ភាពតានតឹងរវាងអាល្លឺម៉ង់ និងតួកគី បានកើនឡើងក្រោយពីទាហានជើងទឹកអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃបេសកកម្មយោធារបស់សហភាពអឺរ៉ុបបានឡើងឆែកឆេរនាវាដឹកទំនិញតួកគី ១ គ្រឿង ដោយមានការសង្ស័យថា កំពុងដឹកអាវុធខុសច្បាប់ទៅប្រទេសលីប៊ី។
កាលពីថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ក្រុមទាហានអាល្លឺម៉ង់ដែលចេញពីនាវាចម្បាំង Hamburg បានឡើងឆែកឆេរនាវាតួកគីមានឈ្មោះ Roseline-A តែរកមិនឃើញមានអាវុធនោះទេ ហើយបានចុះវិញ ក្រោយពីភាគីរដ្ឋាភិបាលតួកគីបានធ្វើការតវ៉ា។
បេសកកម្ម Irini របស់សហភាពអឺរ៉ុប ដែលជាអ្នកបញ្ជាឱ្យទាហានអាល្លឺម៉ង់ឆែកឆេរនាវានេះ គឺជាបេសកកម្មដែលអនុវត្តការហាមឃាត់ការដឹកជញ្ជូនអាវុធទៅកាន់លីប៊ីរបស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា ការឡើងឆែកឆេររបស់អាល្លឺម៉ង់ គឺជាអំពើ «ចោរកម្មសមុទ្រ» និងទីក្រុងអង់ការ៉ានឹង «ឆ្លើយតបនៅនឹងកន្លែង ក៏ដូចជាដំណើរការនីតិវិធីច្បាប់ និងនយោបាយ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp Karrenbauer បាននិយាយថា ការតវ៉ារបស់តួកគី គឺមិនសមហេតុផលទេ។
លោកស្រីបាននិយាយថា៖ «ទាហានមានអាកប្បកិរិយាត្រឹមត្រូវហើយបានធ្វើពិតប្រាកដស្របតាមការអនុញ្ញាតនៃបេសកកម្មអឺរ៉ុប Irini។
ការចោទប្រកាន់ ដែលត្រូវបានលើកឡើងប្រឆាំងនឹងទាហានគឺ មិនសមហេតុផលទេ»។
មន្ត្រីយោធាអាល្លឺម៉ង់បាននិយាយថា ពួកគេបាននិយាយថា ពួកគេបានជូនដំណឹងដល់ប្រទេសតួកគី ប្រហែល ៤ ម៉ោង មុនពេលឡើងឆែកឆេរហើយធ្វើប្រតិបត្តិការ បន្ទាប់ពីទីក្រុងអង់ការ៉ា ខកខានមិនបានឆ្លើយតបទៅនឹងសេចក្ដីជូនដំណឹងនេះ។
តួកគីបានបដិសេធថា ខ្លួនមិនបានឆ្លើយតបដោយនិយាយថា កងកម្លាំងមិនអើពើនឹងសារជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ដែលត្រូវបានផ្ញើដោយអាជ្ញាធរតួកគីមុនពេលឡើងឆែកឆេរ។
កាលពីថ្ងៃចន្ទ ទី ២៣ រដ្ឋាភិបាលតួកគីបានកោះហៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងអ៊ីតាលីប្រចាំក្រុងអង់ការ៉ា ដើម្បីធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការឆែកឆេររបស់អាល្លឺម៉ង់។
នេះជាចំណុចប៉ះទង្គិចចុងក្រោយបំផុតរវាងសហភាពអឺរ៉ុប និងតួកគី ដោយភាគីទាំង ២ ក៏បានប៉ះទង្គិចគ្នាទាក់ទងនឹងការរុករកឥន្ធនៈនៅតំបន់សមុទ្រមេឌីទែរ៉ាណេដោយតួកគី ដែលតំបន់នេះ គឺជាដែនទឹកមានទំនាស់ជាមួយក្រិក និងស៊ីប។
ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស Heiko Maas បានព្រមានតួកគីថា បើសិនដកខ្លួនចេញពីតំបន់នេះ ពួកគេអាចនឹងរងទណ្ឌកម្មពីសហភាពអឺរ៉ុប៕