ក្រុងម៉ានីល៖ ខ្យល់ព្យុះទីហ្វុងកាមមូរី កាលពីថ្ងៃអង្គារបានវាយប្រហារប្រទេស ហ្វីលីពីន ដោយកម្លាំងខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ច្រើន ខណៈមនុស្សរាប់សែននាក់ស្វែងរកជម្រក និងរដ្ឋធានីម៉ានីល បានបិទព្រលានយន្តហោះអន្តរជាតិជុំវិញការព្រួយបារម្ភពីសុវត្ថិភាព។
ខ្យល់ព្យុះមានកម្លាំងខ្លាំងដែលបានបោកបក់ប៊ើងបង្អួច និងដំបូលផ្ទះជាច្រើនធ្លាក់ទៅឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ហើយព្យុះនេះ ត្រូវបក់ឆ្លងកាត់ក្រុងម៉ានីលដែលមនុស្សប្រហែល ១៣ លាននាក់រស់នៅ និងអត្តពលិករាប់ពាន់នាក់ ដែលចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍។
ក្រុមអ្នកព្យាករបាននិយាយថា ព្យុះទីហ្វុងកាមមូរី បានចុះខ្សោយ ប៉ុន្តែនៅតែបោកបក់ខ្លាំងក្នុងល្បឿន ១៥០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង និងកម្លាំងខ្លាំងបំផុតបោកបក់រហូតដល់ ២០៥ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ខណៈព្យុះនេះបោកបក់ទៅទិសពាយព្យ។
លោក Luisito Mendoza មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម្នាក់នៅក្នុងក្រុងនេះ ជាទីដែលខ្យល់ព្យុះបានបណ្តាលឲ្យបាក់ដីបានថ្លែងថា៖ «យើងកំពុងតែធ្វើការវាយតម្លៃទៅលើការខូចខាត ប៉ុន្តែការខូចខាតនោះមើលទៅទំនងជាធ្ងន់ធ្ងរណាស់»។
លោកបានបន្ថែមថា៖ «មានកន្លែងមួយ ជាទីដែលកម្រិតទឹកឡើងជិតដល់ដំបូលផ្ទះ...បុគ្គលិករបស់យើងផ្ទាល់ បានរងគ្រោះដោយមុតកញ្ចក់ដែលបែករប៉ាត់រប៉ាយ ដោយបានថ្លែងថា ដើមឈើ និងបង្គោលភ្លើងជាច្រើនដើម បានរលំដោយសារខ្យល់ព្យុះ»។
ដោយសារខ្យល់ព្យុះបោកបក់ខ្ពស់ខ្លាំងនោះព្រលានយន្តហោះអន្តរជាតិ Ninoy Aquino នៅក្នុងក្រុងម៉ានីល ត្រូវបានបិទប្រតិបត្តិការ។
នៅមិនទាន់ច្បាស់ថា តើជើងហោះហើរនឹងដំណើរការឡើងនៅពេលណាទេ ប៉ុន្តែក្រុមអាជ្ញាធរប៉ាន់ស្មានប្រហែលជានៅម៉ោង ១១ យប់ថ្ងៃអង្គារ និងបានកត់សម្គាល់ថា ការសម្រេចចិត្តរបស់ពួកគេ នឹងពឹងផ្អែកទៅលើអាកាសធាតុ។
ជើងហោះហើរប្រហែល ៥០០ ត្រូវលុបចោលហើយ ក្រុមមន្ត្រីបានព្រមានដល់ក្រុមអ្នកដំណើរមិនឲ្យចូលទៅព្រលានយន្តហោះទេ។
កន្លែងយន្តហោះចេញដំណើរមួយ AFP បានទៅមើលដែលតាមធម្មតាត្រូវចេញដំណើរនៅពេលព្រឹកនោះ ពោរពេញដោយបុគ្គលិក និងអ្នកដំណើរដែលជាប់តែលតោល។
អ្នកដំណើរជនជាតិកាណាដាម្នាក់មានវ័យ ២៣ ឆ្នាំ ត្រូវរងប៉ះពាល់ដោយការពន្យារពេលជើងយន្តហោះរបស់នាងត្រឡប់ទៅផ្ទះជិតពេញ ១ ថ្ងៃ។
នាងបានមកដល់ក្រុងម៉ានីលដោយជើងយន្តហោះព្រឹកថ្ងៃចន្ទ ដែលរងប៉ះពាល់ដោយព្យុះនេះមកពីកោះសេប៊ូភាគកណ្តាល។
នាងបាននិយាយប្រាប់ AFP ថា៖ «ជើងយន្តហោះនេះ មានភាពវឹកវរបំផុតក្នុងចំណោមជើងយន្តហោះដែលខ្ញុំធ្លាប់ជិះក្នុង ១ ជីវិតរបស់ខ្ញុំ»។
ក្រុមគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សប្រហែល ៣៤ ម៊ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសំបែងនៅក្នុងតំបន់ប៊ីកូលភាគកណ្តាល។
ប្រជាជនដែលនៅសង្កាត់វាលទំនាបនៃក្រុងម៉ានីលត្រូវបានប្រាប់ឲ្យចាកចេញពីផ្ទះបណ្តោះអាសន្នរបស់ពួកគេ ប៉ុន្តែមិនទាន់ច្បាស់ថា មានមនុស្សប៉ុន្មាននាក់ត្រូវរងប៉ះពាល់នោះទេ៕ AFP/PSA