កាលពីថ្ងៃទី ១៣ តុលា ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ាប្រឆាំងរាជានិយម និងប៉ូលិសបានផ្ទុះឡើងនៅវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ដែលជាកន្លែងជួបជុំក្រុមបាតុករក្នុងអំឡុងពេលនៃការតវ៉ាជាច្រើនខែនេះ។ ប៉ូលិសបានឃាត់ខ្លួនបាតុករចំនួន ២១ នាក់ ដែលធ្វើឱ្យក្រុមបាតុករស្រែកថា «ដោះលែងមិត្តយើង» ខណ:ក្បួនរថយន្តរបស់ព្រះមហាក្សត្រ Maha Vajiralon gkorn បានធ្វើដំណើរឆ្លងកាត់ទីនោះ។
ក្រុមបាតុករបានគ្រោងប្រមូលផ្ដុំគ្នានៅវិមានប្រជាធិបតេយ្យ និងហែក្បួនទៅកាន់ការិយាល័យរបស់នាយករដ្ឋមន្ត្រីនៅថ្ងៃពុធ និងធ្វើការបោះជំរំនៅទីនោះ។ បើសិនក្រុមបាតុករហែក្បួនទៅមុខ ពួកគេអាចប្រឈមមុខនឹងក្រុមគាំទ្ររាជានិយមដែលបានគ្រោងធ្វើបាតុកម្មផ្ទាល់របស់ពួកគេនៅជិតនោះដែរ។
កាលពីខែមុន មេដឹកនាំក្រុមបាតុករនិស្សិតកញ្ញា Panusaya Sithijirawattanakul បានធ្វើការទាមទារចំនួន ១០ ចំណុច នៅមុខព្រះបរមរាជវាំង ដើម្បីធ្វើការកែទម្រង់របបរាជានិយម។ ការទាមទារដែលក្រុមបាតុករបានផ្ញើទៅតុលាការកំពូលរួមមានដូចជាការអំពាវនាវធ្វើការបែងចែកឱ្យកាន់តែច្បាស់រវាងទ្រព្យសម្បត្តិរាជវង្ស និងទ្រព្យសម្បត្តិសាធារណ: ការកាត់បន្ថយថវិកាជាតិ ដែលបានបម្រុងទុកសម្រាប់ព្រះមហាក្សត្រ ការលុបចោលតំណែងរាជវង្សមួយចំនួន និងការដកហូតច្បាប់ ដែលរារាំងការរិះគន់ព្រះមហាក្សត្រ។
ទោះជាយ៉ាងណា ព្រះអង្គ Vajiralongkorn បានយាងចេញពីប្រទេសអាល្លឺម៉ង់ មកប្រទេសថៃ វិញនៅថ្ងៃអង្គារ ដើម្បីចូលរួមពិធីគម្រប់ខួប ៤ ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបិតា Bhumibol Adulyadej។ តាំងពីឡើងសោយរាជ្យមក ព្រះអង្គបានចំណាយពេលភាគច្រើននៅវីឡារបស់ព្រះអង្គ នៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់។ ព្រះអង្គមិនបានតែងតាំងឧបរាជ ហើយព្រះអង្គនៅតែអនុវត្តអំណាច ខណ:ដែលព្រះអង្គគង់នៅប្រទេសអាល្លឺម៉ង់។
ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា ព្រះអង្គមិនគួរចូលរួមក្នុងឆាកនយោបាយពីក្នុងប្រទេសអាល្លឺម៉ង់ ទេ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយទៅកាន់សភា Bundestag ថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយប្រទេសថៃ មិនគួរអនុវត្តចេញពីដែនដីអាល្លឺម៉ង់ទេ»។
ព្រះអង្គ Vajiralongkorn មានប្រជាប្រិយភាពតិចជាងព្រះបិតា Bhumibol Adulyadej ដែលបានគ្រងរាជ្យអស់រយ:ពេល ៧០ ឆ្នាំ។ ព្រះអង្គត្រូវបានប្រជាជនរិះគន់ជាច្រើនចំណុច ចាប់តាំងពីបញ្ហាតូចៗដូចជា សម្លៀកបំពាក់អាកប្បកិរិយា និងការផ្លាស់ប្ដូរភរិយា និងស្រីស្នំជាច្រើន ទៅដល់បញ្ហាធំៗ ដូចជា ការទាញយកទ្រព្យសម្បត្តិរាជវង្សមកគ្រប់គ្រងដោយផ្ទាល់ ដែលដើមឡើយគ្រប់គ្រងដោយរដ្ឋាភិបាល ការចាយវាយខ្ជះខ្ជាយការមិនស្នាក់នៅក្នុងប្រទេស និងការទាញយកទាហានរាប់ពាន់នាក់មកគ្រប់គ្រងដោយផ្ទាល់។
ប៉ុន្តែការរិះគន់ប្រមាថព្រះមហាក្សត្រត្រូវបានប្រជាជនថៃភាគច្រើនគិតថា មិនអាចធ្វើបាន ដោយសារជំនឿថា ព្រះមហាក្សត្រគឺជាអាទិទេព។ ការប្រមាថព្រះមហាក្សត្រ មហាក្សត្រី រជ្ជទាយាទ ក៏ត្រូវបានហាមឃាត់ដោយច្បាប់ Lese-majest ដែលអាចមានទោសជាប់គុករហូតដល់ ១៥ ឆ្នាំ។
បាតុកម្មបានចាប់ផ្ដើមនៅខែកុម្ភ: ឆ្នាំ ២០២០ ក្រោយពីការរំលាយគណបក្សប្រឆាំង Future Forward។
រហូតមកទល់ពេលនេះ ក្រុមអ្នកតវ៉ាបានធ្វើការទាមទារចំនួន ៤ ចំណុច គឺការលាលែងពីតំណែងរបស់លោក ប្រាយុធ ចាន-អូចា ការធ្វើរដ្ឋធម្មនុញ្ញថ្មី ការកែទម្រង់របបរាជានិយម និងការលុបបំបាត់ច្បាប់ Lese-majest៕