សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជា​ផ្លូវ​ទឹក​មួយ​ដែល​មាន​ជម្លោះ​ដែន​ទឹក​ត្រួត​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជា​រឿង​ដ៏​ក្ដៅ​គគុក​មួយ​រវាង​​ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​ ដោយសារ​មាន​ការ​កើន​ឡើង​នូវ​សកម្មភាព​របស់​យោធា​ចិន ​ដើម្បី​ពង្រឹង​ការ​កាន់កាប់​ដែន​ទឹក​តាម ​«ខ្សែ​បន្ទាត់ ​៩ ​ត្រេ​» ​របស់​ពួក​គេ ​និង​រួម​ជាមួយ​ការ​បង្កើន​សកម្មភាព​យោធា​អាមេរិក ​ដើម្បី​ធានា​ «​សេរីភាព​នាវាចរណ៍​» ក្នុង​តំបន់​នេះ​។​ អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ តំបន់​នេះ​គឺ​ជា​តំបន់​ដែល​មាន​ភាព​តានតឹង​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ ​និង​ជា​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​។​

ក្រោយ​លោក​ Donald Trump ​បាន​​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ ​២០១៧​ ភាព​តានតឹង​រវាង​ចិន ​និង​អាមេរិក ​គឺ​កាន់​តែ​កើន​ឡើង​ជាង​មុន​ ព្រោះ​រដ្ឋបាល​លោក​ Trump​ បាន​ធ្វើ​ការ​កែប្រែ​គោល​នយោបាយ​មួយ​ចំនួន​លើ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន​ ដូច​ជា​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ចិន​ ការ​បង្កើន​ចំនួន​បេសកកម្ម ​«​សេរីភាព​នាវាចរណ៍​»​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ការ​បង្កើន​ទំនាក់ទំនង​យោធា ​និង​ពាណិជ្ជកម្ម​ជាមួយ​កោះ​តៃវ៉ាន់​ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ហុងកុង​ជា​ដើម​។​

នៅ​ចំណុច​កណ្ដាល​នៃ​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​ទាំង ​២ ​នេះ​ គឺ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(អាស៊ាន​) ដែល​មាន​ប្រទេស​សមាជិក​ចំនួន ​៤ ​(​ប្រ៊ុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន​ និង​វៀតណាម​)​ ​គឺ​ជា​ភាគី​មាន​​ទំនាស់​ដែន​ទឹក​ជាមួយ​ប្រទេស​ចិន​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​ ដោយសារ​តម្រូវ​ការ​ការពារ​អធិបតេយ្យភាព​របស់​សមាជិក ​និង​តម្រូវ​ការ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ រដ្ឋអាស៊ាន​មួយ​ចំនួន​កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ឱ្យ​ធ្វើ​ការ​ជ្រើសរើស​រវាង​ចិន​ និង​អាមេរិក​។​

តាំង​ពី​ការ​ចាប់​បដិសន្ធិ​នៅ​ឆ្នាំ ​១៩៦៧​ ​អាស៊ាន​បាន​ខំ​ប្រឹង​ចៀស​វាង​មិន​ឱ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​ពិភព​លោក​។ សមាជិក​ទាំង ​១០​ នៃ​អាស៊ាន​ក៏​ជា​សមាជិក​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ផង​ដែរ​ ដែល​ចលនា​នេះ​ហាម​ឃាត់​ការ​ចូលរួម​បក្ស​សម្ព័ន្ធ​យោធា​ពហុភាគី​ ការ​ធ្វើ​កិច្ច​ព្រមព្រៀង​យោធា​ទ្វេ​ភាគី​ក្នុង​បរិបទ​ជម្លោះ​រវាង​មហា​អំណាច​ពិភព​លោក​ និង​ការ​អនុញ្ញាត​ឱ្យ​មហា​អំណាច​ប្រើប្រាស់​មូលដ្ឋាន​យោធា ​ក្នុង​បរិបទ​ជម្លោះ​រវាង​មហា​អំណាច​ពិភព​លោក​។​

