The Phnom Penh Post Search

Search form

ពល​រដ្ឋ​ស៊ីរី​ ​នាំ​គ្នា​រត់​ភៀស​ខ្លួន ​ខណៈ​​ក្រុម​ចម្រុះ​កង​ទ័ព​ តួកគី ​សម្រុក​ចូល​​ទី​ក្រុង​ អាហ្រ្វីន​

Content image - Phnom Penh Post
ក្រុម​ជន​ស៊ីវិលជិះ​ឡាន​របស់​ពួកគេ​ឆ្លងកាត់​​​ ភូមិ អេន ដារ៉ា (Ain Dara) នៅក្នុង​តំបន់ អាហ្រ្វីនភាគ​ខាង​ជើងនៅ​ស៊ីរី ខណៈ​​​​​ពួកគេ​រត់​ភៀស​ខ្លួនពី​ទី​ក្រុង អាហ្រ្វីន កាលពី​ថ្ងៃ​ទី​១២ ខែ​ មីនា ឆ្នាំ ២០១៨។ AFP

ពល​រដ្ឋ​ស៊ីរី​ ​នាំ​គ្នា​រត់​ភៀស​ខ្លួន ​ខណៈ​​ក្រុម​ចម្រុះ​កង​ទ័ព​ តួកគី ​សម្រុក​ចូល​​ទី​ក្រុង​ អាហ្រ្វីន​

ក្រុង​បេរូត​: ​ក្រុម​ឃ្លាំ​មើល​បាន​ឲ្យ​ដឹង​ថា​ ​​ជន​ស៊ីវិល​រាប់​រយ​នាក់​ភៀស​ខ្លួន​ចេញ​ ខណៈ​ក្រុម​កង​ទ័ព​ចម្រុះ​ដឹក​នាំ​តួកគី​សម្រុក​ទៅ​កាន់​ទី​ក្រុង​ អាហ្រ្វីន​ ដែល​មាន​ពល​រដ្ឋ​ឃើដ ​រស់​នៅ​​ស៊ីរី​ កាល​ពី​​ថ្ងៃ​ចន្ទ​។​

ក្រុម​ឧទ្ទាម​ដឹក​នាំ​ដោយ​តួកគី បាន​សម្រុក​ទៅ​មុខ​ទៅ​កាន់​តំបន់​ជាយ​ក្រុង​ អាហ្រ្វីន ​(​Afrin city)​​ ចាប់​តាំង​ពី​បាន​បើក​ការ​វាយ​ប្រហារ​មួយ​លើ​ដែន​ដី​ក្រុម​ឃើដ​ ដ៏​ធំ​ទូលាយ​មាន​ឈ្មោះ​ដូច​ខាង​លើ​​ កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មករា​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​​ (​SOHR)​ បាន​ឲ្យ​ដឹង​ថា​៖​«​ក្រុម​ជន​ស៊ីវិល​ជាង​ ២០០​ នាក់​បាន​ទៅ​ដល់​តំបន់ ​​នូប៊ុល ​​(​Nubul​)​» ​ត្រួត​ត្រា​ដោយ​ក្រុម​កង​ទ័ព​របប​ស៊ីរី​ បន្ទាប់​ពី​រត់​ភៀស​ខ្លួន​ពី​ដែន​ដី​នោះ​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស ​បាន​ឲ្យ​ដឹង​ថា​៖​ «​មនុស្ស​ជា​ច្រើន​រយ​នាក់​​ទៀត​នៅ​កំពុង​ធ្វើ​នៅ​តាម​ដង​វិថី​នានា​នៅ​ឡើយ​»​ដោយ​ព្យាយាម​ដើរ​ចេញ​ពី​តំបន់​ខាង​លើ​។​

កាល​ពី​ថ្ងៃ​សៅរ៍​​ កង​ទ័ព​តួកគី ​និង ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​បាន​ទៅ​ដល់​តំបន់​ទី​ក្រុង​ចម្ងាយ​ជិត​ពីរ​គីឡូ​ម៉ែត្រ​​ ដោយ​បណ្តាល​ឲ្យ​មាន​​ការ​ភ័យ​ខ្លាច​និង​ក្តី​បារម្ភ​ជា​ច្រើន​ថា​ទី​ក្រុង​នេះ​អាច​រង​ការ​ហ៊ុំ​ព័ទ្ធ​ពី​កង​ទ័ព​រដ្ឋា​ភិបាល​។

ក្រុម​ឃ្លាំ​មើល​បាន​ឲ្យ​ដឹង​ថា​​ ទី​ក្រុង​អាហ្រ្វីន​ ជា​មណ្ឌល​ទី​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដែន​ដី​នេះ​នៅ​តាម​តំបន់​បណ្តោយ​ព្រំ​ដែន​ គឺ​ជា​កន្លែង​រស់​នៅ​របស់​ពល​រដ្ឋ​ប្រហែល ​៣៥ ម៉ឺន​នាក់​។​

