ក្រុងម៉ូស្គូ៖ ការ​ជំរុញ​របស់​លោក​ប្រធានាធិបតី​ វ្លាឌីមៀរ ​ពូទីន ឲ្យ​ប្រញាប់​ប្រញាល់​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​​ រុស្ស៊ី ​នោះ​ បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មាន​ភាព​ជ្រួលច្របល់​ ដោយ​ក្រុម​អ្នក​រិះគន់​មាន​ការ​ស្មុគស្មាញ​​មិន​ដឹង​ថា ​ត្រូវ​ឆ្លើយ​តប​តាម​របៀប​ណា​?​

ក្រោយ​ពី​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី​យ៉ាង​យូរ​មក​ លោក​ប្រធានាធិបតី​ ពូទីន​ បាន​បង្ហាញ​ពី​បញ្ហា​នយោបាយ​មួយ​កាល​ពី​សប្តាហ៍​មុន ​ដោយ​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ ដែល​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​មីទ្រី ​មេដវេដេវ ​និង​រដ្ឋាភិបាល​របស់​លោក​លាលែង​ពី​តំណែង​។

រយៈពេល ​៥ ​ថ្ងៃ ​ក្រោយ​ពី​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋ​ធម្មនុញ​នោះ​ លោក ​វ្ល៉ាឌីមៀរ​ ពូទីន ​បាន​ដាក់​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​សភា​រួច​ហើយ​។

ក្រុម​អ្នក​រិះគន់​វិមាន​ក្រឹមឡាំង​ បាន​ឯកភាព​ជា​ឯកច្ឆន្ទ​ធ្វើ​ការ​ប្រឆាំង​ចំពោះ​កំណែ​ទម្រង់​នោះ​ ដោយ​មេ​ដឹកនាំ​ប្រឆាំង​ អាឡិច​ហ្សេ ណាវ៉ាល់នី ​ដែល​និយាយ​​ថា ​លោក ​ពូទីន ​ចង់​ធ្វើ​ខ្លួន​លោក​ក្លាយ​ជា​មេ​ដឹកនាំ​មួយ​ជីវិត ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​កំពុង​តស៊ូ​ស្វែងរក​មធ្យោបាយ​វាយ​បក​វិញ​។

អ្នក​វិភាគ​នយោបាយ​ និង​ជា​អតីត​វេជ្ជបណ្ឌិត​នៃ​វិមាន​ក្រឹមឡាំង​លោក Gleb Pavlovsky ​បាន​ថ្លែង​ប្រាប់ AFP ​ថា​៖ ​«ក្រុម​អ្នក​ប្រឆំាង​ក្នុង​នោះ​មាន​លោក​ ​ណាវ៉ាល់នី ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​បាន​បន្ថែម​ថា ​​អាជ្ញាធរ​ នឹង​ខិតខំ​ប្រឹងប្រែង​ពន្លឿន​ការងារ​នេះ​»។ ​

ការ​កែ​ទម្រង់​ទាំង​នេះ​ នឹង​ផ្ទេរ​អំណាច​ខ្លះ​ទៅ​ឲ្យ​សភា​នៅ​ក្នុង​នោះ​មាន​អំណាច​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី ​និង​ពង្រឹង​តួនាទី​របស់​ស្ថាប័ន​ទីប្រឹក្សា​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ​ក្រុម​ប្រឹក្សា​រដ្ឋ​ត្រូវ​បាន​ដឹកនាំ​យ៉ាង​សំខាន់​ដោយ​លោក​ ពូទីន​។

ការ​ប៉ាន់​ស្មាន​ជា​ញឹកញាប់ ​គឺ​ជា​លោក ​ពូទីន ដែល​មាន​វ័យ ​៦៧ ​ឆ្នាំ ​អាច​ប្រើប្រាស់​តំណែង​នេះ​ដើម្បី​រៀបចំ​គោល​នយោបាយ​ក្នុង​ស្រុក ​និង​ការ​បរទេស ​ក្រោយ​ពី​អាណត្តិ​ទី ​៤ ​របស់​លោក​នៅ​វិមាន​ក្រឹមឡាំង​ចប់​នៅ​ឆ្នាំ ​២០២៤​។​

ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​ច្បាស់​ថា​តើ​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ដំណើរ​ការ​ទៅ​មុខ​តាម​​​របៀប​ណា និង​ហេតុ​អ្វី​បាន​លោក​​​ប្រធានាធិបតី ពូទីន ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៅ​ពេល​នេះ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​នោះ​​៕ AFP /PSA