កាល​ពី​ថ្ងៃ​អង្គារ ទី ៩ កុម្ភៈ​នេះ ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​បើក​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​អតីត​ប្រធានាធិបតី លោក Donald Trump បន្ទាប់​ពី​ស្ដាប់​ការ​តស៊ូ​មតិ​ជាច្រើន​ម៉ោង​រវាង​អយ្យការ​សភា​តំណាង និង​ក្រុម​មេធាវី​ការពារ​ក្ដី​លោក Trump ថា​តើ​ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​ប្រធានាធិបតី​នៅ​ព្រឹទ្ធសភា​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ដែរ​ឬទេ។

សំឡេង​ឆ្នោត​គាំទ្រ​ការ​ចាប់​ផ្ដើម​ជំនុំ​ជម្រះ​ក្ដី គឺ ៥៦-៤៤ ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ៦ រូប ​ចូលរួម​គាំទ្រ​ជាមួយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទាំង ៥។ សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​បោះឆ្នោត​គាំទ្រ​គឺ​លោកស្រី Susan Collins មក​ពី​រដ្ឋ Maine លោកស្រី Lisa Murkowski មក​ពី​រដ្ឋ Alaska លោក Mitt Romney មកពី​រដ្ឋ Utah លោក Ben Sasse មកពី​រដ្ឋ Nebraska លោក Pat Toomey មកពី​រដ្ឋ Pennsylvania និង​លោក Bill Cassidy មកពី​រដ្ឋ Louisiana។

ការ​បោះឆ្នោត​របស់​លោក Cassidy គឺ​គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ ដោយសារ​លោក​គឺ​ជា​សមាជិក​ព្រឹទ្ធសភា​តែ​មួយ​គត់​ដែល​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​លោក។ កាល​ពី​ចុង​ខែ​មករា លោក Cassidy បាន​បោះឆ្នោត​គាំទ្រ​ការ​សម្រេច​ប្រកាស​ថា ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​ប្រធានាធិបតី​នៅ​ព្រឹទ្ធសភា គឺ​មិន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ទេ តែ​ការ​បោះឆ្នោត​កាល​នោះ​បាន​បរាជ័យ​ដោយ​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ច្រាន​ចោល​ការ​សម្រេច​នេះ​ក្នុង​សំឡេង ៥៥-៤៥។

លោក ​Cassidy បាន​និយាយ​ថា លោក​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​លោក​បន្ទាប់​ពី​បាន​ស្ដាប់​មតិ​របស់​អយ្យការ​សភា​តំណាង។ ក្នុង​សេចក្ដី​ថ្លែងការណ៍​លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​មិន​យល់ស្រប​នឹង​ការ​បោះឆ្នោត​របស់​ខ្ញុំ ហើយ​ត្រូវ​ការ​ការ​ពន្យល់ ខ្ញុំ​សូម​ឱ្យ​ពួក​គេ​ស្ដាប់​បទបង្ហាញ​របស់​អយ្យការ​សភា​តំណាង និង​ក្រុម​មេធាវី​ប្រធានាធិបតី Trump»។

កាល​ពី​ថ្ងៃ ១៣ មករា សភា​តំណាង​អាមេរិក​បាន​បោះឆ្នោត​ក្នុង​សំឡេង ២៣២-១៩៧ ធ្វើ​ការ​ចោទ​ប្រកាន់​លោក Trump ពី​បទ​ញុះញង់​ឱ្យ​មាន​កុបកម្ម ដោយ​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី ៦ មករា លោក​បាន​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់លោក​ឱ្យ​ទៅ​ធ្វើ​កុបកម្ម​នៅ​វិមាន​កាពីតូល (អគារ​សភា) ដែល​ឈាន​ដល់​ការ​វាយ​សម្រុកចូល​បន្ទប់​អង្គសភា​ទាំង ២។

