ក្រុង​អ៊ីស្លាម៉ាបាដ៖​ ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​បាន​ថ្លែង​ថា​ តំណាង​ប្រេសិត​ពិសេស​អាមេរិក​ទទួល​បន្ទុក​ផ្សះផ្សា​នៅ​អាហ្វហ្គានីស្ថាន​ គឺ​លោក ​ហ្សាល់​មែល​ ហ្គាលីល​ហ្សាដ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​ គឺ​លោក ​ស្សាហ៍​ ម៉ាហ៍មូដ​ ហ្គូរីស្ស៊ី​ កាល​ពី​ថ្ងៃ​ពុធ​ ​ស្តី​ពី​ដំណើរការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា ​ទស្សនកិច្ច​របស់​លោក ​ហ្គាលីលហ្សាដ​ ទៅ​ប្រទេស​ប៉ាគីស្ថាន​ ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ​នៅ​ក្នុង​រយៈពេល ​១ ​ខែ​ គឺ​ជា​ផ្នែក​នៃ​ការ​ទំនាក់ទំនង​ជា​ប្រចាំ​របស់​លោក​ ដើម្បី​ធ្វើ​ការ​ពិភាក្សា ​និង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​​ទៅ​វិញ​ទៅ​មក​ ស្តីពី​ដំណើរការ​ផ្សះផ្សា​ និង​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា ​លោក ​ហ្គូរីស្ស៊ី ​បាន​ស្វាគមន៍​ចំពោះ​ការ​វិវឌ្ឍ​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​នោះ​រួម​មាន​សេចក្តី​ប្រកាស ​ស្តីពី​ការ​បង្កើត​ក្រុម​ចរចា​ និង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ដើម្បី​ការ​ផ្សះផ្សា​ជាតិ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដើម្បី​ចរចា​ជាមួយ​ក្រុម​តាលីបង់​។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​៖ ​លោក ​(ហ្គូរីស្ស៊ី​) បាន​លើក​ឡើង​ថា​ រាល់​ភាគី​ទាំង​អស់​ គួរ​តែ​បង្កើត​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ​ ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​អាហ្វហ្គានីស្ថាន​។ ​លោក ​ហ្គូរីស្ស៊ី​ ក៏​បាន​សង្កត់​ធ្ងន់​ថា​ វា​មាន​សារៈសំខាន់​មិន​មែន​ធ្វើ​ឲ្យ​ខូច​បរិយាកាស ​ឬ​រំខាន​ដល់​ដំណើរការ​ការ​ចរចា​អន្តរ​អាហ្វហ្គានីស្ថាន​នោះ​ទេ៕ Xinhua/SK