ក្រុងព័រអូប្រាំង: ប្រជាជនរាប់ពាន់នាក់ បានធ្វើការតវ៉ាប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធនៅប្រទេសហៃទី ដោយអ្នកតវ៉ាខ្លះបានទាមទារឲ្យប្រធានាធិបតី ដែលគ្មានប្រជាប្រិយភាពចុះចេញពីតំណែងនៅឯកន្លែងប្រារព្ធពិធីជាសាធារណ:មួយ។
ប៉ូលិស បានបាញ់កាំភ្លើងឡើងទៅលើអាកាស ដើម្បីរំដោះលោកប្រធានាធិបតី JovenelMoise ចេញពីកន្លែងប្រារព្ធពិធីដែលលោកបានដាក់កម្រងផ្កានៅផ្នូរបិតាស្ថាបនិកម្នាក់នៃក្រុមបិតាស្ថាបនិករបស់ប្រទេសក្នុងតំបន់ការីប៊ីនដ៏ក្រីក្រមួយនេះ។
ក្រុមអ្នកធ្វើការតវ៉ាទាំងនោះ បានក្រាបចុះទៅលើដី ខណ: ប៉ូលិសបានបាញ់រះឡើងទៅលើអាកាសនោះ។ កន្លែងផ្សេងទៀត ក្បែរវិមានប្រធានាធិបតី ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។
កំហឹងបានកំពុងកើនឡើងជាច្រើនសប្តាហ៍ហើយនៅក្នុងប្រទេសហៃទី ជាទីដែលប្រជាជនបានចោទប្រកាន់រដ្ឋាភិបាលនោះថាមិនបានធ្វើអ្វីសោះ ដើម្បីប្រឆាំងអំពើពុករលួយ។
កាលពីថ្ងៃពុធ ប្រជាជនបានធ្វើបាតុកម្មនៅទូទាំងប្រទេសហៃទី។ ចំណែកនៅក្នុងក្រុងព័រអូប្រាំង របាំងជាច្រើននៅតាមដងផ្លូវ ត្រូវបានគេដុតឆេះយ៉ាងសន្ធោសន្ធៅ។
ការតវ៉ានោះ គឺចោទប្រកាន់ថាមានការលួចប្រាក់ពីមូលនិធិមួយ ដែលគេហៅថា Petrocaribe។ មូលនិធិ Petrocaribe ត្រូវបានបង្កើតឡើងដោយមេដឹកនាំវ៉េណេស៊ុយអេឡាលោកហ៊ូហ្គោ ឆាវេស ដើម្បីជួយបណ្តាប្រទេសក្រីក្រនៅអាមេរិកឡាទីននៅក្នុងចំណោមរឿងរ៉ាវផ្សេងៗទៀត មានការផ្តល់ឲ្យពួកគេនូវអត្រាប្រេងតម្លៃទាប។ ប្រទេសហៃទី ទទួលបានផលប្រយោជន៍ពីមូលនិធិនេះអស់រយៈពេលពី ១២ ឆ្នាំទៅហើយ។
កាលពី ២០១៧ ការស៊ើបអង្កេតដែលត្រូវបានធ្វើឡើងដោយព្រឹទ្ធសភា បានសន្និដ្ឋានថា ទឹកប្រាក់ជិត ២ ពាន់លានដុល្លារត្រូវបានលួចបន្លំយកចេញពីមូលនិធិនោះ។
អតីតមន្ត្រីជាច្រើនរូបនៃរដ្ឋាភិបាលនោះ មានការជាប់ពាក់ព័ន្ធនឹងការលួចបន្លំប្រាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់ ត្រូវបានចោទប្រកាន់ទេ៕