ក្រុងបេរូត៖ ប្រភពឃើដ និងក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានថ្លែងថា ក្រុមអ្នកទោសនៅក្នុងពន្ធនាគារនៅប្រទេស ស៊ីរី មួយកន្លែង គ្រប់គ្រងដោយក្រុមកងកម្លាំងឃើដ ដែលបានឃុំខ្លួនជនសង្ស័យជាក្រុមសមាជិករបស់រដ្ឋអ៊ិស្លាមបានធ្វើកុបកម្ម ហើយមួយចំនួនផ្សេងទៀត បានរត់គេចខ្លួនចេញពីពន្ធនាគារកាលពីថ្ងៃអាទិត្យ។
សមាជិកជាន់ខ្ពស់របស់ក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ម្នាក់ ដែលបានគ្រប់គ្រងគុកហ្គូអ៊ីរ៉ាន់ នៅក្នុងទីក្រុងហាស់សាគីហ៍ នៅស៊ីរីភាគឦសាន បានទទួលស្គាល់ថា មានការបះបោរ បានកើតឡើងនៅក្នុងពន្ធនាគារនោះ។
មន្ត្រីរូបនោះ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់ AFP ថា ក្រុមសមាជិករដ្ឋអ៊ិស្លាមនៅក្នុងគុកបាននាំគ្នាបះបោរប្រឆាំងនៅក្នុងពន្ធនាគារ។
ប្រភពនោះបានបន្ថែមថា៖ «ក្រុមអ្នកទោសមួយចំនួនក្នុងចំណោមពួកគេ បានរៀបចំផែនការ ដើម្បីរត់ចេញ ហើយចូលទៅក្នុងទីធ្លាពន្ធនាគារ»។
«កងកម្លាំងសន្តិសុខបានស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតខ្ពស់ យន្តហោះរបស់ក្រុមចម្រុះអន្តរជាតិជាច្រើនគ្រឿង កំពុងហោះនៅពីលើពន្ធនាគារ និងតំបន់នោះ»។
អ្នកនាំពាក្យយោធាក្រុមចម្រុះ លោកវរសេនីយ៍ឯក ម៉ៃឡេស កាហ្គីស៍ III បានថ្លែងថា៖ «ក្រុមចម្រុះ កំពុងជួយក្រុមដៃគូកងកម្លាំងប្រជាធិបតេយ្យស៊ីរីរបស់យើង ជាមួយយន្តហោះឃ្លាំមើល ខណៈពួកគេបានបង្ក្រាបការបះបោរមួយ» នៅក្នុងពន្ធនាគារនោះ។
លោកបានបន្ថែមថា មានតែក្រុមអ្នកទោសកម្រិតទោសស្រាលប៉ុណ្ណោះ ត្រូវបានគេឃុំខ្លួននៅក្នុងគុក។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ដែលមានបណ្តាញទំនាក់ទំនងយ៉ាងច្រើន នៅក្នុងប្រទេស ស៊ីរី បានថ្លែងថា មនុស្សយ៉ាងតិច ៤ នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារនោះ។
ក្រុមសិទ្ធិមនុស្សបានបន្ថែមថា ក្រុមសមាជិករដ្ឋអ៊ិស្លាមបានដឹកនាំធ្វើការបះបោរនៅក្នុងគុកនោះ៕ AFP/SK