ថ្វីបើមានការស្នើពីបណ្ដាប្រទេសអាស៊ានស្ដីពីការបញ្ចប់បញ្ហានៅមីយ៉ាន់ម៉ាយ៉ាងណាក្ដី ក៏កិច្ចចរចាររវាងរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) និងរបបយោធា នៅតែមិនអាចសម្របសម្រួលបានឡើយ ប្រសិនបើលក្ខខណ្ឌដែលទាមទារពីភាគីទាំងសងខាង នៅតែមិនបានឆ្លើយតប។
បណ្ឌិត Sasa អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីខុទ្ទកាល័យបានឱ្យដឹងថា៖ «កិច្ចពិភាក្សាស្ដីពីការរួបរួមនេះនឹងមិនងាយធ្វើទៅបានទេ ប្រសិនបើរបបយោធា (ដែលមាននាទី ជាក្រុមប្រឹក្សារដ្ឋបាលរដ្ឋ) មិនយល់ព្រមលើលក្ខខណ្ឌ ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សារវាងភាគីទាំង ២»។ យ៉ាងណាមិញ លោកនៅតែស្វាគមន៍កិច្ចចរចា និងក្ដីព្រួយបារម្ភ ដែលលើកឡើងពីបណ្ដាប្រទេសនៅអាស៊ានស្ដីអំពីវិបត្តិនៅមីយ៉ាន់ម៉ាជានិច្ច។
បណ្ឌិត Sasa បានប្រាប់កាសែត Nikkei Asia ថា៖ «មើលទៅមិនងាយនឹងមានការសម្របសម្រួលណាមួយឡើយ ប៉ុន្តែយើងបានដាក់ចេញនូវលក្ខខណ្ឌចំនួន ៤ របស់យើងស្ដីពីការពិភាក្សានេះ»។
ក្នុងនោះដែរ ខាងរដ្ឋាភិបាល NUG បានទាមទារឱ្យរបបយោធាស្តារមេដឹកនាំ និងសមាជិកសភា ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅខែវិច្ឆិកាឡើងវិញ ដែលរួមមាន អ្នកស្រី Aung San Suu Kyi ជាទីប្រឹក្សារដ្ឋ និងជាប្រមុខដឹកនាំប្រទេសផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានចេញក្រោយពីកិច្ចប្រជុំ កាលពីថ្ងៃទី ២៤ មេសា កន្លងទៅអង្គប្រជុំទាំងមូលបានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន ៥ ចំណុច រួមមាន ១) អំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការឃុំខ្លួនទាំងឡាយពីសំណាក់ភាគីទាំងអស់ ២) ភាគីទាំងអស់ត្រូវចាប់ផ្តើម «ការសន្ទនាប្រកបដោយស្ថាបនា» ដើម្បីឆ្ពោះទៅរក « ដំណោះស្រាយដោយសន្តិវិធីមួយដល់ផលប្រយោជន៍របស់ប្រជាជន ៣) ការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវតែជាអ្នកសម្របសម្រួលការសន្ទនា ៤) បណ្ដាប្រទេសអាស៊ាននឹងផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយសង្គ្រោះមហន្តរាយ (AHA) និង ៥) សម្រាប់ប្រេសិតពិសេស និងគណៈប្រតិភូអាស៊ាននឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបគ្រប់ភាគីទាំងអស់។
យ៉ាងណាមិញ បណ្ឌិត Sasa បាននិយាយថា៖ « យើងស្វាគមន៍សេចក្ដីសម្រេចរបស់សេចក្តីថ្លែងការណ៍នេះ ប៉ុន្តែជាមួយគ្នានេះ យើងក៏នឹងវាស់វែងកម្រិតនៃសកម្មភាពរបស់ពួកគេ។ ការសម្រេចសេចក្តីថ្លែងការណ៍មានភាពងាយស្រួលទេ ប៉ុន្តែប្រសិនបើគ្មានសកម្មភាព វានៅតែគ្មានន័យអ្វីដដែល។ យើងនឹងរង់ចាំមើលថា តើមានការដកកម្លាំងយោធាចេញហើយឬយ៉ាងណា?»។
មកដល់បច្ចុប្បន្ន គេនៅមិនទាន់ច្បាស់ថា តើនរណានឹងក្លាយជា ប្រេសិតពិសេសរបស់អាស៊ាននៅឡើយទេ។ គេក៏មិនច្បាស់ដែរថា អ្នកណានឹងធ្វើជាតំណាងឱ្យគណៈកម្មាធិការ ដើម្បីតំណាងរាស្ត្រសភា (CRPH) ដែលជាក្រុមសមាជិកសភា ត្រូវបានបណ្តេញចេញពីតំណែង និងជាតំណាងរដ្ឋាភិបាល NUG នៅក្នុងកិច្ចពិភាក្សាណាមួយនៅឡើយដែរ ដោយសារសមាជិកនៃរដ្ឋាភិបាលនេះជាច្រើនកំពុងលាក់ខ្លួន ឬ ជាប់ពន្ធនាគារ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងចុងក្រោយដែលលេចចេញជាដំណាក់កាលសម្រាប់ការសន្ទនា ដើម្បីបង្រួបបង្រួមក៏មិនបានឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់រដ្ឋាភិបាល NUG ដែលបានស្នើឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងអនុញ្ញាតឱ្យអ្នកនយោបាយជាប់ឆ្នោតត្រឡប់មកកាន់អំណាចវិញ។
បណ្ឌិត Sasa បានបន្តទៀតថា៖ «ប្រសិនបើរបបយោធា នៅតែព្រងើយកន្តើយនឹងសំណើរបស់អាស៊ានក្នុងការបញ្ឈប់អំពើហិង្សានេះ រដ្ឋាភិបាល NUG ក៏នៅតែបន្តព្យាយាមស្វែងរក ការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងក្រុមហ៊ុន ក៏ដូចជា បុគ្គលទាំងឡាយដែលពាក់ព័ន្ធនឹងរបបនេះដូចគ្នា»៕