ប្រទេស​អ៊ីស្រាអែល នឹង​រៀបចំ​ការ​បោះឆ្នោត​លើក​ទី៤ នៅ​ចុង​ខែ​មីនា ​ខាង​មុខ ខណៈ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ហាក់​មាន​សង្ឃឹម​ច្រើន ខណៈ​កម្មវិធី​វ៉ាក់សាំង​កូវីដ ១៩ របស់​លោក​ទើប​ទទួល​បាន​ជោគជ័យ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​បេក្ខភាព​ដទៃ​ពិបាក​នឹង​ប្រកួត​ប្រជែង​ជាមួយ​លោក​បន្តិច។ 

ប៉ុន្មាន​សប្តាហ៍ ក្រោយ​ការ​បោះឆ្នោត​ចុង​ក្រោយ​បង្អស់​របស់​អ៊ិស្រាអែល​កាល​ពី​ឆ្នាំ​មុន​ប្រទេស​អ៊ីស្រាអែល ​ត្រូវ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយសារ​ជំងឺ​កូវីដ​ ១៩។ ក្រោយ​មក នៅ​ខែ​ឧសភា លោក Netanyahu និង​គូប្រជែង​របស់​លោក គឺ​លោក Benny Gantz បាន​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​មួយ​ក្នុង​គោល​បំណង​រួមគ្នា​ទប់ទល់​នឹង​ជំងឺ​ក៏​ដូចជា​វិបត្តិ​សេដ្ឋកិច្ច ដោយ​អះអាង​ថា ប្រទេស​រឹងមាំ​លុះត្រា​មាន​ស្ថិរភាព​នយោបាយ។

សម្ព័ន្ធភាព​របស់​អ្នក​ទាំង ២ មាន​សុពលភាព​រយៈពេល ៣ ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​រំសាយ​ចោល​វិញ​នៅ​ក្នុង​ខែ​ធ្នូ នៅ​ពេល​ដែល Netanyahu បដិសេធ​មិន​អនុម័ត​ថវិកា​ឆ្នាំ ២០២១ បណ្ដាល​ឱ្យ​មាន​ការ​បោះឆ្នោត​ថ្មី ក្នុង​រយៈពេល ២ ឆ្នាំ​ប៉ុណ្ណោះ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែមីនា ​ខាង​មុខ។

លោក ​Netanyahu និង​លោក Gantz ព្រម​ទាំង​បេក្ខភាព​នយោបាយ និង​អ្នក​បោះឆ្នោត​ផង​ដែរ​នោះ សុទ្ធ​តែ​បាន​សម្តែង​ក្ដី​ព្រួយ​បារម្ភ​នឹង​វដ្ដ​យុទ្ធនាការ​ផ្សព្វផ្សាយ​គណបក្ស​មិន​ចេះចប់ មិនចេះ​ហើយ​នៅ​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​សម្រាប់​អ្នក​នយោបាយ​ជើង​ចាស់​ដូច​លោក Netanyahu នៅ​តែ​ស្វិតស្វាញ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បេក្ខភាព​នយោបាយ​ដទៃទៀត ដោយ​សង្ឃឹម​ថា អាច​នឹង​នាំមុខ​គេ ១ ជំហាន​ជាមួយ​នឹង​យុទ្ធនាការ​វ៉ាក់សាំង ដែល​ទទួល​បាន​ជោគជ័យ​របស់លោក។

បន្ថែម​ពី​នេះ អ្នក​នយោបាយ​អាយុ ៧០ ប្លាយ​រូប​នេះ​ ក៏​ធ្លាប់​បង្កើត​ព្រឹតិ្តការណ៍​ប្រវត្តិសាស្ត្រ​ធំធេង​មួយ​ដោយ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ប្រក្រតីកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​ប្រទេស​នៅ​អារ៉ាប់​ចំនួន ៤ ប្រទេស​ផង​ដែរ។

