua/SK​