ប៉ុន្តែ​បណ្ដា​រដ្ឋ​អាស៊ាន​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ប្រ៊ុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន​ ថៃ ​និង​សិង្ហបុរី​ បាន​រក្សា​ទំនាក់​ទំនង​យោធា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​។ ​នៅ​ឆ្នាំ​ ១៩៩០ ​សិង្ហបុរី​និង​សហរដ្ឋ​អាមេរិក​ បាន​​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​មួយ ​ដែល​អនុញ្ញាត​ឱ្យ​​យោធា​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​​ទ័ព​អាកាស ​និង​ទ័ព​ជើងទឹក​របស់​សិង្ហបុរី​។ ​អនុស្សរណៈ​នេះ​ត្រូវ​បាន​បន្ត​នៅ​ឆ្នាំ ​២០០៥​ និង​ម្ដង​ទៀត​នៅ​ឆ្នាំ ​២០១៩ ​ហើយ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ ២០៣៥​។​

អាមេរិក​បាន​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​នេះ ​ដើម្បី​ចុះ​ចត​នាវា​ចម្បាំង​ប្រភេទ ​Littoral ​Combat ​Ship (LCS)​ និង​យន្តហោះ​ឃ្លាំមើល​ផ្ទៃ​សមុទ្រ​ P-8 ​Poseidon ​ដែល​ប្រើប្រាស់​ក្នុង​បេសកកម្ម ​«​សេរីភាព​នាវាចរណ៍​»​ របស់​ពួក​គេ​។ ​ក្រៅ​ពី​នេះ​អាមេរិក​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ដល់​ប្រទេស​សិង្ហបុរី ហើយ​ក៏​បាន​អនុញ្ញាត​ឱ្យ​សិង្ហបុរី​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ខ្លួន​ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ទាហាន​ផង​ដែរ​។​

រី​ឯ​ប្រទេស​ថៃ ​វិញ​ នៅ​ឆ្នាំ ១៩៥៤​​ បាន​​ចុះ​ហត្ថលេខា​លើ​កតិកា​សញ្ញា​ក្រុង​ម៉ានីល​ជាមួយ​អូស្ត្រាលី ​បារាំង​ នូវែលសេឡង់ ​ប៉ាគីស្ថាន ​ហ្វីលីពីន ​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ ដើម្បី​បង្កើត​អង្គការ​សន្ធិសញ្ញា​អាស៊ីអាគ្នេយ៍ ​(SEATO) ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង ​(NATO)។ ​

បើ​ទោះ​បី​អង្គការ SEATO​ បាន​ដួល​រលំ​ហើយ​ក្តី​ ​កតិកា​សញ្ញា​ក្រុង​ម៉ានីល ​បាន​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​យោធា​រវាង​ថៃ ​និង​អាមេរិក​ ដែល​ទំនាក់​ទំនង​នេះ​ត្រូវ​បាន​ពង្រឹង​ដោយ​សកម្មភាព​មួយ​ចំនួន​ដូច​ជា ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​ Thanat ​Rusk​ នៅ​ឆ្នាំ​ ១៩៦២​ ការ​កំណត់​ថៃ​ជា ​«​សម្ព័ន្ធ​មិត្ត​ដ៏​​សំខាន់​ដែល​មិន​មែន​ជា​សមាជិក ​NATO​»​ របស់​អាមេរិក​នៅ​ឆ្នាំ ​២០០៣​ និង​​​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ចក្ខុវិស័យ​រួម​នៅ​ឆ្នាំ​ ២០១២​ និង ​២០២០​។​

