ក្រុងតូក្យូ៖ ​មនុស្ស​យ៉ាង​តិច ១៩ ​នាក់​បាន​ស្លាប់​ និង ​១៦ ​នាក់​ផ្សេង​ទៀត​ កំពុង​បាត់​ខ្លួន​ ខណៈ​ខ្យល់​ព្យុះ​ទីហ្វុង​ហាជីប៊ីស ​បាន​វាយ​ប្រហារ​ប្រទេស ​ជប៉ុន​ នៅ​ក្នុង​នោះ​មាន​តំបន់​ទីក្រុង​តូក្យូ ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​​​ហូរ​ចូល​ទៅ​ក្នុង​តំបន់ លំនៅឋាន​នានា​នៅ​ទូទាំង​​ប្រទេស​នេះ​។​

យោង​តាម​ចំនួន​សរុប​របស់​សារព័ត៌មាន​ Kyodo ​ដោយ​​ផ្អែក​ទៅ​លើ​ព័ត៌មាន​ ដែល​បាន​ផ្តល់​ដោយ​ក្រុម​ជួយ​សង្គ្រោះ​ និង​អាជ្ញាធរ​ផ្សេង​ទៀត​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រហែល ​១០០ នាក់ ​បាន​រង​របួស​នៅ​ទូទាំង​ប្រទេស​។​

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ដំណើរការ​នៅ​កណ្តាល​ទីក្រុង​តូក្យូ​ នៅ​តំបន់​ភាគ​ខាង​កើត​ និង​ឦសាន​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់ ​និង​បាក់​ដី​។ ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រមូល​កង​កម្លាំង​ស្វ័យ​ការពារ ​២៧ ​០០០ ​នាក់​ សម្រាប់​​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ទូទាំង​ប្រទេស​។​

នៅ​កណ្តាល​ទីក្រុង​ណាហ្គាណូ ​នៃ​ប្រទេស ​ជប៉ុន​ គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​រង​កា​រវាយ​ប្រហារ​យ៉ាង​ខ្លាំង​បំផុត​ ខណៈ​ច្រាំង​នៃ​ទន្លេ​ឈីគូរ៉ា ​បាន​បាក់​រលំ​ដោយ​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​លំនៅឋាន​ជា​ច្រើន​ដោយ​ ក្រសួង​ដែនដី​បាន​ប៉ាន់​ប្រមាណ​ថា​ តំបន់​ខ្លះ​ក្នុង​ចំណោម​តំបន់​ទាំង​នោះ​ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ទឹក​ជំនន់​ឡើង​រហូត​ដល់​កម្ពស់ ​៥ ​ម៉ែត្រ​។​

​​បុរសម្នាក់ដែល​កំពុង​​យកអា​ហារទៅ​ចែក​អ្នកស្រុក​ដែលជាប់​​​នៅ​ក្នុង​ផ្ទះ​​ដើរឆ្លងទឹក​ជំនន់។ AFP

ទឹក​ជំនន់​បាន​ជន់​លិច​ផ្ទះ ​និង​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ នៅ​ក្នុង​នោះ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ និង​រថភ្លើង​ល្បឿន​លឿន​ជា​ច្រើន​គ្រឿង​ បាន​ចត​នៅ​ចំណត​រថភ្លើង​របស់​ក្រុមហ៊ុន​ Railway Co ​នៅ​ប្រទេស ​ជប៉ុន​ភាគ​ខាង​កើត ​នៅ​ជិត​ស្ថានីយ​ណាហ្គាណូ​។​

មនុស្ស​ជាង ​៦ ​លាន​នាក់ ​នៅ​ទូទាំង​កោះ​ហ៊ុងស៊ូ​ដ៏​សំខាន់​របស់​ប្រទេស ​ជប៉ុន​ ត្រូវ​បាន​គេ​ជម្លៀស​ឲ្យ​ចេញ​ពី​ទីនោះ ​ដោយ​ក្រុម​ប្រតិបត្តិការ​រថភ្លើង​​ដែល​បាន​ពន្យារពេល​ការ​ផ្តល់​សេវា​រថភ្លើង​ និង​ព្រលាន​យន្តហោះ​ភាគ​ច្រើន​​ត្រូវ​បាន​បិទ​នៅ​ក្នុង​ទីក្រុង​ធំៗ​​ ​និង​នៅ​តំបន់​ជុំវិញ​ជា​ច្រើន​ទៀត​ នៅ​ចន្លោះ​​រសៀល​ថ្ងៃ​សៅរ៍ ​និង​ព្រឹក​ថ្ងៃ​អាទិត្យ​។

ចំណែក​ឯ​ក្រុម​ទី​ប្រឹក្សា​ផ្តល់​យោបល់​ឲ្យ​ជម្លៀស​ជន​ភៀស​ខ្លួន​ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​តូក្យូ​ ហើយ​ភាគ​ច្រើន​នៃ​កណ្តាល​ក្រុង​ និង​ភាគ​ខាង​កើត​ប្រទេស ជប៉ុន​ ក្រសួង​ដែន​ដី ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដឹក​ជញ្ជូន​ និង​ទេសចរណ៍​បាន​ថ្លែង​ថា​ យ៉ាង​ហោច​ណាស់​មាន​កន្លែង​បាក់​ដី ​និង​ហូរ​លាយ​ឡំ​ដោយ​ភក់ ​៤៨ កន្លែង​ ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​នៅ​ក្នុង​តំបន់​ទាំង ​១២​ ហើយ​ទន្លេ ​៩​ បាក់​ច្រាំង​។ ​

ព្រលាន​យន្តហោះ​ហានីដា និង​សេវា​រថភ្លើង​ល្បឿន​លឿន​ស៊ីនកាន់សេន​នៃ​ទីក្រុង​តូក្យូ​ បាន​ចាប់​ផ្តើម​បន្ត​ប្រតិបត្តិការ​ឡើង​វិញ ​ចាប់​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​​ការ​ពន្យារពេល​យ៉ាង​យូរ​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​កន្លង​ទៅ​នេះ​៕ Kyodo/SK