ក្រុងម៉ានីល៖ មនុស្សយ៉ាងតិច ១០ នាក់បានស្លាប់ ខណៈព្យុះទីហ្វុងហ្គោនី បានវាយប្រហារហ្វីលីពីនកាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យដំបូលផ្ទះប៊ើង បង្គោលភ្លើងរលំ និងបង្កឱ្យមានជំនន់នៅក្នុងតំបន់ដែលរងប៉ះពាល់ខ្លាំងបំផុតជាទីដែលមនុស្សរាប់ម៊ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។
មន្ត្រីបាននិយាយថា ព្យុះមានកម្លាំងខ្លាំងបំផុតនៅក្នុងឆ្នាំនេះ ក៏បានបណ្តាលឱ្យបាក់ដីកប់ផ្ទះសំបែងជាច្រើនខ្នងនៅភាគខាងត្បូងនៃកោះ Luzo ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត។
ហ្គោនី គឺជាព្យុះទីហ្វុងមានកម្លាំងខ្លាំងដែលបានបក់ធ្លាក់ចំកោះ Catanduanes នៅមុនពេលថ្ងៃរះ ដោយខ្យល់នេះបក់ក្នុងល្បឿន ២២៥ គីឡូម៉ែត្រ ក្នុង ១ ម៉ោង និងនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់នេះ។
ព្យុះនេះបានចុះថយល្បឿន ខណៈវាបានបក់ឆ្លងកាត់កោះ Luzon ហើយបានបក់ផុតក្រុងម៉ានីល ធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលត្រូវគេរំពឹងទុកថាក្លាយជាព្យុះត្រូពិកដ៏ខ្លាំងក្លាមួយ។
ខេត្ត Catanduanes និង Albay បានរងកម្លាំងខ្យល់ព្យុះហ្គោនីយ៉ាងខ្លាំង ដែលការព្យាករអាកាសធាតុរបស់រដ្ឋបានព្រមានថា ព្យុះនេះអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ព្យុះទីហ្វុងនេះបានកើតឡើងរយៈពេល ១ សប្តាហ៍ក្រោយពីព្យុះទីហ្វុង Molave បានវាយប្រហារតំបន់ដូចគ្នានៃប្រជុំកោះដែលរងប៉ះពាល់ដោយមហន្តរាយធម្មជាតិនេះ ដោយបង្កឱ្យមនុស្ស ២២ នាក់ស្លាប់។
ក្រុមការពារស៊ីវិលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ នៅក្នុងខេត្ត Albay និងម្នាក់ស្លាប់នៅខេត្ត Catanduanes៕ AFP/PSA