ក្រុងសេអ៊ូល: កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង បើក​កិច្ច​ជំនួប​កំពូល​លើក​ទី ៣ របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ ដោយ​បាន​បង្ក​ឲ្យ​មាន​ក្តី​សង្ឃឹម​ចំពោះ​ការ​ស្វែងរក​សន្តិភាព និង​ភាព​តាន​តឹង​ជា​ច្រើន​ឆ្នាំ​ជុំវិញ​បញ្ហា​នៃ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង បាន​ថយ​កម្តៅ។

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន នឹង​ជួបប្រជុំគ្នា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ម៉ូន ជេអ៊ីន នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​ភូមិ ១ ក្នុង​តំបន់​បទ​ឈប់​បាញ់ ក្នុង​ភូមិ​ប៉ាន់​ម៉ាន់ជុំ នៅ​តាម​បណ្តោយ​ព្រំដែន មុន​ពេល​ជំនួប​កំពូល​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ដែល​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​អំឡុង​ជា​ច្រើន​សប្តាហ៍​ខាង​មុខ។

កិច្ចប្រជុំ​នា​ថ្ងៃ​សុក្រ​នេះ​ធ្វើឡើង បន្ទាប់ពី​ភាព​តានតឹង​បាន​កើនឡើង​កាលពី​ឆ្នាំមុន​ខណៈ​កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​ត្រូវ​បាន​ហាម​ប្រាម​ខណៈ​លោក​ត្រាំ បាន​ធ្លាក់​ក្នុង​ជម្លោះ ពាក្យ​សម្តី ប្រកប​ដោយ​ការ​បង្ក​ហេតុ​យ៉ាង​ខ្លាំង​ជាមួយ​នឹង មេដឹកនាំ​របស់​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កាលពីមុន បាន​បើក​ជំនួប​កំពូល​នៅក្នុង​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុង​ឆ្នាំ ២០០០ និង​ក្នុង​ឆ្នាំ ២០០៧។

លោក​មូន ជេអុីន​ (ឆ្វេ​ង​) សន្ទនា​តាមទូ​រស័​ព្ទ​ជាមួយគីម ជុង​អ៊ុន។ AFP​

អាមេរិក និង​សហភាព​សូវៀត បាន​ឯកភាពគ្នា​បែងចែក​ឧបទ្វីប​កូរ៉េ​ជា ២ ចំណែក​រៀងៗ​ខ្លួន​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចុះ​ចាញ់​របស់​ជប៉ុន បាន​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ២ និង​ការ​គ្រប់គ្រង​អាណានិគម​និយម​របស់​ខ្លួន​លើ​ឧបទ្វីប​កូរ៉េ​នេះ។

នៅក្នុង​ខែមិថុនា ឆ្នាំ ១៩៥០ កូរ៉េខាងជើង​ដែល​កាន់​របប​កុម្មុយនីស្ត បានធ្វើការ​ឈ្លានពាន​កូរ៉េខាងត្បូង ដែល​កាន់​របប​មូលធន​និយម ដោយ​បាន​បង្ក​ឲ្យ​កើត​មាន​ជា​សង្គ្រាម​ដ៏​សាហាវ ដែល​បាន​សម្លាប់​មនុស្ស​រាប់លាន​នាក់។

ក្រុង​ប៉េកាំង​បាន​គាំទ្រ​ក្រុង​ព្យុងយ៉ាង​នៅក្នុង​ជម្លោះ អូសបន្លាយ​រយៈពេល ៣ ឆ្នាំ ខណៈ​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​កូរ៉េខាងត្បូង​ជា ក្រុម​សម្ព័ន្ធ​មិត្ត ដែល​បាន​ស្ថិតស្ថេរ​យូរ​អង្វែង។

ភាគី​ទាំង ២ បាន​ច្បាំង​គ្នា​រហូតដល់​ចំណុច​គាំងដំណើរ​ហើយ​ការបង្ក​សង្គ្រាម បានបញ្ចប់​នៅក្នុង​ឆ្នាំ ១៩៥៣ ជាមួយ​នឹង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ជា​ជាង​កិច្ច​ព្រម​ព្រៀង​ដើម្បី​ស្វែងរក​សន្តិភាព​ផ្លូវការ​មួយ ហើយ បើ​និយាយ​តាម​លក្ខណៈ​បច្ចេកទេស​គឺ​ពួកគេ​នៅ​មាន​សង្គ្រាម។ ក្រុង​ព្យុងយ៉ាង បាន​ធ្វើ​តេស្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដោយ​វាយ​ប្រហារ​លើ​កូរ៉េខាងត្បូង និង​បញ្ជូន​ទាហាន​កុម្ម៉ង់ដូ​ចំនួន ៣១ នាក់ ទៅ​ធ្វើ​ឃាត​អតីត ប្រធានា​ធិបតី​លោក Park Chung Hee៕