ក្រុង​តេអេរ៉ង់ៈ ​ភាព​តានតឹង​រវាង​ក្រុង​តេអេរ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន​ បាន​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​ឡើង​ ចាប់​តាំង​ពី​ខែ​មុន​ នៅ​ពេល​អាមេរិក​បាន​ដាក់​កង​ការពារ​​បដិវត្តន៍​អ៊ីរ៉ង់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​អង្គការ ​«​ភេរវកម្ម​» ​របស់​ខ្លួន​ ហើយ​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សាធារណរដ្ឋ​អ៊ិស្លាម​មួយ​នេះ​បន្ថែម​ទៀត​។​

កាល​ពី​ថ្ងៃ​ទី ​៨​ ខែ ​មេសា​ ក្រុង​វ៉ាស៊ីនតោន​ បាន​ប្រកាស​ថា​ កង​ការពារ​​បដិវត្តន៍​អ៊ិស្លាម​ជា​ក្រុម ​«ភេវរកម្ម​»​ ហើយ​ជា​កង​កម្លាំង​មនោគមន៍​វិជ្ជា​របស់​របប​អ៊ីរ៉ង់​។​

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា ​នេះ ​គឺ​ជា​លើក​ទី​១ ​ហើយ​ ដែល​​លោក​បាន​​ចាត់​ទុក​​ផ្នែក​នៃ​​រដ្ឋាភិបាល​បរទេស​មួយ​នេះ​ថា​ ជា​ក្រុម​ភេរវកម្ម​​។​

កង​កម្លាំង​ prized Quds ​ជា​កង​កម្លាំង​របស់​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​អាមេរិក​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ខ្លួន​​។​

នាវា​​សម្រាប់​ដឹក​យន្តហោះ​ និង​​ជា​​​មូលដ្ឋាន​ដែល​យន្តហោះ​​អាច​ចុះ​ចត​បាន​ USS Abraham Lincoln។ AFP

ក្រោយ​មក ​អ៊ីរ៉ង់ ​បាន​ចោទ​ប្រកាន់​អាមេរិក​ពី​បទ​ធ្វើ​ជា ​«មេ​ដឹកនាំ​ភេវរកម្ម​របស់​ពិភព​លោក​»​ យ៉ាង​ពិត​ប្រាកដ​។​ អ៊ីរ៉ង់​បាន​និយាយ​ថា​ កង​កម្លាំង​អាមេរិក​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​មជ្ឈិមបូព៌ា ​ចាប់​ពី​ប្រទេស អាហ្រ្វិក រហូត​ដល់​អាហ្វហ្គានីស្ថាន​ គឺ​ជា​ក្រុម​អង្គការ​ «ភេវរកម្ម​» ​ផង​ដែរ​។​

កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ ​ឧសភា​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ​លោក ​ចន​ បូលតុន​ ​បាន​ប្រកាស​ថា ​មន្ទីរ​បញ្ចកោណ​ កំពុង​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ USS Abraham Lincoln ​និង​​កង​កម្លាំង​ទម្លាក់​គ្រាប់​បែក​ទៅ​កាន់​តំបន់​​មជ្ឈិមបូព៌ា​។​

លោក ចន បូលតុន​ ​បាន​ថ្លែង​ថា​៖ «​អាមេរិក​មិន​មែន​​ស្វែងរក​ធ្វើ​សង្គ្រាម​ជាមួយ​របប​អ៊ីរ៉ង់​​ទេ​ ប៉ុន្តែ​យើង​ត្រូវ​បាន​រៀបចំ​ឲ្យ​បាន​ពេញ​លេញ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ជាយថាហេតុ​ ថា​តើ​កើត​ឡើង​ដោយ​សារ​តែ​ក្រុម​កង​ការពារ​បដិវត្តន៍​អ៊ិស្លាម​ ឬ​ កង​កម្លាំង​ជាតិ​អ៊ីរ៉ង់​នោះ​ទៅ​វិញ​ទេ​ ជា​អ្នក​បង្ក​ឡើង​»។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​អាមេរិក​ Patrick Shanahan មក​ដល់​ដើម្បី​ប្រជុំ​សម្ងាត់​អំពី​បញ្ហា​អ៊ីរ៉ង់។ AFP

កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ ​ឧសភា​ អាមេរិក ​បាន​ថ្លែង​ថា ​ខ្លួន​កំពុង​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក ​B-52 ជា​ច្រើន​គ្រឿង​ទៅ​កាន់​ឈូង​សមុទ្រ​នោះ​ ដែល​មាន​ការ​​ឯកភាព​ពី​មន្ទីរ​បញ្ចកោណ​ ដោយ​បាន​ថ្លែង​ថា​ អាមេរិក​នឹង​ដាក់​ពង្រាយ​មីស៊ីល​​ Patriot ​និង​នាវា​ចម្បាំង​ទាំង​នៅ​ក្នុង​ទឹក​ និង​លើ​គោក​នៅ​ក្នុង​តំបន់​នោះ​។​

កាល​ពី​ថ្ងៃទី ៨​ ខែ ​ឧសភា ​អ៊ីរ៉ង់​បាន​ថ្លែង​ថា​ ខ្លួន​កំពុង​រៀបចំ​ចម្រាញ់​ជាតិ​​អ៊ុយរ៉ានីញ៉ូម​ និង​ផលិត​អាវុធ​បាញ់​ចេញ​ពី​ទឹក​ធុន​ធ្ងន់​បន្ថែម​ទៀត​ ថា​ជា​ផ្នែក​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​ការ​ប្តេជ្ញា​ចិត្ត​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ឡើង​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​ ជាមួយ​ក្រុម​ប្រទេស​មហា​អំណាច​ពិភព​លោក​ធំៗ​​ទាំង​នោះ​។​

១ ឆ្នាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគី​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ​ដោយ​​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទៀត​ទៅ​លើ​ប្រទេស ​អ៊ីរ៉ង់​៕ AFP/SK​