ក្រុងសេអ៊ូល៖ ភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង កំពុងឈានទៅរកចំណុចគ្រោះថ្នាក់ដោយរបបកុម្មុយនីស្តនេះ បានធ្វើតេស្តយោធាដោយគ្មានពេលកំណត់ ហើយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកូរ៉េខាងជើងថា អាចបាត់បង់អ្វីគ្រប់យ៉ាង ដោយសារទង្វើបង្កអារិភាពនេះ។
ប្រទេស កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានធ្វើតេស្តមួយដ៏សំខាន់ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណបនៅភាគពាយព្យរបស់ខ្លួន ជាកន្លែងបាញ់សាកល្បងរ៉ុក្កែតចម្ងាយឆ្ងាយកាលពីថ្ងៃមុននោះ និងថា ការតេស្តនោះ នឹងជួយផ្លាស់ប្តូរជំហរជាយុទ្ធសាស្ត្រនៅពេលអនាគតដ៏ខ្លីខាងមុខ។
ការតេស្តនោះ ជាការសាកសមត្ថភាពម៉ាស៊ីនបាញ់រ៉ុក្កែតបានបង្កឲ្យមានការភ័យខ្លាចថា ប្រទេស កូរ៉េខាងជើង នឹងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ប្រសិនបើអាមេរិកខកឱសានវាទនៅចុងឆ្នាំនេះ លោក គីម ជុងអ៊ុន បានជំរុញឲ្យក្រុងវ៉ាស៊ីនតោន បង្ហាញពីភាពបត់បែននៅក្នុងការចរចាពីបញ្ហាអាវុធនុយក្លេអ៊ែរដែលជាប់គាំង។
ការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលបង្កការគំរាមកំហែងផ្ទាល់ដល់ទ្វីបអាមេរិកអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតផ្ទាល់របស់លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងដ៏រឹងរូស នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតជាថ្មីយ៉ាងពេញទំហឹងនោះ៕ Yonhap/PSA