កាលពីថ្ងៃចន្ទ ទី ២៩ មីនា ព្រែកជីកស៊ុយអេ (Suez Canal) បើកដំណើរការឡើងវិញ បន្ទាប់ពីក្រុមជួយសង្គ្រោះ បានទទួលជោគជ័យក្នុងការដកនាវាទំនិញដ៏ធំមួយជាប់កឿងនៅកណ្ដាលព្រែក ធ្វើឱ្យបញ្ចប់វិបត្តិកកស្ទះផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក។
ក្រុមនាវា ដោយមានជំនួយពីជំនោរទឹក បានទាញនាវាទំនិញខ្នាតធំ MV Ever Given ចេញពីច្រាំងខ្សាច់នៃព្រែកជីក ដែលជាទីកន្លែងនាវានេះជាប់កឿងតាំងពីថ្ងៃទី ២៣ មីនា មកម្ល៉េះ។ លោកឧត្ដមសេនីយ៍ឯក Osama Rabei ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ បាននិយាយថា ចរាចរណ៍ឆ្លងបានចាប់ផ្ដើមឡើងវិញនៅម៉ោង ៦ ល្ងាច ដោយនាវាដំបូងឆ្លងកាត់ព្រែកនេះ គឺជានាវាដឹកជញ្ជូនសត្វពាហនៈ។
យ៉ាងហោចណាស់មាននាវា ៣៦៧ គ្រឿងដែលដឹកជញ្ជូនអ្វីៗគ្រប់យ៉ាងពីប្រេងឆៅ រហូតដល់សត្វពាហនៈបានបោះយុថ្កានៅមាត់ព្រែក ដើម្បីរង់ចាំធ្វើការឆ្លងកាត់។ នាវាផ្សេងទៀតបានធ្វើដំណើរតាមផ្លូវវាងដ៏វែងឆ្ងាយនៅជុំវិញ Cape of Good Hope នៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលជាផ្លូវមានចម្ងាយ ៥ ០០០ គីឡូម៉ែត្រ ដែលនឹងបន្ថែមការចំណាយប្រាក់រាប់ពាន់ដុល្លារទៅលើថ្លៃប្រេងឥន្ធនៈ និងចំណាយផ្សេងទៀត៕