អយ្យការ​សភា​តំណាង​ចាប់​ផ្ដើម​បទ​បង្ហាញ​របស់​ពួកគេ​ដោយ​ចាក់​វីដេអូ​សង្ខេប​ព្រឹត្តិការណ៍​កុបកម្ម ៦ មករា ដែល​រួម​មាន​ការ​ដកស្រង់​សម្ដី​លោក Trump មួយ​ចំនួន​ដូច​ជា​ការ​និយាយថា «យើង​នឹង​បញ្ឈប់​ការ​លួច» ដែល​ទាក់ទង​នឹង​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​របស់​លោក​ថា ការ​បោះឆ្នោត​ត្រូវ​បាន «លួច» ដោយ​ការ​ក្លែងបន្លំ។

បន្ទាប់​ពី​ការ​ចាក់​វីដេអូ​អយ្យការ​នាំមុខ​សមាជិក​សភា​តំណាង​លោក Jamie Raskin ដែល​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់​បាន​និយាយ​ថា សកម្មភាព​របស់លោក Trump គឺ​ជា «ឧក្រិដ្ឋកម្ម​ខ្ពស់»។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក Trump បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ថា សម្ដី​របស់​លោក Trump គឺ​ស្ថិត​ក្រោម​ការ​ការពារ​របស់​វិសោធនកម្ម​ទី១ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក ហើយ​លោក​មិនបាន​បង្ក​ឱ្យ​មាន​កុបកម្ម​នេះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​មេធាវី​បាន​និយាយ​ថា ការ​ជំនុំ​ជម្រះក្ដី​លោក Trump គឺ​មិន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ទេ ដោយសារ​លោក​បាន​ចាក​ចេញ​ពី​តំណែង​ទៅ​ហើយ។

លោក​មេធាវី Bruce Castor បាន​និយាយ​ថា៖ «ប្រធានាធិបតី Trump លែង​កាន់​អំណាច​ទៀត​ហើយ។ គោលបំណង​របស់​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​សម្រេច​រួច​ទៅ​ហើយ។ លោក​ត្រូវ​បាន​ដក​ចេញពី​តំណែង​ដោយ​អ្នក​បោះឆ្នោត»។

លោក Raskin បាន​ច្រានចោល​មតិ​របស់​មេធាវី​លោក Trump ហើយ​និយាយថា សកម្មភាព​ខុសច្បាប់​របស់​លោក Trump ក្នុង​នាម​ជា​ប្រធានាធិបតី គឺ​មិនអា​ច​លើកលែង​បាន បើ​ទោះបី​ជា​លោក​ចាក​ចេញពី​តំណែង​ក៏​ដោយ។

លោក​បាន​និយាយ​ថា ការ​លើកលែង គឺ​ហាក់​ដូចជា​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ខុស ច្បាប់​ដោយ​និទ្ទណ្ឌភាព​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច។

អយ្យការ​សភា​តំណាង​បាន​លើក​ឡើង​អំពី​ករណីមុនៗ ដែល​មាន​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ព្រឹទ្ធសភា​បាន​កើត​ឡើង បន្ទាប់​ពី​មន្ត្រី​បាន​ចាកចេញ​ពី​តំណែង។ ពួក​គេ​បាន​លើក​ឡើង​ពី​សំណុំ​រឿង​ពុក​រលួយ​មួយ​កាល​ពី​ឆ្នាំ ១៨៧៦ ដែល​កាល​នោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ William Belknap ត្រូវ​បាន​សភា​តំណាង​ធ្វើ​ការ​ចោទ​ប្រកាន់ ហើយ​ព្រឹទ្ធសភា​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្ដី បន្ទាប់​ពី​លោក​បាន​ចាកចេញ​ពី​តំណែង។

យ៉ាងណា​មិញ ការ​ជំនុំជម្រះ​ក្ដី​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​ទី ១០ កុម្ភៈ (ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ នៅ​កម្ពុជា) ដោយ​ភាគី​សង​ខាង​នឹង​មាន​ពេល​វេលា​រហូត​ដល់ ១៦ ម៉ោង​សម្រាប់​បញ្ចុះបញ្ចូល​ឱ្យ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ផ្ដន្ទាទោស ឬ​លើកលែង​ទោស៕