កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១៧ និយតករ​ឱសថ​ប្រទេស​ប្រេស៊ីល​ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩ ​ក្នុង​គ្រាអាសន្ន​ចំនួន ​២ ដោយ​ ១ ​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca សាកល​វិទ្យាល័យ Oxford និង ​១ ទៀត​ផលិត​ដោយ​​ក្រុមហ៊ុន​ចិន Sinovac Biotech។

បច្ចុប្បន្ន​ប្រេស៊ីល​មាន​ស្តុក​ទុក​វ៉ាក់សាំង​ CoronaVac របស់ Sinovac ចំនួន ៦ លាន​ដូស ​ដែល​អាច​ចែកចាយ​នៅ​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​កំពុង​រង់ចាំ​ទទួល​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង AstraZeneca ចំនួន ២ លាន​ដូស។

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ភ្នាក់ងារ​និយតករ Anvisa បាន​បដិសេធ​ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​វ៉ាក់សាំង​រុស្ស៊ី Sputnik V ដោយ​ក្រុមហ៊ុន​ប្រេស៊ីល UniãoQuímica។ Anvisa បាន​​និយាយ​ថា​ ខ្លួន​មិន​បាន​វាយ​​តម្លៃ​ការ​ស្នើសុំ​នេះ​ ដោយ​សារ​ការ​ស្នើសុំ​មិន​បាន​បំពេញ​តាម​តម្រូវ​ការ​អប្បបរមា​ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​វិភាគ។ ការ​ចាក់​វ៉ាក់សាំង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ ​ទី ២០ ខែ​មករា ដោយ​ផ្ដល់​អាទិភាព​​ដល់​បុគ្គលិក​សុខាភិបាល ​ដែល​នៅ​ជួរ​មុខ​​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។

ប្រេស៊ីល​ជា​ប្រទេស​ដែល​មាន​​ចំនួន​អ្នក​ឆ្លង​​ខ្ពស់​បំផុត​ទី ២ លើ​ពិភព​លោក​ដោយ​សរុប​​មាន​ការ​​ស្លាប់​ទាក់ទង​នឹង​កូវីដ ​១៩ ​ប្រមាណ ២០៩ ០០០ នាក់។ ប្រទេស​នេះ​ក៏​មាន​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ទី ៣ លើ​ពិភព​លោក​ផង​ដែរ​ ​ដោយ​មាន​ករណី​ឆ្លង​ប្រមាណ ៨,២ លាន​នាក់ ​តាំង​​ពី​ការ​ចាប់​ផ្ដើម​ការ​រាតត្បាត​ជំងឺ​មក៕