ក្រុង​ហ្គា​ហ្សាៈ ក្រសួង​សុខាភិបាល​នៅ​តំបន់​ហ្គាហ្សា បាន និយាយថា ពលរដ្ឋ​ប៉ាឡេស្ទីន​យ៉ាង​តិច ៩៥ នាក់ បាន រង​របួស​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ការ​ប៉ះទង្គិច​របស់​ពួកគេ​ជាមួយ​ទាហាន​អ៊ីស្រាអែល​នៅ​ព្រំដែន​រវាង​តំបន់​ហ្គាហ្សា ខាង​ជើង និង​អ៊ីស្រាអែល។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោក Ashraf al-Qedra បាន​ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​ថា នៅ​ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង ៩៥ នាក់​មាន ២៦ នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង ខណៈ​អ្នក​ដទៃ​ទៀត​ដក​ដង្ហើម​មិន​ចេញ ក្រោយ​ពី​ត្រូវ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

ការតវ៉ា​ជាច្រើន​នៅ​តំបន់​ហ្គា​ហ្សា​ភាគ​ខាងជើង ត្រូវបាន​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាន់​ខ្ពស់​នៃ​ការ​ហែ​ក្បួន​វិល​ត្រឡប់​ទៅ​វិញ​មាន​មូលដ្ឋាន​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ប្រឆាំង​នឹង​ការ​រាំង​ខ្ទប់​របស់​អ៊ីស្រាអែល​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប៉ាឡេស្ទីន។

ក្រុមអ្នកតវ៉ា បាន​គប់​ដុំថ្ម និង​ដុត​កង់ឡាន​នៅក្បែរ​របង ព្រំដែន ខណៈ​ទាហាន​អ៊ីស្រាអែល​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​បាញ់​គ្រាប់​ពិត។

យោងតាម​ក្រសួង​សុខាភិ​បាល​នៅ​តំបន់​ហ្គា​ហ្សា បាន​ឲ្យ​ដឹងថា កងកម្លាំង​អ៊ីស្រាអែល បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៧៧ នាក់ និង ១៩០០០ នាក់​ផ្សេង​ទៀត​រង​របួស ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៨ ជា​ថ្ងៃ​ទី ១ នៃ​ការ​ជួបជុំ​ហែ​ក្បួន​វិល​ត្រឡប់​មក​វិញ​ប្រឆាំង​នឹង​ការ​ហាម​ឃាត់ ១២ ឆ្នាំ​របស់​ប្រទេស​អ៊ីស្រាអែល៕