ថ្ងៃបុណ្យ Thanks Giving គឺជាថ្ងៃដែលពលរដ្ឋអាមេរិកសម្រាកពីការងារ ដើម្បីជួបជុំគ្រួសារ និងជប់លៀងហូបអាហាររួមគ្នានៅចុងខែវិច្ឆិកា ជាងរៀងរាល់ឆ្នាំ។ តែសម្រាប់ ឆ្នាំ ២០២០ នេះ ពលរដ្ឋអាមេរិករាប់លានគ្រួសារត្រូវរំពឹងលើសប្បុរសជន ដើម្បីមានអាហារហូបចុកនៅថ្ងៃបុណ្យនេះ បន្ទាប់ពីការកើនឡើងនៃការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូល ដោយសារតែបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19។
របាយការណ៍នៃការស្ទង់មតិដោយការិយាល័យជំរឿនអាមេរិកពីចុងខែតុលា ដល់ដើមខែវិច្ឆិកា បានបង្ហាញថា មានតិចជាងពាក់កណ្ដាលនៃគ្រួសារអាមេរិក ដែលមានកូនបានឆ្លើយថា ពួកគេ «មានទំនុកចិត្តយ៉ាងខ្លាំង» ថានឹងមានថវិកាគ្រប់គ្រាន់សម្រាប់ទិញអាហារសម្រាប់ខែក្រោយ។ ប្រមាណ ៥,៦ លានគ្រួសារ បានឆ្លើយថា ពួកគេមានការលំបាកក្នុងទិញអាហារសម្រាប់រយៈពេលប៉ុន្មានសប្ដាហ៍មុននេះ។
របាយការណ៍ដដែលបង្ហាញថា គ្រួសារដែលមិនមែនជាជនជាតិស្បែកស គឺរងឥទ្ធិពលខ្លាំងជាងគេ ដោយគ្រួសារជនជាតិស្បែកខ្មៅប្រមាណ ២៧% និងគ្រួសារជនជាតិឡាតីនប្រមាណ ២៣% បានឆ្លើយថា ពួកគេមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគក្នុងពេលខ្លះ ឬជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុន បើប្រៀបធៀបនឹងគ្រួសារស្បែកស ប្រមាណ ១២% ដែលឆ្លើយបែបនេះ។
អ្នកវិភាគមួយចំនួនបានប្រៀបធៀបស្ថិតិឆ្នាំនេះទៅនឹងស្ថិតិពីឆ្នាំ ២០១៩ ដែលបានបង្ហាញថា ភាពអត់ឃ្លានក្នុងគ្រួសារដែលមានកូន បានកើនឡើង ៣ ដង និងអសន្តិសុខស្បៀងបានកើនឡើងទ្វេដង។ កាលពីខែកញ្ញា សភាអាមេរិកបានអនុម័តបញ្ចេញថវិកាសង្គ្រោះសេដ្ឋកិច្ចចំនួន ២,២ ពាន់លានដុល្លារ ដើម្បីជួយឧបត្ថម្ភពលរដ្ឋដែលបាត់បង់ការងារ និងជួយគាំទ្រកម្មវិធីចែកចាយអាហារ។ តែឥទ្ធិពលនៃថវិកានេះ គឺមានអាយុកាលខ្លី ហើយថវិកាភាគច្រើន បានប្រើអស់នៅចុងខែកញ្ញា។
បញ្ហាភាពអត់ឃ្លានបច្ចុប្បន្នក៏អាចនឹងពិបាកជាងមុន ខណៈពេលដែលករណី COVID-19 ស្ទុះឡើងម្ដងទៀតនៅទូទាំងសហរដ្ឋអាមេរិកធ្វើឱ្យទីក្រុង និងរដ្ឋមួយចំនួនត្រៀមបិទការធ្វើដំណើរចេញចូលពីគេហដ្ឋាន។ ពលរដ្ឋអាមេរិកជាច្រើន ស្លន់ស្លោដណ្ដើមគ្នាប្រមូលទិញយកម្ហូបអាហារ និងផលិតផលផ្សេងៗស្តុកទុកជាថ្មី ធ្វើឱ្យមានការប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
ផ្សារធំៗដូចជា Walmart, Kroger, Publix, និង H-E-B បានបង្ហាញការព្រួយបារម្ភអំពីកង្វះអាហារ និងផលិតផលប្រើប្រាស់ដូចកាលពីខែមីនា។ ផ្សារទាំងនេះបានសម្រេចធ្វើការកំណត់ចំនួនអាហារ និងផលិតផលដូចជាសាច់គ្រឿងកំប៉ុងម្ហូបអាហារ និងក្រដាសអនាម័យដែលអាចទិញដោយភ្ញៀវ ១ រូប ដើម្បីធានាថា មានគ្រប់គ្រាន់សម្រាប់ភ្ញៀវទាំងអស់។ គេរំពឹងថា ផ្សារទាំងនេះបានត្រៀមខ្លួនផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់ការសម្រុកមកទិញរបស់ពលរដ្ឋ៕