កោះបាលីប្រទេសឥណ្ឌូនេស៊ី បានបណ្តេញភ្ញៀវទេសចរដែលល្មើសនឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ ១៩។ អ្នកដែលមិនគោរពវិធានការទប់ស្កាត់កូវីដ ១៩ ថ្មីៗនេះមានអ្នកដែលមានឈ្មោះល្បីនៅតាមបណ្តាញសង្គមផងដែរ។
អ្នកដែលមានភាពល្បីល្បាញនៅតាមបណ្តាញសង្គមម្នាក់ថ្មីៗនេះ បានជិះម៉ូតូចូលទីក្នុងសមុទ្រ។ បន្ថែមពីនេះ បុគ្គល ២ រូបទៀត ក៏ត្រូវបានបណ្តេញចេញពីកោះបាលីនោះដោយសារពួកគេមិនពាក់ម៉ាស់បានគូររូបម៉ាស់នៅលើមុខរបស់ខ្លួននៅពេលដែលទៅផ្សារទំនើប។
យោងតាមក្រសួងយុត្តិធម៌ឥណ្ឌូណេស៊ីមនុស្ស ១៦០ នាក់ ត្រូវបានបណ្តេញចេញពីកោះបាលី កាលពីឆ្នាំមុនពីបទល្មើសផ្សេងៗ។ ឆ្នាំនេះ អាជ្ញាធរនៅលើកោះនេះ បានបណ្តេញមនុស្សជាង ៦០ នាក់។
តួលេខនៅឆ្នាំនេះរួមមានអ្នកបង្កើតមាតិកានៅលើយូធូប (YouTube) របស់តៃវ៉ាន់លោក Josh Paler Lin រួមជាមួយជនជាតិរុស្ស៊ីឈ្មោះ Leia Se ក្នុងការព្យាយាមចូលទៅក្នុងផ្សារទំនើបដោយមិនពាក់ម៉ាស់ និងគូររូបម៉ាស់នៅលើមុខ ដើម្បីជាការបោកបញ្ឆោតសន្តិសុខផ្សារអនុញ្ញាតឱ្យពួកគេចូលទៅក្នុងផ្សារ។
មុនពេលបណ្តេញចេញពីកោះបាលី ពួកគេទាំង ២ បានបង្ហោះវីដេអូសុំទោសតាមអ៊ីនធឺណិត។ លោក Lin បាននិយាយថា៖ «គោលបំណងនៃការបង្កើតវីដេអូនេះមិនមែនជាការមិនគោរព ឬជំរុញ មនុស្សគ្រប់គ្នាមិនពាក់ម៉ាស់នោះទេ។ ខ្ញុំបានបង្កើតវីដេអូនេះ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនាវីដេអូខ្ញុំ ពីព្រោះខ្ញុំជាអ្នកបង្កើតមាតិកាហើយវាជាការងាររបស់ខ្ញុំ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនា»។
កាលពីខែមករាអ្នកដែលល្បីនៅលើបណ្តាញសង្គមជនជាតិរុស្ស៊ីលោក Sergey Kosenko ត្រូវបានបណ្តេញចេញពីកោះបាលីបន្ទាប់ពី បានបង្ហោះវីដេអូដែលលោកចូលរួមពិធីជប់លៀងដោយមិនបានគោរពតាមវិធានការទប់ស្កាត់ការរីករាលដាលកូវីដ ១៩។ លោកក៏បានបង្ហោះវីដេអូរបស់លោក និងមិត្តភក្តិម្នាក់ទៀតបើកម៉ូតូចេញចូលទៅក្នុងសមុទ្រផងដែរ។ លោកបានធ្វើការសុំទោសនៅលើគណនីបណ្តាញសង្គមរបស់លោក។
លោកI PutuAstawa ប្រធានទីភ្នាក់ងារទេសចរណ៍កោះបាលីបាននិយាយថា ប៉ូលិសយោធានិងមន្ត្រីសណ្តាប់ធ្នាប់សាធារណៈ នឹងត្រូវដាក់ពង្រាយ ដើម្បីតាមដានឥរិយាបថរបស់ភ្ញៀវទេសចរ។
លោក Astawa បាននិយាយថា៖ «យើងនឹងមិនអត់ឱនឱ្យទេ។អ្នកទាំងនេះកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្រុមការងាររបស់យើងបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារកូវីដ ១៩»។
លោកបាននិយាយបន្តថា៖ «ពួកគេកំពុងធ្វើជាគំរូអាក្រក់ដល់អ្នកដទៃ។លើសពីនេះទៀតពួកគេមិនគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនេះទេ។ យើងត្រូវបង្ហាញថាយើងមិនអត់ឱន ចំពោះអាកប្បកិរិយាបែបនេះហើយច្បាប់ត្រូវអនុវត្តចំពោះមនុស្សគ្រប់គ្នា»។
លោក AzrilAzahari អ្នកវិភាគទេសចរណ៍ និងជាប្រធានសមាគមទេសចរណ៍ឥណ្ឌូណេស៊ី (Indonesia Tourism Intellectual Association) បាននិយាយថា ការបញ្ចុះតម្លៃសេវាកម្មនៅកោះនេះបានទាក់ទាញជនបរទេសដែលកំពុងស្វែងរកកន្លែងស្នាក់នៅមានតម្លៃថោកកំឡុងពេលនៃរោគរាតត្បាតជំងឺនេះ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងលើកទឹកចិត្តប្រជាជនឱ្យមកប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែភ្ញៀវទេសចរភាគច្រើននៅតែមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរជាពិសេសប្រទេសនេះ កំពុងមានការរីករាលដាលកូវីដ ១៩ ខ្លាំង៕