ក្រុងបានដាអាសេៈ ចំនួនអ្នកស្លាប់បណ្តាលមកពីការឆេះអណ្តូងប្រេងខុសច្បាប់មួយនៅឥណ្ឌូនេស៊ី បានឡើងដល់ ១៥ នាក់ហើយ និងរាប់សិបនាក់រងរបួស និងមានការព្រមានថា អាចមានជនរងគ្រោះជាច្រើននាក់ថែមទៀត។
រូបភាពជាច្រើនពីឧប្បត្តិហេតុនោះ បានបង្ហាញឲ្យឃើញអណ្តាតភ្លើងបាញ់ឡើងទៅលើអាកាសប្រហែល ៧០ ម៉ែត្រពីលើផ្ទះសំបែងរាប់សិបខ្នងនៅក្នុងសហគមន៍តូចមួយនៅក្នុងខេត្តអាសេនៃកោះស៊ូម៉ាត្រា។
កាលពីរសៀលថ្ងៃពុធ ក្រុមអ្នកពន្លត់ អគ្គីភ័យនៅតែប្រឹងប្រែងពន្លត់អណ្តាតភ្លើងដែលបង្កឡើងដោយប្រេងនៅម៉ោងប្រហែល ១ និង ៣០ នាទីព្រឹកថ្ងៃអង្គារនៅក្នុងតំបន់លំនៅឋានមួយ។ ផ្ទះសំបែងជាច្រើនខ្នងក៏ត្រូវបានបំផ្លាញ។
លោក Syahrizal Fauzi ប្រធានភ្នាក់ងារដោះស្រាយគ្រោះមហន្តរាយក្នុងតំបន់បានថ្លែងថា៖ «ចំនួនអ្នកស្លាប់នៅត្រឹម ១៥ នាក់ដដែល»។ «យើងនៅតែមិនអាចគ្រប់គ្រងអគ្គិភ័យនោះបាន។ យើងមិនដឹងថាតើនៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដោយសារយើងមិនអាចទៅជិតបាន»។
ពីដំបូង ក្រុមអាជ្ញាធរ បាននិយាយថា មនុស្សយ៉ាងតិច ១០ នាក់ បានស្លាប់និងជនរងគ្រោះប្រហែល ៤០ នាក់ ដែលរងរបួសធ្ងន់ធ្ងរ កំពុងត្រូវបានព្យាបាល។
អ្នកនាំពាក្យប៉ូលិសជាតិលោក Setyo Wasisto បានថ្លែងថា៖ «មនុស្សមួយក្រុមជីកអណ្តូងចាស់នោះ ហើយអគ្គិភ័យក៏បានឆាបឆេះឡើង»។
ប៉ូលិស និយាយថា ជនរងរគ្រោះបានប្រមូលយកប្រេងចេញពីអណ្តូងប្រេងនោះ៕