លោក​ធ្លាប់​អះអាង​ថា កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​អារ៉ាប់ រួម​មាន​អារ៉ាប់​រួម ប្រទេស​បារ៉ែន ប្រទេស​ម៉ារ៉ុក និង​ស៊ូដង់ ​បង្កើត​យុគសម័យ​ថ្មី​នៅ​មជ្ឈិមបូព៌ា និង​បំបិទ​មាត់​អ្នក​ដែល​តែង​ថា ការ​បង្កើត​ចំណង​រវាង​ប្រទេស​នៅ​លើ​ពិភពលោក​ជាមួយនឹ​ង​ប្រទេស​អ៊ីស្រាអែល នឹង​មិន​មាន​ភាព​ប្រសើរ​ទេ ប្រសិន​បើ​ជម្លោះ​ប៉ាឡេស្ទីន​មិន​ទាន់​ដោះស្រាយ​ចេញ។

ប៉ុន្តែ​បើ​ទោះបី មាន​ភាព​ជោគជ័យ​ស្តែងៗ​នៃ​គោល​នយោបាយ​របស់​លោក ​Neta nyahu យ៉ាង​ណា​ក្ដី ការ​ស្ទង់​មតិ​ត្រួសៗ បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធផល​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ថា លោក ​Netanyahu នឹង​ទទួល​ជ័យជម្នះ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ​ទៀត ដោយសារ​អ្នក​ខ្លះ​យល់​ថា លោក​ខ្វះ​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។

ឧទាហរណ៍​ការ​ស្ទង់មតិ​តាម​ទូរទស្សន៍​មួយ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​បាន​បង្ហាញ​ថា ស្ទើរតែ ១ ភាគ ៣ នៃ​អ្នក​បោះឆ្នោត​ជនជាតិ​អារ៉ាប់ អ៊ីស្រាអែល​ទាំង​អស់​ចង់​ឱ្យ​លោក ​Netanyahu ធ្វើជា​នាយករដ្ឋមន្ត្រី​ដដែល។

នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អ៊ីស្រាអែល​បង្ហាញ​ថា​ប្រមាណ ៣១% នៃ​អ្នក​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក Netanyahu បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ដដែល ខណៈ​ប្រមាណ ៥៦% ទៀត​មិន​គាំទ្រ​ឱ្យ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ត​ទៀត​ទេ។

យ៉ាងណា​មិញ ការ​ស្ទង់មតិ​នេះ​មិន​បាន​បង្ហាញ​ថា មាន​មនុស្ស​ប៉ុន្មាន​អ្នក ដែល​បាន​ចូលរួម​ធ្វើ​ការ​ស្ទង់មតិ​នេះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ពី​ហេតុផល​នានា ដែល​បេក្ខភាព​នីមួយៗ​នៅ​ខ្វះចន្លោះ។

ដោយឡែក ការ​ស្ទង់មតិ IDI មួយ​ផ្សេង​ទៀត​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា ប្រជាជន​អ៊ីស្រាអែល​ចំនួន ២៩% យល់​ថា ការ​បោះឆ្នោត​នាពេល​ខាងមុខ​នឹង​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​អំពី​សមត្ថភាព​នៃ​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ខណៈ​ពេល​នោះ អ្នក​គាំទ្រ​គណបក្ស Likud របស់​លោក Netanyahu មាន​សុទិដ្ឋិនិយម ពោល​គឺ​មាន​ចំនួន​ប្រមាណ ៥២%។

Colin Shindler អ្នក​សិក្សា និង​ជា​អ្នកនិពន្ធ​សៀវភៅ «The Rise of the Israel Right: from Odessa to Hebron» បាន​និយាយ​ថា ទោះបី​ជា​លោក Netanyahu ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូង​គេ ដែល​នៅ​តែ​កាន់​តំណែង បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ក្នុង​ពេល​កាន់​តំណែង​ក៏ដោយ ក៏​លោក Netanyahu អាច​នឹង​មាន​សង្ឃឹម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត នោះ​គឺ​ដោយសារ​តែ​អ្នក​បោះឆ្នោត​ទុក​ចិត្ត​លោក​ថា ជា​បុគ្គល​ស័ក្តិសម​នឹង​ដឹកនាំ​ប្រទេស​ទៀត៕