ក្រោយពី​ការជួបប្រជុំ​នៅ​ថ្ងៃ​ពុធ ទី ២៧ មករា សហភាព​អឺរ៉ុបនៅតែ​ស្ថិតក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន AstraZenca បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស-ស៊ុយអែត​នេះ បាន​ច្រានចោល​ការទាមទារ​ឱ្យ​ទាញយក​ការផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វីដ ១៩ របស់ពួកគេ ពី​រោងចក្រ​នៅ​អង់គ្លេស​មកកាន់​ទ្វីបអឺរ៉ុប​វិញ។

ប្រធាន​ភ្នាក់ងារ​សុវត្ថិភាព​ឱសថ និង​អាហារ​របស់​សហភាព​អឺរ៉ុប​លោកស្រី Stella Kyriakides បាន​និយាយ​ក្រោយ​ការជួបប្រជុំ​ថា៖ «យើង​សោកស្ដាយ​ចំពោះ​ការបន្ត​ខ្វះខាត​នៃ​ភាពច្បាស់លាស់​លើ​កាលវិភាគ​ផ្គត់ផ្គង់ និង​ផែនការ​ច្បាស់លាស់​ពី AstraZeneca ក្នុងការ​ផ្គត់ផ្គង់​រហ័ស​នៃ​បរិមាណ​វ៉ាក់សាំង​ដែល​យើង​បាន​កក់​ទុក​សម្រាប់ ត្រីមាស​ទី១»។

ជម្លោះ​នេះបានចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ ទី ២៥ នៅពេលដែល​ក្រុមហ៊ុន Astra Zeneca (AZN) បាន​ប្រាប់​មន្ត្រី​សហភាព​អឺរ៉ុប​ថា ក្រុមហ៊ុន​នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ដែល​ចំនួន​ដូ​ស​នឹងមាន​តិចតួច​ជាង​ចំនួន​បាន​ព្រមព្រៀង​គ្នា​ពីមុន ដោយសារតែ​បញ្ហា​ផលិតកម្ម​នៅ​រោងចក្រ​របស់​ពួកគេ​នៅ​បែលហ្ស៊ិក។ សហភាព​អឺរ៉ុប​អះអាងថា នេះ​ជាការ​រំលោភ​កិច្ចសន្យា ហើយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដូ​ស​វ៉ា​ក់សាំង​ផលិត​នៅ​តំបន់​ផ្សេងទៀត ដើម្បី​បំពេញ​ការខ្វះខាត៕