អ្នក​កាសែត​ AFP​ បាន​ឃើញ​រថ​យន្ត​តូច​និង​រថ​យន្ត​ក្រុង​រាប់​សិប​គ្រឿង​ពេញ​ដោយ​ក្រុម​​ជន​ស៊ីវិល​ និង ​ទ្រព្យ​សម្បត្តិ​របស់​ដាក់​តម្រង់​ជួរ​ខណៈ​ពួក​គេ​បាន​រង់​ចាំ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ដែន​ដី​នោះ​។​

ច្រកផ្លូវតែមួយគត់ចេញពីតំបន់អាហ្រ្វីនសម្រាប់ក្រុមជនស៊ីវិលដែលមានបំណងរត់ភៀសខ្លួនចេញពីការវាយប្រហាររបស់កងទ័ពតួកគីគឺត្រូវធ្វើដំណើរតាមច្រកផ្លូវតំបន់នូប៊ុល (Nubul) និងតំបន់ Zahra នៅក្បែរនោះ។

ក្រុមឃ្លាំមើលបានឲ្យដឹងថាដោយមានក្រុមជនស៊ីវិលជាច្រើននាំគ្នារត់ភៀសខ្លួននាពេលថ្មីៗនោះតំបន់ទាំងពីរនេះបានក្លាយជាទីជម្រកសម្រាប់ក្រុមពលរដ្ឋបាត់បង់លំនៅស្ថានប្រហែល ១៦ ០០០ នាក់ពីតំបន់ អាហ្រ្វីន (Afrin) ។

លោក​បាន​ថ្លែង​ថា​តំបន់​នេះ​មាន​មនុស្ស​ច្រើន​លើស​លប់​ដែល​ក្រុម​ជន​ដែល​រត់​ភៀស​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​នាំ​គ្នា​រស់​នៅ​ក្នុង​ព្រះ​វិហារ​​មុស្លីម​និង​សាលា​រៀន​។​

អ្នក​នាំ​ពាក្យ​ការិ​យា​ល័យ​ផ្នែក​មនុស្ស​ធម៌​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​(​OCHA​ )​នៅ​ក្នុង​ទី​ក្រុង​ដាម៉ាស​​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ភាព​នៅ​ក្នុង​ទី​ក្រុង​អាហ្រ្វីន​មាន​ភាព​«​ធ្ងន់​ធ្ងរ​»​។​

លោក​ស្រី​Linda​​Tom​បាន​ថ្លែង​ថា​៖​«​ខណៈ​ប្រតិ​បត្តិ​ការ​យោធា​កាន់​តែ​ចូល​កៀក​ទៅ​កាន់​ទី​ក្រុង​អាហ្រ្វីន​នោះ​​ពួក​គេ​​បាន​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​​ជា​ពិសេស​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​បាត់​បង់​លំនៅ​ស្ថាន​នៅ​ក្នុង​តំបន់​ទី​ក្រុង​»​។​

ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ស្វែង​រក​ជម្រក​នៅ​ក្នុង​ទី​ក្រុង​​បន្ទាប់​ពី​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​​ដទៃ​ទៀត​នៃ​ដែន​ដី​ក្រុម​ឃើដ​។​

លោក​ស្រី​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ថា​៖​ «​ពួក​យើង​បាន​​ព្យាយាម​បញ្ជូន​ស្បៀង​ជំនួយ​មនុស្ស​ធម៌​»​។​

អង្គ​ការ​អឌ្ឈ​ចន្ទ​ក្រហម​​ (​SARC​) ​ក្រុម​ខ្លួន​កំពុង​សហ​ការ​ជា​មួយ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើម្បី​ដឹក​ជញ្ជូន​ស្បៀង​ជំនួយ​ចូល​ទៅ​ក្នុង​ដែន​ដី​នេះ​។​

ក្បួន​រថ​យន្ត​ដឹក​ជញ្ជូន​ស្បៀង​ជំនួយ​តែ​មួយ​គត់​បាន​បញ្ជូន​ស្បៀង​ជំនួយ​ចូល​ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​មក ​ដោយ​បាន​នាំ​យក​នូវ​ស្បៀង​អាហារ​និង​គ្រឿង​ស្បៀង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សម្រាប់​ក្រុម​ពល​រដ្ឋ​ ៥០ ០០០​ នាក់​កាល​ពី​ថ្ងៃ​ទី​ ០១ ខែ​មីនា​៕​ AFP/ SN

អត្ថបទគួរចាប់អារម្មណ៍