ក្រុងប៊ុយការ៉េសៈ ពលរដ្ឋ​រូ​ម៉ា​នី​រាប់ពាន់នាក់​បាន​ឡើង​ទៅតាម​ដងផ្លូវ​នានា​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បន្ធូរ​បន្ថយ​ច្បាប់​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម ដែល​ពួកគេ​ជឿ​ថា​នឹង​រារាំង​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ។

ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​ប៊ុ​យ​ការ៉េ​ស ជាទី​ដែល​អ្នក​តវ៉ា​ប្រហែល ៥ ពាន់​នាក់​បាន​ជួបជុំ​គ្នា បាន​ស្រែក​បន្ទរ​ថា៖ «យើង​នឹង​មិន​ចុះ​ចាញ់​ទេ និង​យើង​មិន​មែន​ជា​ចោរ​ទេ»។

ស្របពេល​ដែលមាន​វត្តមាន​សន្តិសុខ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ ការ​ប្រតាយ​ប្រតប់​គ្នា​បាន​កើត​ឡើង​ជាមួយ​ប៉ូលិស​ជា​ច្រើន​ដង​នៅ​ក្នុង​អំឡុង​ការ​ជួបជុំ​តវ៉ា​នោះ។ ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ការតវ៉ា​នោះបាន​កើតឡើង​ខណៈ​សភា​ដែល​គ្របដណ្តប់​ដោយ​ក្រុម​ឆ្វេង​និយម​របស់ ប្រទេស​នេះ កាល​ពី​ថ្ងៃ​ចន្ទ បាន​អនុម័ត​វិសោធ​នកម្ម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ក្រុម​បក្ស​ប្រឆាំង​និយាយ​ថា​នឹង​ការពារ​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់។

ការ​វិសោធនកម្ម​ទាំងនោះ​កាត់បន្ថយ​ចំនួន​បទល្មើស សម្រាប់​មនុស្ស​ម្នាក់​អាច​ត្រូវ​ជាប់គុក និង​រយៈពេល​នៃ​ការ​ស៊ើប​អង្កេត។

យោងតាម​ប្រធានាធិបតី​ស្តាំនិយម​លោក Klaus Iohannis ដែល​ជារឿយៗ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​រដ្ឋាភិបាល​ឆ្វេង​និយម​នោះ ចំណុច​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធ​នកម្ម​នោះ​បាន​គាំទ្រ​លោក Liviu Dragnea ជា​ប្រធាន​បក្ស​ប្រជាធិប​តេយ្យ​សង្គម​និយម (PSD)។

លោក Dragnea អាច​ស្នើ​ឲ្យ​ពិចារណា​លើ​ការព្យួរទោស ២ ឆ្នាំ​ចំពោះ​ការលួចបន្លំ​សន្លឹក​ឆ្នោត​ក្នុង​ឆ្នាំ ២០១៦៕