កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ មាន​ផ្ទុះ​ករណី​បាញ់ប្រហារ​នៅ​រដ្ឋធានី​របស់​ប្រទេស​សូម៉ាលី​រវាង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល និង​ក្រុម​ដែល​ខឹងសម្បា​នឹង​មេដឹកនាំ​ប្រទេស​នេះ ខណៈ​ភាពតានតឹង​ផ្នែក​នយោបាយ​កាន់តែ​កើនឡើង​ជា​បន្តបន្ទាប់ ក្រោយ​ប្រធានាធិបតី Mohamed Abdullahi Mohamed ប្រកាស​បន្ត​កាន់តំណែង។

ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់​បាន​បន្លឺឡើង​នៅ​តាម​ទីប្រជុំជន​ជាច្រើន​នៅ​រដ្ឋធានី​នៃ​ប្រទេស​នេះ សរបញ្ជាក់​ពី​ការមិន​ពេញចិត្ត​ពី​សំណាក់​ក្រុម​ទាំងនេះ​ស្ដីពី​ការជាប់​គាំងដំណើរ​នៃ​ការបោះឆ្នោត ហើយ​ក៏​ជា​ការព្រមាន​ថា ប្រសិន​បើ​ដំណើរការ​នៅតែ​មិន​បន្ត​ទៅមុខ ក្រុម​ទាំងនេះ​នឹង​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅក្នុង​ប្រទេស​នេះ​ជាក់​ជាមិនខាន។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ប្រទេស​សូម៉ាលី Hassan Hundubey Jimale បាន​សម្តែង​ភាពសោកសៅ និង​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ទាំងអស់ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់ ឬ រងរបួស​នោះទេ។ គាត់​បាន​ចោទប្រកាន់​ថា៖ «ទង្វើ​នេះ​ធ្វើឡើង​ដោយ​ពួក​មនុស្ស ដែល​មិន​ខ្វល់​ពី​សន្តិសុខ​របស់​ប្រជាជន​ខ្លួន» ក្រោយ​មាន​ការវាយប្រហារ​នៅ​រដ្ឋធានី ហើយ​លោក​ក៏បាន​ចាត់​ឱ្យ​កងកម្លាំង​សន្តិសុខ​បាន​បណ្តេញ​ក្រុម​ទាំងនេះ​ចេញពី​រដ្ឋធានី​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ប្រធានាធិបតី Mohamed ត្រូវបាន​គេ​ហៅថា​ Farmaajo មាន​វ័យ ៥៩ ឆ្នាំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ កាលពី​ពាក់កណ្តាល​ខែមេសា​កន្លងមក ដើម្បី​បន្ត​អាណត្តិ​របស់ខ្លួន​រយៈពេល ២ ឆ្នាំ​បន្ថែមទៀត ដែល​នេះ​បាន​បង្ក​ឱ្យ​មាន​ការប្រឆាំង​ជំទាស់​ពី​សំណាក់​ប្រទេស​សូម៉ាលី និង​ធ្វើឱ្យ​មាន​ការប៉ះទង្គិច​គ្នា​រវាង​លោក​ជាមួយ​នឹង​ប្រទេស​លោក​ខាងលិច និង​ម្ចាស់ជំនួយ​ផ្សេង​ទៀត ដែល​ប្រឆាំង​នឹង​ចលនា​នេះ។

ប្រទេស​ សូម៉ាលី បាន​ធ្លាក់​ចូលក្នុង​សង្គ្រាម និង​ភាពវឹកវរ​កាលពី​ឆ្នាំ ១៩៩១ កំពុង​តស៊ូ ដើម្បី​បង្កើត​អំណាច​របស់​រដ្ឋាភិបាល​កណ្តាល និង​ស្ដារ​ប្រទេស​ឡើងវិញ​តាមរយៈ​ជំនួយ​ពី​អន្តរជាតិ។ ការខកខាន​មិនបាន​រៀបចំ​ការបោះឆ្នោត​ដែល​គ្រោង​នឹងធ្វើ​ឡើង​កាលពី​ខែកុម្ភៈ​កន្លង​នេះ ហើយ​វា​បង្កឱ្យ​មាន​វិបត្តិ​ថ្មី​មួយ​ដល់​ប្រទេស​នេះ។

លោក Hassan Sheikh Mohamud អតីត​ប្រធានាធិបតី​សូម៉ាលី បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ Tweeter ដោយ​ចោទប្រកាន់ថា កងកម្លាំង​រដ្ឋាភិបាល បាន​វាយប្រហារ​ផ្ទះ​របស់គាត់​កាលពី​ថ្ងៃអាទិត្យ។ លោក​បានសរសេរ​ថា៖ «ខ្ញុំ​តែងតែ​ព្រមាន​ម្ដង​ហើយ​ម្ដងទៀត ឥឡូវនេះ​ខ្ញុំ​នៅតែ​និយាយ​ដដែល​ថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការបន្ត​តំណែង​នេះ​នឹង​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ នយោបាយ​យ៉ាងណា លោក (Mohamed) នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​ពី​ទង្វើ​របស់លោក»។

យ៉ាងណាមិញ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ លោក Jimale បាន​បដិសេធ​ការចោទប្រកាន់​របស់​អតីត​ប្រធានាធិបតី ហើយ​ចោទប្រកាន់​ថា បញ្ហា​នេះ​បង្ក​មកពី​ក្រុម​ជីវពល​ប្រដាប់អាវុធ។ ដូច្នេះ​ហើយ​ទើប​កម្លាំង​រដ្ឋាភិបាល​ឆ្លើយតប​នឹង​ការវាយប្រហារ​នេះ​វិញ។

ដោយឡែក លោក Nicolas Berlanga ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​សូម៉ាលី​បាន​ឱ្យដឹង​នៅ​ថ្ងៃអាទិត្យ​ថា៖ «ខ្ញុំ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា ដែល​កំពុង​កើត​មាន​នៅ​រដ្ឋធានី​ប្រទេស​ស៊ូម៉ាលី។ ដើម្បី​ជា​ផលប្រយោជន៍​ប្រជាជន​ទូទៅ យើង​ស្នើសុំ​ឱ្យ​មាន​ការអត់ធ្មត់​ជា​អតិបរមា ការពារ​ស្ថាប័ន​ដែល​ជា​កម្មសិទ្ធិរួម និង​ស្នើ​ឱ្យមាន​កិច្ចចរចា​ដោយ​សន្តិវិធី។ អំពើហិង្សា គឺ​អ្វីដែល​យើង​មិនអាច​ទទួល​យក​បាន»។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​មុន​នឹង​មាន​ការបាញ់​ប្រហារ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី « បដិសេធ​រាល់​អំពើហិង្សា និង​បន្ត​កិច្ចចរចា​លើ​បញ្ហា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន» ក្នុងន័យ​សម្តែង​ការព្រួយបារម្ភ​របស់​ខ្លួន ជុំវិញ​វិបត្តិ​នយោបាយ​នៃ​ប្រទេស​នេះ។

ជាមួយ​គ្នា​នេះដែរ កាលពី​ថ្ងៃទី ៣១ ខែមីនា កន្លងទៅ ក្រោយ​កិច្ចប្រជុំ​បន្ទាន់​មួយ ក្រុមប្រឹក្សាសន្តិសុខ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​សូម៉ាលី​ដោះស្រាយ​វិវាទ​លើ​ដំណើរការ​បោះឆ្នោត​ផងដែរ៕