ក្រុមសាច់ញាតិទាមទារចម្លើយពីរឿងអគ្គិភ័យចិន
ក្រុងតេហ៊ុយៈ ក្រុមសាច់ញាតិកម្មករដែលបានស្លាប់ក្នុងអគ្គិភ័យលេបត្របាក់រោងចក្រកែច្នៃសាច់មាន់មួយនៅក្នុងតំបន់ជនបទភាគឦសានចិនបាននាំគ្នាបិទផ្លូវ និងប៉ះទង្គិចជាមួយប៉ូលិសដោយទាមទារចម្លើយចំពោះមហន្តរាយឧស្សាហកម្មដ៏អាក្រក់បំផុតមួយនៅចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មនុស្សយ៉ាងតិច១២០នាក់បានស្លាប់ហើយជាង៧០នាក់ទៀតបានរងរបួស។ បុរសស្ត្រីមួយក្រុមបានលុតជង្គង់នៅកណ្ដាលផ្លូវក្នុងក្រុងតេហ៊ុយខេត្តជីលីនដើម្បីបញ្ឈប់រថយន្តរីឯជាង១០០នាក់បានជួបជុំគ្នានៅជុំវិញអ្នកទាំងនោះ។ ប៉ូលិសបានប្រើពេលប្រមាណមួយម៉ោងដើម្បីបំបែកក្រុមអ្នកតវ៉ា៕ PN
ក្រុមសិទ្ធិមនុស្សជំរុញម៉ាឡេស៊ីអនុញ្ញាតបន្តការតវ៉ាក្រោយចេញលទ្ធផលនៃការបោះឆ្នោត
ក្រុងគូឡាឡាំពួៈ ក្រុមសិទ្ធិមនុស្សពីថ្ងៃពុធបានថ្កោលទោសលើការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នករៀបចំការតវ៉ាប្រឆាំងការបោះឆ្នោតថ្ងៃទី៥ ឧសភា នៅម៉ាឡេស៊ីដែលគណបក្សប្រឆាំងចោទថាលួចបន្លំ។ យ៉ាងតិចមនុស្ស៦នាក់ត្រូវបានចោទប្រកាន់ចាប់តាំងពីដំណាច់ខែឧសភា ពីបទរំលោភច្បាប់ជួបជុំដោយសន្តិវិធីនៅម៉ាឡេស៊ី ដោយមិនបានជូនដំណឹងដល់ប៉ូលិស ១០ថ្ងៃមុនពេលរៀបចំការធ្វើបាតុកម្មជាទង្វើមួយដែលក្រុមសិទ្ធិមនុស្សនិយាយថា ដំណើរការផ្ទុយទៅនឹងស្តង់ដារសិទ្ធិមនុស្ស។លោកភីល រ៉ូប៊ើតស៊ុន អនុប្រធានសិទ្ធិមនុស្សប្រចាំអាស៊ីបាននិយាយថា៖«ការកាត់ទោសកម្មជនពីបទរៀបចំការតវ៉ាសន្តិវិធី ជាការចំអកចំពោះការសន្យារបស់លោកនាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស»៕ CC
អ្នកកាសែតឥណ្ឌូនេស៊ី ឈ្នះពានរង្វាន់យកព័ត៌មានស៊ើបអង្កេតAFP
ក្រុងហ្សារកាតាៈ មូលនិធិ AFP បានប្រកាសកាលពីថ្ងៃពុធថា អ្នកកាសែតឥណ្ឌូនេស៊ីលោក Stefanus Teguh Edi Pramono បានឈ្នះពានរង្វាន់ Agence France Presse Kate Webb Prize សម្រាប់សេចក្តីរាយការណ៍របស់គាត់ស្តីពីសង្គ្រាមស៊ីវិលនៅស៊ីរី និងការជួញដូគ្រឿងញៀននៅក្រុងហ្សាការតា។ លោក Pramono អាយុ៣១ឆ្នាំបានធ្វើការឲ្យសារព័ត៌មាន Tempo ជាមួយរបាយការណ៍ដ៏ក្លាហានរបស់ខ្លួនក្នុងអំឡុងពេលរបបផ្តាច់ការជាង៣០ឆ្នាំរបស់មេដឹកនាំផ្តាច់ការ Suharto នៅក្នុងអំណាច៕ CC