អ្នកសារព័ត៌មាន ៣ នាក់​ និង​សកម្មជន​មីយ៉ាន់ម៉ា ២ នាក់ ដែល​ព្យាយាម​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ត្រូវបាន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ចាប់ខ្លួន​នៅ​ព្រំដែន​ពី​បទ​លួច​ឆ្លងដែន​ខុសច្បាប់ និង​អាច​ប្រឈម​នឹង​ការនិរទេស​ខ្លួន​ទៅ​មីយ៉ាន់ម៉ា​វិញ​ផងដែរ។ នេះ​បើតាម​ឱ្យដឹងពី​សារព័ត៌មាន និង​អាជ្ញាធរ​ក្នុង​ស្រុក​កាលពី​ថ្ងៃទី ១១ ឧសភា​កន្លងទៅ។

លោក ThapanapongChairangsri ប្រធាន​ប៉ូលិស​ក្នុង​សង្កាត់ San Sai ក្រៅ​ទីក្រុង​ឈៀងម៉ៃ​បាន​ឱ្យដឹងថា៖ «ពលរដ្ឋ​មីយ៉ាន់ម៉ា ៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ខុសច្បាប់ និង​ត្រូវបាន​គេ​នាំខ្លួន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​នេះ។ អ្នក​ទាំងនេះ​អាច​នឹងត្រូវ​និរទេស​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​ដោយសារ​តែមាន​វិបត្តិ​កូវីដ១៩​ជន​ទាំងនេះ​នឹងត្រូវ​ឃុំខ្លួន​រយៈពេល ១៤ ថ្ងៃ​សិន មុន​នឹង​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​អន្តោប្រវេសន៍»។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ភូមា (Democratic Voice of Burma) បាន​ឱ្យ​ដឹងថា អ្នក​ទាំង ៥ នាក់​នេះ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ត្រូវ​និរទេស​ខ្លួន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ និង​អាច​មាន​វាសនា​ដូច​ទៅនឹង​អ្នកសារព័ត៌មាន និង​សកម្មជន​រាប់សិប​នាក់​ដទៃ​ទៀត ដែល​ត្រូវបាន​របប​យោធា​ចាប់​ឃុំខ្លួន ចាប់តាំងពី​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​មក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក TaneeSangrat បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​បាននិង​កំពុង​ស្វែងរក​ដំណោះស្រាយ​ទាក់ទិន​នឹង​ករណីនេះ។ លោក​បាន​បន្តថា៖ «អាជ្ញាធរ​ថៃ​កំពុង​សម្របសម្រួល ក៏ដូចជា​ស្វែងរក​នូវ​ដំណោះស្រាយ​បែប​មនុស្សធម៌​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​នេះ»។

ក្លិប​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ​បានឱ្យដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «បុគ្គល​ទាំង ៥ នាក់​នេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ក៏​ដូចជា​ការធ្វើទុក្ខ​បុកម្នេញ​ខាង​ផ្នែក​នយោបាយ។ ប្រសិនបើ​ស្ថានភាព​មិនអាក្រក់​ពេក​ទេ​ក្រុមការងារ​ និង​សមាគម​របស់​ពួកគេ​ដែល​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​វិទ្យុ​ DVB នឹង​ត្រូវបាន​និរទេស​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ជាមិនខាន»។

ប្រភព​ដដែល​បាន​បន្តថា៖ «អ្នកសារព័ត៌មាន DVB និង​សហការី​របស់​ពួកគេ​គួរតែ​ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​ផ្តល់​ការការពារ​ និង​សិទ្ធិ​ក្នុង​ការស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​ថៃ។ ឥឡូវនេះ ប្រទេស​នៅលើ​ពិភពលោក​កំពុង​ចាំមើល​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ សម្រាប់​ការការពារ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ក្នុង​តំបន់ ដើម្បី​ជួយ​ការពារ​ដល់​អ្នក​ដែល​បាន​រត់គេច​ពី​របប​យោធា ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​នានា​ក្នុង​ប្រទេស​នេះ​ផងដែរ»។

