ក្រុងសេអ៊ូល៖ ផ្លូវហាយវ៉េសំខាន់ៗជាច្រើនកន្លែងនៅទូទាំងរដ្ឋធានីសេអ៊ូល ត្រូវបានបិទជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កឲ្យកម្រិតទឹកទន្លេហាន នៅក្នុងទីក្រុងសេអ៊ូល កើនឡើងខ្ពស់។
យោងតាមប៉ូលិស និងមន្ត្រីក្រុងសេអ៊ូល បានឲ្យដឹងថា ចំណែកផ្លូវហាយវ៉េមួយចំនួន មានដូចជា ផ្លូវ Dongbu Urban Expressway ផ្លូវ Seoul Inner Loop ផ្លូវ Olympic-daero និងផ្លូវGang-byeon Northern Highway ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ ដោយសារកម្រិតទឹកទន្លេនៅក្នុងទីក្រុងសេអ៊ូល បានកើនឡើងយ៉ាងខ្លាំង។
ខណៈភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំង នៅក្នុងទីក្រុងធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងតំបន់កណ្តាល អាជ្ញាធរបានបើកទ្វារទឹក Soyang River Dam និង Paldang-Dam កាលពី ១ ថ្ងៃមុននេះ ដោយបានបញ្ចេញទឹកឲ្យហូរទៅសមុទ្រ តាមទន្លេហាន។
ទឹកទន្លេកើនឡើង ក៏បានបង្ខំឲ្យអាជ្ញាធរ កាត់ផ្តាច់ផ្លូវចូលទៅកាន់មាត់ទន្លេ នៅក្នុងកោះ Yeouido នៅទីក្រុងសេអ៊ូល និងតំបន់ផ្សេងទៀត។ ស្ពាន ចាមស៊ូ ដែលបានតភ្ជាប់ផ្នែកខ្លះ នៃទីក្រុងភាគខាងត្បូង និងខាងជើង តាមទន្លេហាន ក៏ត្រូវកាត់ផ្តាច់មានកំណត់ដែរ។
យោងតាមទីស្នាក់ការវិធានការទប់ទល់សុវត្ថិភាព និងមហន្តរាយបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនេះ បង្កឲ្យមានជំនន់នៅក្នុងតំបន់កណ្តាលនៃកូរ៉េខាងត្បូង និងក្រុងសេអ៊ូល និងបានបណ្តាលឲ្យមនុស្ស ១៦ នាក់ស្លាប់។
រហូតមកត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សចំនួន ១៦ នាក់ កំពុងបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងដោយមានការផ្តល់ដំណឹងជាមុន ខណៈមនុស្ស ១ ៦០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសំបែងរបស់ពួកគេ នៅក្នុងតំបន់ ដែលរងប៉ះពាល់ខ្លាំងបំផុត ដូចជាខេត្តនៅភាគខាងជើង និងខាងត្បូង គឺខេត្តGyeongg និងខេត្ត Gangwon។
យោងតាមអាជ្ញាធរបានឲ្យដឹងថា រថភ្លើងចំនួន ៣ ខែ្សនៅមិនទាន់បានបើកដំណើរការទេ ខណៈផ្លូវថ្នល់ ៣៩ ខែ្ស នៅក្នុងតំបន់ដែលប៉ះពាល់ត្រូវបិទដោយសារបាក់ដី៕ Yonhap/SK