
ក្រុងបាកដាដៈ យោងតាមតួលេខរបស់AFP ឲ្យដឹងថា អំពើហិង្សានៅអ៊ីរ៉ាក់កើនឡើងយ៉ាងខ្លាំងក្នុងខែមេសា ដោយសម្លាប់មនុស្ស៤៦០នាក់ហើយខែឧសភាបានចាប់ផ្តើមជាមួយការវាយប្រហារជាច្រើនកាលពីថ្ងៃពុធដែលក្នុងនោះការវាយប្រហារមួយលើស្ថានីយប៉ូលិសដែលបានសម្លាប់មនុស្ស១៨នាក់។
ការស្លាប់ភាគច្រើនកាលពីខែមេសាបានកើតឡើងក្នុងអំឡុងពេលរលកនៃការចលាចលមួយ ជិតដំណាច់ខែនៅពេលកម្លាំងសន្តិសុខបានបង្ក្រាបក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនិកាយស៊ុន នី នៅភាគខាងជើងដោយការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្ស៥៣ នាក់។
មនុស្សរាប់សិបនាក់ទៀតបានស្លាប់ក្នុងអំពើហិង្សាជាបន្តបន្ទាប់ដែលក្នុងនោះមានទាំងការវាយប្រហារសងសឹកលើកម្លាំងសន្តិសុខ។ ការសម្លាប់នេះ បានបង្កើនការភ័យខ្លាចឲ្យវិលមកវិញនូវជម្លោះនិកាយពេញបន្ទុកដែលបានផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់ចាប់ពីឆ្នាំ២០០៦ដល់២០០៨។
អំពើហិង្សាចុងខែមេសាកន្លងមកនេះគឺស្លាប់ច្រើនបំផុតរហូតមកដល់ពេលនេះ ទាក់ទាងនឹងការតវ៉ាដែលបានផ្ទុះឡើងនៅក្នុងតំបន់និកាយស៊ុននីនៃប្រទេសអ៊ីរ៉ាក់ដែលភាគច្រើនគឺនិកាយស៊ីអ៊ីតរយៈពេលជាង៤ខែកន្លងទៅនេះ។
ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីនិកាយស៊ីអ៊ីត នូរី អាល់-ម៉ាលីគីចុះចេញពីអំណាច។ពួកគេបានរិះគន់អាជ្ញាធរពីបទយកសហគមន៍ពួកគេជាគោលដៅ ដោយការឃុំឃាំងមិនត្រឹមត្រូវនិងការចោទប្រកាន់ពីបទចូលរួមក្នុងអំពើភេរវកម្ម។
យោងតាមតួលេខរបស់AFP ដោយផ្អែកលើរបាយការណ៍ពីសន្តិសុខ និងសុខាភិបាល ឲ្យដឹងថា ភាពចលាចលក្នុងខែមេសាក៏បានបង្ករបួស១២១៩នាក់ដែរ។
ក្នុងចំណោមអ្នកស្លាប់គឺមានប៉ូលិស៥៤នាក់ ទាហាន៥៣នាក់ កងជីវពលសះវ៉ា ប្រឆាំងអាល់កៃដា១៤នាក់ និងសមាជិកកម្លាំងសន្តិសុខឃើដពីរនាក់។ សម្រាប់អ្នករបួសមានប៉ូលិស១៧១នាក់ ទាហាន៧៦នាក់ យុទ្ធជនសះវ៉ាប្រឆាំងអាល់កៃដា៨នាក់ និងកម្លាំងសន្តិសុខឃើដ៥នាក់។
ភាគច្រើននៃអ្នកស្លាប់និងរបួសផ្សេងទៀតក្នុងខែមេសាគឺជាជនស៊ីវិលថ្វីបើតួលេខនោះក៏បានរាប់បញ្ចូលទាំងខ្មាន់កាំភ្លើងខ្លះ ដែលបានស្លាប់ឬរបួសក្នុងការប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខក្តី។
ក្នុងខែមីនាមនុស្ស២៧១នាក់ត្រូវបានសម្លាប់ និង៩០៦នាក់បានរងរបួសប៉ុន្តែតួលេខទាំងនេះ បានបញ្ចូលតែកម្លាំងសន្តិសុខ និងជនស៊ីវិលប៉ុណ្ណោះ។
មន្ត្រីយោធាម្នាក់ និងមន្ត្រីសុខាភិបាលម្នាក់បាននិយាយថា កាលពីថ្ងៃពុធក្នុងខែនេះ ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារទីស្នាក់ការប៉ូលិសមួយកន្លែងនៅទីប្រជុំជនថាមីយ៉ះខាងជើងក្រុងបាកដាដ ដោយសម្លាប់វរសេនីយ៍ឯកម្នាក់និងប៉ូលិសយ៉ាងតិច៣នាក់។
ក្រុមប៉ូលិស និងវេជ្ជបណ្ឌិតម្នាក់បាននិយាយថា នៅហ្វលូចះ ខាងលិចរដ្ឋធានីនេះ ជនគ្រាប់បែកអត្តឃាតម្នាក់បានយកកងជីវពលសះវ៉ាជាគោលដៅដែលកំពុងជួបជុំគ្នាទទួលប្រាក់ខែ។ ពួកគេបួននាក់និងមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានសម្លាប់។
មន្ត្រីសន្តិសុខ និងសុខាភិបាល បាននិយាយថា គ្រាប់បែកក្នុងរថយន្តមួយគ្រាប់នៅរ៉ាម៉ាឌី ខាងលិចក្រុងបាកដាដ បានសម្លាប់ប៉ូលិសបីនាក់កាលពីថ្ងៃពុធខណៈគ្រាប់បែកមួយគ្រាប់ទៀតនៅក្នុងក្រុងនេះ បានសម្លាប់មនុស្សបីនាក់ទៀតហើយក្រុមខ្មាន់កាំភ្លើងបានសម្លាប់ប៉ូលិសពីរនាក់ ក្បែរតំបន់ទីគ្រីត។ក្រុមខ្មាន់កាំភ្លើងបានបាញ់សម្លាប់បេក្ខជនបោះឆ្នោតខេត្តម្នាក់នៅក្រុងមូស៊ូល៕ CC