យ៉ាងណាមិញ ករណី​នេះ​ក៏​អាច​ក្លាយ​ទៅ​ជា​តេស្ត​សាកល្បង​មួយ​សម្រាប់​ប្រទេស​ថៃ ដើម្បី​ចង់ដឹងថា​តើ​ប្រទេស​នេះ​នឹង​រក្សា​គោលជំហរ​របស់ខ្លួន​នៅ​ខាង​ណា ចំពោះ​គោលនយោបាយ​របប​យោធា​នេះ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​ថៃ​បាន​អនុញ្ញាតិ​ឱ្យ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ភូមា​ដែល​ត្រូវ​និរទេស​ខ្លួន​ដូចជា​វិទ្យុ​ DVB នេះ​ជាដើម​ឱ្យ​ប្រតិបត្តិការ​នៅតាម​ព្រំដែន​របស់ខ្លួន។

ក្រៅពីនេះ ប្រទេស​ថៃ​តែង​ទទួល​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​នៅក្នុង​ជំរុំធំៗ ចំនួន ៩ នៅ​តាម​បណ្តោយ​ព្រំដែន​ខ្លួន​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល ៣ ទសវត្សរ៍ ក្រោយ​មាន​ជម្លោះ​ប្រដាប់អាវុធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​ដោយ​យោធា​មីយ៉ាន់ម៉ា​ផងដែរ។

យ៉ាងណាមិញ ស្ថានភាព​ប្រទេស​ថៃ​កាលពី​អតីតកាល​ក៏មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ស្ថានភាព​មីយ៉ាន់ម៉ា​នាពេល​បច្ចុប្បន្ន​ដែរ ពោល​គឺ​នាយករដ្ឋមន្ត្រី​ថៃ លោក​ Prayut Chan-o-cha ធ្លាប់បាន​យកឈ្នះ​លើ​រដ្ឋប្រហារ​ដ៏ធំ​មួយ​នៅក្នុង​ឆ្នាំ ២០១៤ ហើយក៏​បាន​បន្ត​ដឹកនាំ​ប្រទេស​នេះ តាមរយៈ​លទ្ធផល​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៩ ដែល​ក្រុមប្រឆាំង​ធ្លាប់​ចោទប្រកាន់​ថា​ការបោះឆ្នោត​ដោយ​មិន​សេរី និង​យុត្តិធម៌​ផងដែរ។ រដ្ឋាភិបាល​របស់លោក​ធ្លាប់​បាន​ចាប់ខ្លួន​ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់សិប​នាក់ ដែល​បានធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​ផងដែរ។

ដោយឡែក សម្រាប់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​កន្លងមក លោក​តែង​បដិសេធ​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មាំមួន​ណាមួយ​ស្តីពី​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ កាលពី​ខែ​មុន​សហគមន៍​អន្តរជាតិ បាន​សង្ឃឹមថា​មេដឹកនាំ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងអស់​អាច​នឹងមាន​ចំណាត់ការ​រួមមួយ​ឆ្ពោះ​ទៅ​រក​ការបញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នេះ ប៉ុន្តែ​លោក​ Prayut មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ទេ ថែមទាំង​បាន​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី​របស់​លោក​ទៅ​ជំនួស​លោក​វិញ​ទៀតផង។

លោក​ធ្លាប់មាន​ប្រសាសន៍​ថា៖ «ទាក់ទង​នឹង​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា វា​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង។ បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កំពុង​សហការ​គ្រប់​ដៃគូ​ទាំងអស់​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ទៅ​តាម​កាតព្វកិច្ច​របស់​រដ្ឋ​នៃ​សមាជិក​របស់​អាស៊ាន​ទាំងអស់»។

ប្រទេស​ថៃ​ក៏​បាន​យល់ព្រម​គាំទ្រ​ផែនការ​ពី​កិច្ចប្រជុំ​អាស៊ាន ដែល​រួមមាន​ការបញ្ចប់​អំពើហិង្សា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ការចរចា​ប្រកប​ដោយ​សន្តិវិធី​ និង​ស្ថាបនា​ក្នុងចំណោម​ភាគី​ទាំងអស់​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ខែកុម្ភៈ​មក​មនុស្ស​ចំនួន ៤ ៩១៦ នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​របប​យោធា​ក្នុង​នោះ​មានការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ជាង ៧០ នាក់។ ក្នុងនោះ ភាគច្រើន​តែង​ស្ថិតក្នុង​ការឃុំឃាំង​នៅ​ទីតាំង ដែល​គេ​មិន​ធ្លាប់​ស្គាល់។ នេះ​បើតាម​ទិន្នន័យ​របស់​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​នៅក្នុង​ប្រទេស​ភូមា៕