កាល​ពី​ឆ្នាំ ​១៩៦៥​ ថៃ ​និង​អាមេរិក​បាន​សហ​ការ​គ្នា​សាងសង់​មូលដ្ឋាន​ទ័ព​អាកាស​ របស់​កងទ័ព​ជើង​ទឹក​ថៃ​នៅ​ភូមិ​ U-Tapao​ ហើយ​ នៅ​ឆ្នាំ ​១៩៦៧ ​ភាគី​ទាំង ​២ បាន​ឈាន​ដល់​ការ​​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​​ឱ្យ​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អាកាស​នេះ​ជា​មូលដ្ឋាន​យន្តហោះ​​ទម្លាក់​គ្រាប់​បែក ​B-52 ក្នុង​ការ​អនុវត្ត​ប្រតិបត្តិការ ​Arch ​Light,​ Barrel ​Roll​, ​និង​ Menu​ ដែល​ជា​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​នៅ​វៀតណាម​ខាង​ជើង​ ឡាវ ​និង​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ទី២​។

មូលដ្ឋាន​ទ័ព​អាកាស​ U-​Tapao ​ក៏​បាន​អនុញ្ញាត​ឱ្យ​យន្តហោះ​ចម្បាំង​អាមេរិក​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ ​២០០១​ និង​សង្គ្រាម​​អ៊ីរ៉ាក់​នៅ​ឆ្នាំ ​២០០៣​ ចុះ​ចត​ និង​ចាក់​បំពេញ​ប្រេង​ផង​ដែរ​។​

អាមេរិក ​គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​មួយ​របស់​ថៃ​ ​ហើយ​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​។​ តាំង​ពី​ឆ្នាំ ​១៩៨២ ​មក​ ប្រទេស​ទាំង ​២ ​រៀបចំ​សមយុទ្ធ​ពហុភាគី​ខ្នាត​ធំ​ Cobra ​Gold​ នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​ជា​រៀង​រាល់​ឆ្នាំ ​ដែល​នៅ​ឆ្នាំ ​២០២០​ មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ឥណ្ឌូនេស៊ី​ ជប៉ុន​ ម៉ាឡេស៊ី ​និង​កូរ៉េ​ខាង​ត្បូង​។​

រី​ឯ​ប្រទេស​ហ្វីលីពីន​វិញ​ គឺ​ជា​អតីត​ប្រទេស​ក្រោម​អាណានិគម​របស់​សហរដ្ឋ​អាមេរិក​ ដែល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៦​។ ​នៅ​ឆ្នាំ ​១៩៤៧​ អាមេរិក​បាន​ចាប់​ផ្ដើម​សាងសង់​ និង​គ្រប់គ្រង​មូលដ្ឋាន​យោធា​មួយ​ចំនួន​នៅ​ហ្វីលីពីន ​ប៉ុន្តែ​នៅ​ឆ្នាំ ​១៩៩១​ អាមេរិក​បាន​ប្រគល់​ការ​គ្រប់គ្រង​ឱ្យ​ទៅ​​ហ្វីលីពីន​វិញ​។​ នៅ​ឆ្នាំ ​១៩៥១​ ប្រទេស​​ទាំង ​២ ​បាន​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​បាន​ចែង​ថា​ ប្រទេស​ទាំង ​២ នឹង​គាំទ្រ​គ្នា​ប្រសិន​បើ​រង​ការ​វាយ​ប្រហារ​ដោយ​ភាគី​ខាង​ក្រៅ​ណា​មួយ​។​

រី​ឯ​ប្រទេស​ប្រ៊ុយណេ ​វិញ​ ​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​លើ​សហប្រតិបត្តិការ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ​១៩៩៤​។​ ប្រ៊ុយណេ ​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ទ្វេ​ភាគី​លើក​ដំបូង​នៅ​ឆ្នាំ ​២០១៨ ​និង​បាន​សហការ​គ្នា​រៀបចំ​សមយុទ្ធ​ពហុភាគី ​CARAT ​Brunei​ តាំង​ពី​​ឆ្នាំ ​១៩៩៥ ​ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​អាស៊ាន​ផ្សេង​ទៀត​។​

ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ដល់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​អំពី​ការ​ចុះចត​យន្តហោះ​ឃ្លាំមើល​​ផ្ទៃ​សមុទ្រ ​P-8 ​Poseidon ​ហើយ​មាន​ការ​រាយការណ៍​ថា ​ប្រទេស​ម៉ាឡេស៊ី ​ហ្វីលីពីន​ និង​សិង្ហបុរី​ បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​យន្តហោះ ​P-8 ​ចុះចត​ និង​ចាក់​ប្រេង​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​របស់​ពួក​គេ​។​ សារព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា ​អាមេរិក​បាន​ស្នើ​បែប​នេះ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ​ផង​ដែរ​ តែ​លោក​ប្រធានាធិបតី​ Joko ​Widodo​ បាន​បដិសេធ​។​

ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ ​ឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ប្រកាន់​យក​គោល​នយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​តឹង​រ៊ឹង​ជាង​គេ​។​ ឥណ្ឌូនេស៊ី​គឺ​ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​ស្ថាបនិក​ចំនួន ​៥ នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​។ ​បើ​ទោះបី​ជា​ឥណ្ឌូនេស៊ី​បាន​​ទិញ​អាវុធ​ទំនើប​ៗ​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ ​ប្រទេស​នេះ​មិន​មាន​កិច្ច​ព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​ ឬ​មហា​អំណាច​ពិភព​លោក​ណា​មួយ​ទេ​។​ ប្រទេស​ឥណ្ឌូនេស៊ី​ មិន​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន​ទេ​ តែ​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ទូក​នេសាទ​ចិន​ និង​នាវា​ឆ្មាំ​សមុទ្រ​ចិន​។​

ក្នុង​រដ្ឋបាល​ផ្ដាច់​ការ​របស់​លោក​ប្រធានាធិបតី​ Suharto​ ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​ តែ​ដោយសារ​លោក​ Suharto​ មាន​គោល​នយោបាយ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​លទ្ធិ​កុម្មុយនីស្ត ​ក្រុង​ហ្សាការតា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រ​ទេស​លោក​ខាង​លិច​ជា​ច្រើន​ ជាពិសេស​​សហរដ្ឋ​អាមេរិក​។ ​

នៅ​ឆ្នាំ ​១៩៧៥ ​អាមេរិក​បាន​គាំទ្រ​ការ​ឈ្លាន​ពាន​ទីម័រ​ខាង​កើត​ដោយ​ឥណ្ឌូនេស៊ី ​ហើយ​ក៏​បាន​ផ្គត់ផ្គង់​អាវុធ​ ដែល​រួម​មាន​យន្តហោះ​ចម្បាំង​សម្រាប់​ការ​ឈ្លាន​ពាន​ផង​ដែរ​។​ តែ​នៅ​ឆ្នាំ ​១៩៩៩​ អាមេរិក​បាន​​​ដាក់​ទណ្ឌកម្ម​ឈប់​លក់​អាវុធ​ឱ្យ​ឥណ្ឌូណេស៊ី​វិញ​ ដោយសារ​ការ​សម្លាប់​​រង្គាល​​ក្រុម​បាតុករ​ផ្ដាច់​ខ្លួន​ទីម័រ​។​ អាមេរិក​បាន​​ចាប់​ផ្ដើម​លក់​អាវុធ​ឱ្យ​ឥណ្ឌូនេស៊ី​វិញ​នៅ​ឆ្នាំ ​២០០៥ ​និង​បាន​ដក​ទណ្ឌកម្ម​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ ​២០១០​។​

យ៉ាង​ណា​មិញ​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ ដើម្បី​ចៀស​វាង​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រកួត​ប្រជែង​រវាង​ចិន​ និង​អាមេរិក​ ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​ប្រកាន់​យក​គោល​នយោបាយ​ មិន​ចូល​បក្ស​សម្ព័ន្ធ​ឱ្យ​តឹង​រ៊ឹង​ ដោយ​យក​គំរូ​តាម​ប្រទេស​ឥណ្ឌូនេស៊ី ​បច្ចុប្បន្ន​៕